• 2022-08-10 07:00:08
  • បាល់ទះ

សៅ តាន ថាមិនទៅក្លឹបណាផ្សេង​ឡើយ បើទោះចែកផ្លូវជាមួយក្លឹបបាល់ទះវិសាខា

  • 2022-08-10 07:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចែកផ្លូវជាមួយក្លឹបបាល់ទះវិសាខាកីឡាករ​ សៅ តាន នៅមិនទាន់ត្រូវ​បាន​គេ​ដឹងថាឈប់ពីអាជីពឬទៅចូលរួមជាមួយក្លឹបណាមួយនោះឡើយ។ យ៉ាងណាថ្ងៃនេះ Sabay បានសាកសួរទៅកាន់កីឡាករជំនាញដេញបាល់​លឿន និងទទួលបានដំណឹងរូប​គេកំពុងបម្រើការងារដ៏សមស្របមួយនៅទីក្រុងភ្នំពេញ ប៉ុន្តែមិនមែនជាកីឡាករឡើយ។

ពាក់ព័ន្ធនឹងការចូលរួមជាមួយក្លឹបថ្មីយុវជន សៅ តាន ថាមានក្លឹបផ្សេងទាក់ទងគេដែរ ប៉ុន្តែគេមិនមានបំណងចង់ទៅណាឡើយក្រៅពីក្លឹបបាល់ទះវិសាខា។ មិនចង់ទៅលេងនៅក្លឹបផ្សេង ព្រោះកីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺយល់ថាវិសាខាជាជម្រក​ដំបូង និងបានចិញ្ចឹមបីបាច់គេតាំងពីដើមរៀងមក។

យុវជនវ័យ២៣ឆ្នាំបានបង្ហើបដូច្នេះ​ ៖«បាទបងមាន (ក្លឹប) តែខ្ញុំអត់ទៅបង ព្រោះខ្ញុំសន្យានឹងខ្លួនឯងហើយថា បើខ្ញុំចេញពីក្លឹបបាល់ទះវិសាខា ខ្ញុំអត់ទៅលេងអោយក្លឹបណាទៀតទេបង មិនមែនខ្ញុំរើសអើងក្លឹបផ្សេងៗទេបង តែនេះជាការគិតរបស់ខ្ញុំ តាំងពីឈានជើងចូលចិសាខាមកម្ល៉េះបង»។

នៅពេលសួរថាតើស្ដាយដែរឬទេ បើអត់ទៅលេងអោយក្លឹបផ្សេង ស្របពេលដែលខ្លួនស្រលាញ់អាជីពមួយនេះខ្លាំងបំផុតនោះ? កីឡាកររូបនេះបានឆ្លើយតបយ៉ាងខ្លីរូបគេពិតជាស្ដាយស្រណោះ​ខ្លាំងបំផុត។

គួរបញ្ជាក់ថា កូនអ្នកឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើតេស្តជាប់និងហាត់នៅក្លឹបបាល់ទះវិសាខាចាប់តាំងពីឆ្នាំ២០១៧ ក្នុងតំណែងដេញបាល់លឿន និងបានចែកផ្លូវជាមួយក្លឹបមួយនេះនៅថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២២កាល​ពី​ពេល​ថ្មីៗ​នេះ​​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់