• 2022-08-30 02:58:58
  • បាល់ទះ

កម្ពុជា នាំយកមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបា ត្រៀមស៊ីហ្គេម២០២៣

  • 2022-08-30 02:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយស្ថានទូតគុយបាប្រចាំប្រទេសកម្ពុជា ពេលនេះមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបា ចំនួន៤រូបបានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ ដើម្បីជួយការងារបច្ចេកទេសដល់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមដណ្តើមមេដាយក្នុងពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។

មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជាមានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ ឯកឧត្តម ជា ពៅ លោក តែន ឡន លោក គួន សុគន្ធី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមគ្រូបង្វឹកនិងកីឡាករជម្រើសជាតិឆ្នេរខ្សាច់កម្ពុជា បានទទួលមន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ទាំង៤ ក្នុងការិយាល័យរបស់សហព័ន្ធកីឡាបាល់ទះក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ នារសៀលថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

ជាមួយគ្នានោះដែរមន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកគុយបា បានត្រួតពិនិត្យមើលពីបច្ចេកទេសរបស់កីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជា ក្នុងទីលានហ្វឹកហាត់នៅបរិវេណពហុកីឡដ្ឋានជាតិផងដែរ។ មន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកទាំង៤ រូបជាជនជាតិគុយបា មាន លោក Karell Pena Ventoza (គ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់) លោក Berto Friol Barrios (គ្រូបង្វឹកបាល់ទះក្នុងសាល) លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas។

លោក Karell Pena Ventoza (គ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់)
លោក Berto Friol Barrios (គ្រូបង្វឹកបាល់ទះក្នុងសាល)
កញ្ញា Natyelis Riol Cardenas

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា៖«យើងនាំយកពួកគាត់មកនេះ បន្ទាប់ពីការអនុញ្ញាតពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានប្រធានសហព័ន្ធ ហើយជាក់ស្តែងថ្ងៃនេះតាមរយៈឯកឧត្តម ជា ពៅ យើងឃើញថាគ្រូបង្វឹកខាងគុយបា មាន២វិញ្ញាសាមក មានបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់។ ប៉ុន្តែតាមការណែនាំរបស់ឯកឧត្តមប្រធាននិងឯកឧត្តមអនុប្រធានសហព័ន្ធ គឺយើងត្រូវការជាចាំបាច់ផ្នែកបាល់ទះលើឆ្នេរខ្សាច់»។

លោកអគ្គលេខាធិការសហព័ន្ធបានបន្ថែមថា៖«ដូចយើងបានដឹងហើយថាក្រុមបាល់ទះឆ្នេរខ្សាច់របស់យើងមិនអន់ពេកទេ ទោះបីការហ្វឹកហាត់របស់យើងមិនទាន់ដល់ស្តង់ដារក៏ពិតមែន ក្នុងការប្រកួតស៊ីហ្គេម នៅវៀតណាម ថ្មីៗនេះ យើងបានឈ្នះលេខ៥ដែរ។ ប៉ុន្តែក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធយើងមិនចង់បានចំណាត់ថ្នាក់នោះទេ គឺយើងចង់បានមេដាយ»។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះកម្ពុជា

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្តថា៖«យើងអញ្ជើញគ្រូគុយបា មកគឺធ្វើជាគ្រូបង្គោលសម្រាប់បាល់ទះឆ្នេរខ្សាច់ ទន្ទឹមនឹងនេះក៏យើងត្រូវមើលពីបច្ចេកទេសនៃការបង្វឹករបស់គាត់ដែរ តើគាត់ខ្លាំងជាង? ឬប្រហាក់ប្រហែល? ឬខ្សោយជាងគ្រូរបស់កម្ពុជាយើង។ ខ្ញុំសង្ឃឹមថាជាលក្ខណៈសាកល្បង២ឬ៣ខែនេះ គាត់នឹងបង្ហាញពីលទ្ធផលមកយើងខ្លះថាការអភិវឌ្ឍន៍សមត្ថភាព ជំនាញរបស់កីឡាបាល់ទះឆ្នេរខ្សាច់របស់យើងកើនឡើងឬអត់?។ យើងគ្រោងរៀបចំពានរង្វាន់បាល់ទះឆ្នេរខ្សាច់មួយ ដើម្បីឱ្យពួកគាត់បានសាកល្បងបច្ចេកទេស។ដូច្នេះលទ្ធផលយើងនឹងបានដឹងច្បាស់»។

ចំពោះគ្រូបង្វឹកគុយបា ជំនាញខាងបាល់ទះក្នុងសាលវិញ ថ្នាក់ដឹកនាំសហព័ន្ធខាងលើសង្កត់ធ្ងន់ថា៖«សម្រាប់គ្រូបង្វឹកដែលជំនាញខាងបាល់ទះក្នុងសាលវិញ យើងមានគ្រូបង្វឹកជនជាតិចិន Li Jun ជនជាតិចិន រួចរាល់ហើយ ដោយលោកក៏ធ្លាប់បានចូលរួមជាមួយយើងបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រដោយឈ្នះមេដាយសំរឹទ្ធិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមថ្មីៗនេះផងដែរ។យើងចង់រក្សាមេដាយនេះឱ្យគង់នៅឆ្នាំ២០២៣ ខាងមុខ ឬ មេដាយខ្ពស់ជាងឆ្នាំចាស់។ ដូច្នេះលោកគ្រូគុយបា គាត់នឹងអាចជាគ្រូជំនួយ ឬ ដើរតួរនាយកបច្ចេកទេស ដែលប្រឹក្សាយោបល់នៃការហ្វឹកហាត់ ឬយុទ្ធសាស្ត្រក្នុងការប្រកួត។ បើគាត់ព្រមព្រៀងក្នុងលក្ខខណ្ឌនេះយើងរក្សាគាត់។ តែគាត់មានបំណងចង់ចូលរួមជាមួយយើងពេញដៃពេញជើង។ ប៉ុន្តែយើងនៅតែចង់មើលពីលទ្ធផលនៃការបង្វឹកគាត់សិនដូចគ្នា»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី