• 2022-12-13 03:51:15
  • បាល់ទះ

អ្នកគាំទ្រ​ពិតជា​សោកសៅព្រោះក្រុម ឌូក និង ម៉េងហួង មានមួយត្រូវធ្លាក់ចេញពីពានបាល់ទះ Slamball

  • 2022-12-13 03:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមជើងខ្លាំងនាគព្រៃវែងរបស់ឌូក និងក្រុមត្រីឆ្លាំងភ្នំពេញរបស់ ធីម៉េងហួង នឹងត្រូវប៉ះគ្នាជាថ្មីម្ដងទៀត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ Anchor Slamball ស្របពេល​ក្រុមទាំងពីរនៅសល់តែមួយប្រកួតសំខាន់ដូចគ្នា ដូច្នេះពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីបន្តដង្ហើមទៅវគ្គបន្ទាប់ទៀត។

ក្រុមដែលគេសង្ឃឹមមានភាគរយខ្ពស់ក្នុងការលើកពាន Slamball «នាគព្រៃវែង» ដែល​លេងតំណាងអោយក្លិប GS Club និងក្រុមជើងខ្លាំង «ត្រីឆ្លាំងភ្នំពេញ» ដែល​លេងតំណាងអោយក្លិប​ MS GYM ll មានស្ថិតិប្រកួតឈ្នះមួយចាញ់ឈ្នះ​មួយដូចគ្នា ហេតុ​នេះ​បើក្រុមណាមួយចាញ់ ក្រុមនោះនឹងធ្លាក់ចេញពីកម្មវិធីដោយស្វ័យប្រវត្តិតែម្ដង។

ការប្រកួតទីមួយរបស់ក្រុមនាគ​ព្រៃវែង​ដឹកនាំ​ដោយ​លោកគ្រូ សេត ស៊ីនណារ៉ា កាលពីថ្ងៃទី ០៥ ខែវិច្ឆកា ឆ្នាំ២០២២ បានឈ្នះលើក្រុមលោកគ្រូ អ៊ូ សុផល ២សិតទល់នឹង១សិតនៅទឹកដី MS GYM ll និងប្រកួតទីពីរកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ ក្រុមលោកចាញ់ក្រុមពង្រូលកំពង់ស្ពឺ ១សិតទល់នឹង២សិតនៅតារាងបាល់ទះ សៅ សាមីត ក្រុងច្បារមនខេត្តកំពង់ស្ពឺ ដែល​ជា​ហេតុ​ធ្វើ​អោយ​ជើង​ខ្លាំង​មួយ​នេះ​ធ្លាក់​ទៅ​ជួប​ក្រុម​ត្រី​ឆ្លាំង​ជា​ថ្មី​។

ឥឡូវ​យើង​ងាក​មក​មើល​​ការប្រកួតលើកទីមួយរបស់ក្រុមត្រីឆ្លាំងភ្នំពេញចិញ​ ពួកគេ​ចាញ់ក្រុមនាគព្រៃវែង និងប្រកួតទី២កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ ពួកគេឈ្នះក្រុមគោព្រៃកណ្ដាលរបស់ម៉ាប់ឆ្វេងក្នុងលទ្ធផល ២សិតទល់នឹង១សិតទាំងតានតឹងបំផុត។

ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ

បើសង្កេតតាមការប្រកួតកន្លងៗមកក្រុមទាំងពីរឧស្សាហ៍ជួបគ្នាណាស់ ហើយលទ្ធផលក្រុមរបស់ឌូក ក្ដូ សាមីត កុសល ធ្វើបានល្អនិងទទួលបានជ័យជម្នៈច្រើនជាងក្រុម ធីម៉េងហួង ណារិទ្ធ ហុងទ្រី និងមឿនម៉េងឡាយ។

ដូច្នេះចាំមើលថាតើក្រុមនាគព្រៃវែងរបស់ឌូក ក្ដូ សាមីត កុសល និងហួតសុភា ដឹកនាំដោយលោកគ្រូ សេត ស៊ីនណារ៉ា ឬក្រុមត្រីឆ្លាំងភ្នំពេញរបស់ ម៉េងហួង ណារិទ្ធ ហុងទ្រី ឈួនប្រសិទ្ធ និងមឿនម៉េងឡាយ ដែលដឹកនាំដោយលោកគ្រូ អ៊ូ សុផល ជាអ្នកទទួលបានជ័យជម្នៈឡើងទៅកានវគ្គបន្ទាប់ ខណៈការប្រកួតធ្វើឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ នៅក្លឹបបាល់ទះ GS Club ស្រុកកំចាយមារខេត្តព្រៃវែង វេលាម៉ោង៤រសៀល។

ក្រៅពីគូជក់ចិត្តនេះមួយមានមួយគូសំខាន់ទៀតគឺក្រុមមាន់ជល់កំពង់ចាមរបស់ណេតឆ្វេងលេងតំណាងអោយក្លិបបាល់ទះ លាភ ហេងហេង ត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវត្រីឆ្លាមកំពតលេងតំណាងអោយក្លិបបាល់ទះថ្នល់រទះភ្លើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង៤រសៀលដូចគ្នា។ ក្រុមទាំងពីរត្រូវការឈ្នះដាច់ខាតដូចគ្នា ដើម្បីឡើងទៅកាន់វគ្គបន្ទាប់ បើក្រុមណាមួយចាញ់ត្រូវធ្លាក់ចេញពីកម្មវិធី។

ចំណេកក្រុមខ្លាំងមិនដែលចាញ់ដំរីសៀមរាបលេងតំណាងអោយតារាងបាល់ទះ 777 ដែលមានកីឡាករល្បីៗដូចជា រស់ហាន់វ៉ា បន្ទាយឈើ ង៉ូវប៉ញ្ញា ឡាំយ៉ៃបីកាំបិត ដឹកនាំដោយលោកគ្រូ ឡេងប្រុស ត្រូវប៉ះជាមួយខ្លាំងពង្រូលកំពង់ស្ពឺ នៅក្លិបបាល់ទះសៅ សាមីតនៅខេត្តកំពង់ស្ពឺ។ បើក្រុមណាឈ្នះនឹងឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ ចំណែកក្រុមចាញ់ត្រូវធ្លាក់មកជួបជាមួយក្រុមចាញ់នៅខាងក្រោមបន្តទៀត។ ដូច្នេះសូមរងចាំមើលថាតើក្រុមណាជាអ្នកលើកពានបាល់ទះ Anchor Slamball ឆ្នាំ២០២២?

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី