• 2024-04-29 03:33:24
  • បាល់ទាត់

ប្រធាន​ក្រុម​បាល់​ទាត់ CFSS បញ្ជាក់​ពីវត្ដមាន​សម្ដេច​តេជោ​ក្នុង​ព្រឹត្ដិការណ៍​បាល់ទាត់មិត្ដភាពសប្បុរសធម៌

  • 2024-04-29 03:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹម​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០២៤ នេះ គឺ​នៅ​សល់​តែ ៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្ដិការណ៍​កីឡាបាល់ទាត់​មិត្ដភាព​សប្បុរសធម៌ នឹង​ចាប់​ផ្ដើម​ហើយ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ដំណឹង​ស្ដី​ពី​វត្ដមាន​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ព្រឹត្ដិកាណ៍​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន ជា​ពិសេស​ក្រុម​ឧកញ៉ា និង​សប្បុរជន​ដែល​កំពុង​បន្ដ​ចូល​រួម​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម។ ប៉ុន្ដែ​ចម្ងល់​​ខ្លះ​ត្រូវ​បាន​ចោទឡើងចំពោះ​វត្ដមានរបស់សម្ដេចតេជោ ដោយអ្នកខ្លះឆ្ងល់ថា​តើ​សម្ដេច​នឹង​ចូល​ទាត់​ដែរ​​ ឬយ៉ាងណា?

តាម​រយៈ​សន្និសីទសារព័ត៌មាន​មួយ​នាផ្សារទំនើបជីបម៉ុង ២៧១ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា ប្រធាន​ក្រុម​បាល់ទាត់​តារាកម្ពុជា(CFSS) គឺ​លោក ប៉ុន សុណារិន ហៅ​ខេម បានបញ្ជាក់​ច្បាស់ៗ​ថា សម្ដេច​គឺ​ជា​ប្រធាន​កិត្ដិយស ហើយ​ដឹកនាំ​ការប្រកួត​ក្នុង​ក្រុម​របស់​លោក​ដោយ​ផ្ទាល់ ប៉ុន្ដែ​សម្ដេច​លោក​នឹង​មិន​ចូល​ទីលានទាត់ដោយ​ផ្ទាល់​នោះ​ទេ។

លោក ប៉ុន សុណារិន៖ "ច្បាស់​ណាស់​សម្ដេច​ដែល​ជា​ឪពុក នៃ​យើង​គាត់​នឹង​មិន​ចូល​ទាត់​ដោយ​ផ្ទាល់​ទេ លោក​លោក​ជា​អ្នក​បញ្ជាតែ គាត់​ជា​អ្នក​បញ្ជា​ក្រុម។ ជា​មហា​កិត្ដិយស​ដែល​សម្ដេច​បាន​ដឹកនាំ​ក្រុម និង​ជា​គ្រូ​បង្វឹក​កិត្ដិយស​ដោយ​ផ្ទាល់​ទៀត ដូច្នេះ​កាយវិកា​សប្បុរសធម៌​នេះ​នឹង​រីកដុះដាល​កាន់​តែ​ធំ​ទៅៗ"។

បើ​តាម​ប្រធាន​ក្រុម​បាល់ទាត់​រូប​នេះ ទឹក​ប្រាក់​សម្បុរស​ធម៌​ដែល​ក្រុម​បាល់ទាត់​រាតា​កម្ពុជា ទទួល​បាន គឺ​បាន​កើន​ឡើង​ជិត ៤​លាន​ដុល្លារ។ ក្នុង​នោះ​មាន​ទឹកប្រាក់​ចំនួន ២០០​លាន​រៀល ជា​ជំនួយ​ដ៏​សម្ដេច។ បច្ចុប្បន្ន​នៅ​មាន​សម្បុរសធម៌​បន្ដ​ឧបត្ដម្ភ​ទៀត ដោយ​ដឹង​ថា​សម្ដេច​ជា​អ្នក​ដឹកនាំ​ការ​ប្រកួត​នេះ​ដោយ​ផ្ទាល់។

ទោះ​ជា​យ៉ាង​ណា ខេម បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ទាំង​នៅ​លើ​បណ្ដាញ​សង្គម និង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​រួម​គាំទ្រ​ជា​ថវិកា ឬ​ទស្សនា​ដោយ​ផ្ទាល់ ហើយ​ថវិកា​ដែល​ក្រុម​លោក​ទទួល​បាន​នេះ​មិន​ទុក​សម្រាប់​ក្រុម ឬ​បុគ្គលណា​ឡើយ គឺ​ត្រូវ​ប្រគល់​ទៅ​មន្ទីរពេទ្យ​គន្ធាបុប្ផា​ទាំង​អស់​នៅ​ក្រោយ​ការ​ប្រកួត​ចប់។

សូម​បញ្ជាក់​ថា ព្រឹត្ដិការណ៍​ប្រកួត​កីឡា​បាល់ទាត់​មិត្ដិភាព​សម្បុរសធម៌​នេះ នឹង​រៀបចំ​ឡើង​ក្នុង​ថ្ងៃ​ទី១ ខែ​ឧសភា ត្រូវ​ចំ​ថ្ងៃ​ទិវា​ពលកម្ម​អន្ដរជាតិ ឆ្នាំ​២០២៤។ កម្ពុជា​បាន​រៀបចំ​ព្រឹតិការណ៍​នេះ​ឡើង ក្រោម​មូលបទ "រួម​គ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿង​ញៀន"។

ព្រឹត្ដិកាណ៍​ដែល​បើក​ឲ្យ​មហាជន​ចូល​ទស្សនា​ដោយ​សេរី នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នេះ នឹង​មាន​សមាជិក​ក្រុម​បាល់​ទាត់​ល្បីៗ​ក្នុង​វិស័យ​សិល្បៈ និង​វិស័យ​កីឡា​នៅ​កម្ពុជា។ ក្នុង​នោះ​ក្រុម​ដែល​នឹង​ត្រូវ​ប៉ះជើង​គ្នា​នៅ​លើ​ទីលាន គឺ មាន​ក្រុម​បាល់ទាត់​តារា​កម្ពុជា ក្រុម​បាល់ទាត់​អ្នក​បង្កើត​មាតិកា ក្រុម​បាល់ទះ S&E ALL STAR និង​ក្រុម​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី