• 2023-02-13 15:55:41
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ហាប់គីដូ​ ប្រគល់​វិញ្ញាបនបត្រ​ដល់​គ្រូ​បង្គោល​ ១០​រូប​ពង្រីក​វិសាលភាព​ក្បាច់​គុន​

  • 2023-02-13 15:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី១២​ កុម្ភៈ​ ២០២៣​ បាន​ធ្វើ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​គ្រូ​បង្គោល​ចំនួន​ ១០រូប​ក្រោយ​ហ្វឹកហាត់​ច្រើន​ខែ​រួច​មក​ ស្របពេល​នោះ​ដែរ​ក៏​មាន​ការ​សម្ដែង​ស្នៀត​ផ្សេងៗ​ពី​សិស្ស​គុន​ផង​ដែរ។​

រូបភាពសហព័ន្ធ

លោក​ គួច​ ហុងជៀក​ អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ​សហព័ន្ធ​ធ្វើ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​មន្ត្រី​បណ្ឌិត​សភា​នគរបាល​កម្ពុជា​ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​កម្រិត​មធ្យម។​

លោកអនុប្រធានប្រគល់ជូនសិក្ខាកាម

ជា​មួយ​គ្នា​នេះ​ដែរ​អនុប្រធាន​សហព័ន្ធ​ខាង​លើ​ក៏​បាន​ថ្លែង​អំណរគុណ​សិក្ខាកាម​ដែល​ជា​មន្ត្រី​ថ្នាក់ដឹកនាំ​នគរបាល​ចំណាយ​ពេល​មក​ហ្វឹកហាត់​កីឡា​ហាប់គីដូ​ដើម្បី​សុខភាព​ និង​ពង្រឹង​កាយសម្បទា​នៅ​វគ្គ​នេះ។​ លោក​ជឿជាក់​ថា​សិក្ខាកាម​នឹង​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ ឬ​បង្ហាត់​បង្រៀន​ពង្រីក​វិសាល​ភាព​ក្បាច់​គុន​នេះ​ដល់​អ្នកដទៃ​ផ្សេង​ទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​ក៏​ដូច​ជា​សម្រាប់​ការពារ​ខ្លួន​ផង​ដែរ។​

រូបភាពសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​គ្រូ​បង្គោល​បណ្ឌិត​សភា​នគរបាល​កម្ពុជា​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​ហ្វឹកហាត់​លើដំបូល​អគារ​សូហ្វតិន្នីស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ សិស្ស​គុន​ទាំង​ចាស់​ និង​យុវជន​បាន​សម្ដែង​ស្នៀត​ពិសេស​ដូច​ជា​មេគុន​ ស្នៀត​កាច់​ ស្នៀត​ការពារ​ខ្លួន​ ១ទល់​៣​ និង​បំបែក​ឥដ្ឋ​តាន់​ជា​ដើម៕​

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់