• 2022-06-16 02:46:09
  • បាល់ទះ

ពាន​សម្ដេច ស ខេង៖ ក្រុម​បាល់ទះ​ស្នងការខេត្ត​ព្រៃវែង និង​ត្បូង​ឃ្មុំ​ត្រូវ​ប្រកួត​ម្ដងទៀត​ឬ​យ៉ាងណា?

  • 2022-06-16 02:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​បាល់ទះ​សម្ដេច​ ស ខេង ឆ្នាំ​២០២២​​ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល D កាល​ពី​ម្សិលមិញ​នេះ ក្រុមបាល់ទះ​ស្នងការដ្ឋាននគរបាល​ខេត្ត​ព្រៃវែង បាន​ចាញ់​ក្រោម​ថ្វី​ដៃ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ក្នុង​លទ្ធផល​៣​សិត​ទល់​១សិត។ ប៉ុន្តែ​ក្រោយ​ចប់​ការ​ប្រកួត​ក្រុម​ស្នងការ​ខេត្ត​ព្រៃវែង​បាន​ធ្វើ​ការ​តវ៉ា ត្បិត​​ក្នុង​សិត​ទី​១​គណៈកម្មការ​បាន​ដាក់​ពិន្ទុ​ខុស​បច្ចេកទេស​ត្រង់​ពិន្ទុ១៣​របស់​ខេត្ត​ព្រៃវែង​។

ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ព្រៃវែង

ក្នុង​សិត​ទិ​១​ពិន្ទុ​ក្រុម​ស្នងការ​ខេត្ត​​ព្រៃវែង​តាម​ពី​ក្រោយ​ត្បូង​ឃ្មុំ ១២-១៤ ហើយ​ក្រោយ​មក​ព្រៃវែង​រក​បាន​១​ពិន្ទុទៀត​ ដូច្នេះ​ត្រូវ​ឡើង​ពិន្ទុ ​១៣-១៤ ប៉ុន្តែ​គណៈកម្មការ​ដាក់​ពិន្ទុ មិន​បាន​ដំឡើង​ពិន្ទុ​នៅ​លើ​តុ​​ខ្លួន​ទេ ពោល​គឺ​នៅ​តែ​១២-១៤​ ដដែល ដំឡើង​តែ​ក្រុម​បច្ចេកទេស​ Live ប៉ុណ្ណោះ (១៣-១៤)។ ភ្លាមៗ​នោះ​ដែរ​ក្រុម​ស្នងការ​ខេត្ត​ព្រៃវែង​ក៏​បាន​ត​វ៉ា​​ តែ​ត្រូវ​មន្ត្រី​សហព័ន្ធ​ប្រាប់​ថា ចាំ​ត​វ៉ា​​ក្រោយ​ចប់​ការ​ប្រកួត។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ជឹម រនតា ស្នងការ​រង​ខេត្ត​ព្រៃ​វែង។

លោក ជឹម រតនា ស្នងការ​រង​ខេត្ត​ព្រៃវែង​បាន​បន្ថែម​ថា មក​ទល់​នឹង​ពេល​ក្រុម​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ទទួល​ស្គាល់​ចំពោះ​កំហុស​បច្ចេកទេស​នេះ​ហើយ ហើយ​ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ​ត្រូវ​ធ្វើ​ឡើង​វិញ​ឬ​យ៉ាងណា​នោះ ត្រូវ​រងចាំការ​ជូន​ដំណឹង​​ពី​មន្ត្រី​សហព័ន្ធ​​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២​នេះសិន​។

លោក ជឹម រតនា ស្នងការរងខេត្តព្រៃវែង

បើ​ផ្អែក​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ Kong Soy ចែក​រំលែក​ដោយ​លោក​ស្នងការ​រង​ខេត្ត​ព្រៃវែង​ ជឹម រនតា បាន​សរសេរ​ថា ៖«សូមជម្រាបជូនអ្នកស្នេហាវិស័យកីឡាបាល់ទះទាំងអស់ឱ្យបានជ្រាបថា លទ្ធផលនៃការប្រកួតរវាងស្នងការដ្ឋានខេត្តព្រៃវែងជាមួយស្នងការដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីមានការដាក់ពាក្យតវ៉ាពីគ្រូបង្វឹករបស់ស្នងការដ្ឋានខេត្តព្រៃវែងភ្លាមៗនោះគណៈកម្មការបានប្រជុំ និងពិនិត្យលើលទ្ធផលលើសិតទី១នោះ ឃើញថាក្រុមកីឡារបស់ស្នការដ្ឋានខេត្តព្រៃវែងពិតជាមានជយជន្នះពិតប្រាកដមែន ដោយរកឃើញថាគឺជាកំហុសរបស់គណៈកម្មការបច្ចេកទេសពិតប្រាកដមែន នេះជាសម្ដីទាំងស្រុងរបស់អនុប្រធានគណៈកម្មការបច្ចេកទេសដែលបានផ្ដល់មកឱ្យក្រុមកីឡាព្រៃវែងបានជ្រាប ៖ សូមអនុញ្ញាគោរព បង ក្រោយបានពិនិត្យ Video ខ្ញុំបានពិនិត្យឃើញថា គណៈកម្មការលេខាតុពិតជាមានកំហុសមែន។ សូមបងរងចាំការសម្រេចពីគណៈកម្មការប្រតិបត្តិ នៅព្រឹកនេះដោយក្ដីគោរព។ ក្រុមកីឡាស្នងការដ្ឋានខេត្តព្រៃវែង សំណូមពរឱ្យគណៈកម្មការរៀបចំការប្រកួត ត្រូវលុបចេញនូវលទ្ធផលដែលជាកំហុសរបស់គណៈកម្មការវិញជាបន្ទាន់ដើម្បីកុំឱ្យមានការយល់ច្រលំពីមហាជនដែលស្នេហា និង តាមដានការប្រកួតកីឡាបាល់ទះនេះ»។

គួរ​បញ្ជាក់​ថា​ នេះ​ជា​ការ​ជួប​គ្នា​ជា​លើក​ទី​២​ហើយ​សម្រាប់​ក្រុម​ទាំង​ពីរ ខណៈ​លើក​ទី​១​ជួប​គ្នា​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លោក ប៊ិន ជីវ័ន្ត អភិបាល​ស្រុក​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង ដោយ​ក្រុម​ស្នងការ​ត្បូង​ឃ្មុំ​យក​ឈ្នះ​លើ​ស្នងការ​ខេត្ត​​ព្រៃវែង ៣​សិត​ទល់​នឹង​សូន្យ៕

ព្រៃវេង
ត្បូងឃ្មុំ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់