/6645fb5a7ee27_1715862360_medium.jpg)
- 2024-05-16 12:28:19
- បាល់ទាត់
Bayern និង Tuchel ដូរចិត្ត ហើយអាចនឹងត្រូវគ្នាវិញ
- 2024-05-16 12:28:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bayern និង Tuchel ដូរចិត្ត ហើយអាចនឹងត្រូវគ្នាវិញ
ចន្លោះមិនឃើញ
ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich និងអ្នកចាត់ការ Thomas Tuchel កំពុងចរចាគ្នា រឿងតកុងត្រាថ្មី។ ភាគីទាំងពីរហាក់ដូរចិត្ត ហើយខិតកាន់តែជិតរឿងកុងត្រាថ្មី។
របាយការណ៍ចុងក្រោយមួយចំនួនចុះផ្សាយដោយសារព័ត៌មានធំៗបានឲ្យដឹងថា Bayern កំពុងចរចាកុងត្រាថ្មីជាមួយអ្នកចាត់ការ Tuchel។ នេះបើទោះជាភាគីទាំងពីរ បានប្រកាសជាសាធារណៈជាច្រើនដងហើយ ថានឹងមិនចរចាគ្នាទៀតទេ។ បើឯកភាពគ្នា Bayern និង Tuchel នឹងចុះកិច្ចព្រមព្រៀងថ្មីឆាប់ៗ។
កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ក្លឹប Bayern និងអ្នកចាត់ការក្លឹបលោក Tuchel បានសម្រេចចែកផ្លូវគ្នា នាពេលចប់រដូវកាល ២០២៣/២០២៤។ នេះបើទោះជាកុងត្រារបស់ Tuchel មានសុពលភាពរហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៥។ ការចែកផ្លូវនេះ ត្រូវបានអ្នកវិភាគជាច្រើន ថា ដោយសារ Tuchel មិនមានសមត្ថភាពដឹកនាំធ្វើឲ្យក្រុម Bayern មានទម្រង់លេងល្អ។ ខ្លះអះអាងថា លោកមិនមានទំនាក់ទំនងល្អជាមួយកីឡាករមួយចំនួននៅក្លឹប។
ទោះជាយ៉ាងណា តាំងពីប្រកាសចែកផ្លូវមក ក្រុម Bayern បានកើនទម្រង់លេងវិញ។ តួយ៉ាងក្លឹបបានតស៊ូឡើងរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី UEFA Champions League។ ទោះធ្លាក់ត្រឹមវគ្គ Semi Final ក្លឹបបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងពេលលេងជាមួយ Real Madrid។ ការណ៍នេះធ្វើឲ្យអ្នកអធិប្បាយមួយចំនួន លើកឡើងថា បានផ្លាស់ប្ដូរការគិតគូររបស់ថ្នាក់ដឹកនាំក្លឹប ទៅលើសមត្ថភាពរបស់លោក Tuchel។
ម៉្យាងទៀត តាំងពីសេចក្ដីប្រកាសខែកុម្ភៈមក ក្លឹប Bayern Munich បានព្យាយាមក្នុងការទាក់ទងអ្នកចាត់ការល្បីៗមួយចំនួនដូចជា លោក Julian Nagelsmann លោក Xabi Alonso និងលោក Ralf Rangnick។ ទោះជាយ៉ាងណា អ្នកចាត់ការទាំងនោះ សុទ្ធតែត្រូវបានរាយការណ៍ថា បានបដិសេធក្លឹប Bayern ដោយហេតុផលផ្សេងៗ ទាក់ទងនឹងគោលការណ៍ផ្ទេរចេញ-ចូលកីឡាករជាដើម។ នេះអាចជាកត្តាមួយដែលធ្វើឲ្យក្លឹបយក្សអាល្លឺម៉ង់ ប្ដូរជំហរជាមួយលោក Tuchel។
Tuchel បានមកដឹកនាំក្លឹប Bayern Munich នៅខែមីនា ឆ្នាំ ២០២៣។ គិតមកទល់ពេលនេះ លោកដឹកនាំក្លឹបបាន ៦០ ប្រកួត ក្នុងនោះឈ្នះ ៣៧ ដង ស្មើ ៨ លើក និងចាញ់ ១៥ ប្រកួត៕