• 2024-04-29 02:50:00
  • បាល់ទះ

អបអរសាទរ! វិសាខា ក្លាយជាម្ចាស់ពានរង្វាន់​ WURKZ ៤ស្មើដ៏ធំដំបូងគេនៅកម្ពុជា

  • 2024-04-29 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមសមាគមបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់៤ស្មើទូទាំងប្រទេសដ៏ធំដំបូងគេបង្អស់ WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ ក្រោយពួកគេបានយកឈ្នះលើសមាគមបាល់ទះក្រសួងមហាផ្ទៃ នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធល ៣ សិតទល់នឹង១សិត កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ថ្មីៗនេះ។

វិសាខា A និង​ក្រសួង​មហាផ្ទៃ A បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងតានតឹងនិង​ស្វិតស្វាញ​ខ្លាំង​​បំផុត ដោយក្នុងសិតទី១ ជើងខ្លាំងសមាគមបាល់ទះវិសាខា A យកឈ្នះក្នុងលទ្ធផលពិន្ទុ ២៥-២២ សិតទី២ ២៤-២០។ សិតទី៣ជាសិតរន្ធត់និងជក់ចិត្តបំផុត ដោយក្រុមជើងខ្លាំងក្រសួងមហាផ្ទៃ A បានវាយបកយកឈ្នះ១សិតវិញដោយមានពិន្ទុប្រដេញគ្នា ២៧-២៥ ធ្វើឲ្យការគាំទ្រពីសំណាក់អ្នកគាំទ្រមានការពុះកញ្ជ្រោលឡើងវិញទាំងការទស្សនាផ្ទាល់ និងតាមការផ្សាយបន្តផ្ទាល់រហូតជាង 21K ដែលជាចំនួនមួយច្រើនមិនធម្មតា។

ការឈ្នះសិតទី៣នេះ ធ្វើឲ្យក្រសួងមហាផ្ទៃ A មានដង្ហើមដកបន្តនៅសិតទៅ៤។ សិតទី៤ចូលមកដល់ ការស្រែកឃ្លានជ័យជម្នះរបស់សមាគមបាល់ទះវិសាខា A កាន់តែមានសន្ទុះនិងពុះកញ្ជ្រោលខ្លាំងឡើងៗ ដោយគ្រាន់តែបើកឆាកដើមសិតភ្លាម វិសាខា A សង្រ្កប់លើក្រសួងមហាផ្ទៃ ៦ ពិន្ទុទល់នឹង ០ បាត់ទៅហើយ ជាពិសេសកីឡាករស្មាត់ស្ដាំ សឿន ហេង វាយសេវាយកពិន្ទុបានច្រើនមែនទែន។

ចុងបញ្ចប់សមាគមបាល់ទះវិសាខា A បានយកឈ្នះក្រសួងមហាផ្ទៃ A ៣សិតទល់នឹង១នៅវគ្គផ្ដាច់ព្រ័ត្រគ្រងជើងឯកពានរង្វាន់ WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ ដំបូងគេនៅកម្ពុជា។

ក្នុងព្រឹត្តិការណ៍នេះដែរក្រុមជើងឯកទទួលបានពានមួយ មេដាយមាសមួយ និងទឹកប្រាក់៥០លានរៀល។ ជើងឯករងបានមេដាយប្រាក់មួយ និងទឹកប្រាក់ ២០លានរៀល និងក្រុមចំណាត់ថ្នាក់លេខ៣ កងពលធំអន្តរាគមន៍លេខលេខ៣ បានមេដាយសំរឹទ្ធមួយ និងប្រាក់១២លានរៀល៕

អត្ថបទ៖ Um Sopheak

មតិយោបល់