• 2024-04-29 03:35:00
  • បាល់ទះ

អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ មិននឹកស្មានក្រុមខ្លួនលើកពានដ៏ធំ៤ស្មើទូទាំងប្រទេសឡើយ

  • 2024-04-29 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដ្បិតគេមិននឹកស្មានថាក្រុមសមាគមបាល់ទះវិសាខាអាចលើកពានបាល់ទះ៤ស្មើទូទាំងប្រទេសដ៏ធំនិងដំបូងគេបង្អស់នៅកម្ពុជា WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះឡើយ។

ការមិននឹកស្មានដល់នេះ ដោយសារតែកីឡាករកើតនៅឆ្នាំ១៩៩៥ យល់ឃើញថាក្រុមក្រសួងមហាផ្ទៃ A ដែលជាគូប្រជែងនៅវគ្គ​ផ្ដាច់​​ព្រ័ត្រ​ជាក្រុមខ្លាំងមួយសំបូរកីឡាករឆ្នើមៗ ជាក្រុមមួយដែលមានការការពារនិង​​ការ​វាយប្រយុទ្ធល្អ ជាពិសេសពួក​គេបានយកឈ្នះក្រុមជើងខ្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលមានកីឡាករល្បីៗដូចជា អធិរាជប្រអប់ស្មាត់រាជ យុនស្រែស្រែ ទូចអង្គរក្ស នួន វិចិត្រ លុច គឹមស៊ាន ថេងហ្រ្វាំងនិងកីឡាករឆ្នើមៗផ្សេងទៀត ៣ សិតទល់នឹង២សិត មុនឡើងទៅ​កាន់​វគ្គ៤ក្រុមចុងក្រោយ។

មិនតែប៉ុណ្ណោះ សួន ចាន់ណារ៉ូ មើលឃើញថានៅវគ្គ៤ក្រុមចុងក្រោយ ក្រសួងមហាផ្ទៃ A កាន់តែធ្វើបានល្អដោយពួកគេបានយកឈ្នះក្រុមខ្លាំង​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ក្នុងលទ្ធល ៣សិតសូន្យឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

កីឡាករទម្ងន់ ៩០គីឡូកម្ពស់១,៩០ម៉ែត្រ បានប្រាប់ដូច្នេះថា ៖«ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន​ ព្រោះ​ដោយសារ​​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ខ្ញុំ​បាន​ជើង​ឯក​ទេ នេះ​និយាយ​ចេញ​ពី​ចិត្ត​ត្រង់​ ដោយ​សារ​កាល​ពី​ម្សិល​មិញ​ខ្ញុំ​បាន​មើល​ក្រសួង​មហាផ្ទៃ​លេង​ដែរគឺ​គាត់​ល្អ​មែន​ទែន​ ចឹង​ខាង​ខ្ញុំ​ក៏​ពិបាក​លេង​ជាមួយ​គាត់​ដែរ​ តែ​មិន​នឹក​ស្មាន​ថា​ថ្ងៃ​ហ្នឹង​យើង​អាច​ផ្លាស់​ប្ដូរ​ហ្គេម​ដែល​ធ្វើ​ឱ្យ​គាត់​ពិបាក​ជាង​យើង​​​វិញ​»។

អ្នកប៉ះសេ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​បាន​បង្ហើប​ទៀត​ថាអ្វី​ដែល​ធ្វើ​ឱ្យ​វិសាខា​ A ឈ្នះ​ក្រសួង​មហាផ្ទៃ A គឺ​ដោយសារ​មិត្ត​រួម​ក្រុម​​របស់​គេ​មាន​ផ្លែ​សេវា​មុត​ល្អ​ស្មើ​ដៃ​គ្នា ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​ឆ្នើមៗក្រសួងមហាផ្ទៃ ធី ម៉េងហួង, មឿន ម៉េងឡាយ, និង​ឈួន ប្រសិដ្ឋ ពិបាក​ចាប់​ ចំណែក​ ប៊ន ណារិទ្ធ ក៏​ពិបាក​ប៉ះសេ​ដែរ ដែល​នេះ​ហើយ​ជា​ចំណុច​ខ្សោយ​របស់​សមាគម​បាល់​ទះ​ក្រសួង​មហាផ្ទៃ។

គួរ​បញ្ជាក់​ថា​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ ក្រុម​សមាគម​បាល់ទះ​វិសាខា​ពិតជា​សហការគ្នា​បាន​ល្អ​ណាស់ ហើយ​សមាជិក​ក្រុម​ទាំង​អស់​​មាន​​ផ្លែ​សេវា​ល្អ​ស្មើ​ដៃ​គ្នា​ ជាពិសេស​កីឡាករ​ល្បី​ឈ្មោះ​​មក​ពី​ខេត្ត​ព្រៃវែង​ សឿន ហេង តែ​ម្ដង​ ហើយ​សឿន​ហេង​ទៀត​សោត​ក៏​ទទួល​បាន​ពាន​រង្វាន់​ឯក​ត្តជន​ជា​កីឡាករ​វាយ​សេវា​ល្អ​ជាង​គេ​បំផុត​​ប្រចាំ​ព្រឹត្តិការណ៍៕

អត្ថបទ៖ Um Sopheak

មតិយោបល់