- 2024-04-29 06:05:00
- បាល់ទះ
ប៊ន ណារិទ្ធ ប្រាប់ពីចំណុចធ្វើឱ្យក្រសួងមហាផ្ទៃ A ចាញ់វិសាខា A នៅវគ្គផ្ដាច់ព្រ័ត្រ
- 2024-04-29 06:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ន ណារិទ្ធ ប្រាប់ពីចំណុចធ្វើឱ្យក្រសួងមហាផ្ទៃ A ចាញ់វិសាខា A នៅវគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ការចាញ់ក្រោមថ្វីដៃក្រុមជើងខ្លាំងវិសាខា A ៣សិតទល់នឹង១សិតនៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ធ្វើឱ្យអ្នកប៉ះសេសមាគមបាល់ទះក្រសួងមហាផ្ទៃ A ប៊ន ណារិទ្ធ មានការសោកស្ដាយជាខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាអ្នកប៉ះសេរូបនេះបានទទួលស្គាល់លទ្ធផល និងចាត់ទុកវាជាការប្រកួតប្រជែងមួយដ៏ស្វិតស្វាញ។
ក្រោយគ្រងជាជើងឯករងនៃពានរង្វាន់ប្រកួតបាល់ទះ៤ស្មើទូទាំងប្រទេស Wurkz Special Volleyball Cup 4x4 2024 អតីតអ្នកប៉ះសេដៃទី២ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញចំណុចខ្លះៗដែលក្រុមរបស់ខ្លួនរងបរាជ័យ។ ណារិទ្ធមើលឃើញថាពីរសិតដំបូងសិស្សប្អូន មឿន ម៉េងឡាយ និង ធី ម៉េងហួង ហាក់បីវាយសេវាខូចច្រើន និងទទួលសេវាមិនបានល្អ ប្រសិនបើការចាប់សេវា និងវាយសេវារបស់ស្មាត់ធំទាំងពីរល្អដូចសិតទី៣ នោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងកាន់តែស្វិតស្វាញជាងនេះទៅទៀត។ សិតទី៣សមាគមបាល់ទះក្រសួងមហាផ្ទៃ A បានវាយបកយកឈ្នះវិសាខា A ក្នុងលទ្ធផល ២៧-២៥ ពិន្ទុ។
អ្នកប៉ះសេមានដើមកំណើតមកពីខេត្តកណ្ដាលបាននិយាយថា ៖"សម្រាប់ក្នុងសិតទី៣ក្រុមរបស់ខ្ញុំបាទគឺហៅថាវាយបកយកឈ្នះបានមួយសិតហ្នឹងគឺដោយមូលហេតុថា ម៉េងហួង និងម៉េងឡាយ សេវាពួកគាត់ចាប់ផ្ដើមដូរវិញ ហើយការលេងបួនស្មើនេះ បើខ្ញុំនិយាយឱ្យអស់ទៅពួកគាត់គឺជាក្ដីរំពឹងរបស់ក្រុម ហើយបើសិនការបង្ហាញខ្លួនឬការវាយសេវាការចាប់សេវារបស់ពួកគាត់បានល្អ ហ្នឹងក្រុមទាំងមូលនឹងល្អទៅ ប៉ុន្តែនិយាយនេះមិនមែនដាក់បន្ទុកលើប្អូនៗចាញ់ដោយសារប្អូនៗទេ ព្រោះយើងចាញ់ចាញ់ទាំងអស់គ្នា ខ្ញុំក៏ប៉ះសេមិនល្អចាប់សេវាក៏មិនល្អ យើងចាញ់ទាំងអស់គ្នា ប៉ុន្តែប្រសិនដើមទឹកសេវារបស់គាត់មុតដូចសិតទី៣ ខាងគេក៏អត់មានអីថាមកសង្រ្គប់យើងអីដល់ថ្នាក់ហ្នឹងដែរ ប៉ុន្តែដោយសារពីដើមទឹកមកយើងខូចសេវាច្រើន»។
ជាមួយគ្នានោះដែរ ប៊ន ណារិទ្ធ បានសរសើរផ្លែសេវារបស់កីឡាករ សឿន ហេង ថាល្អខ្លាំងណាស់ ហើយក្នុងមួយឆាកជីវិតបាល់ទះរបស់គេធ្លាប់តែឃើញឥណ្ឌូណេស៊ីមានសេវាល្អ ប៉ុន្តែយ៉ាងណាសេវារបស់ សឿន ហេង គឺល្អយកតែមែនទែនតែម្ដងពោលគឺមិនសរសើរមិនបាន៕