• 2022-05-11 02:42:13
  • បាល់ទះ

សឿន ហេង៖ កម្លាំង​កាយ​របស់​ខ្ញុំ​គឺ​ពេញ​លេញ​សម្រាប់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ឆ្នាំ​ហ្នឹង

  • 2022-05-11 02:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​​ហ្វីលីពីន​​ឆ្នាំ​២០១៩ ស្មាត់​ស្ដាំ​ជម្រើសជាតិ​ក្នុង​សាល​កម្ពុជា សឿន ហេង បង្ហាញ​សមត្ថភាព​មិន​បាន​ពេញ​លេញ​ល្អ​ទេ ព្រោះ​កីឡាករ​រូប​នេះ​​​ស្ទើរ​ក្នុង​ការ​ចាប់​សេវាត្រូវ​គ្រូ​ប្ដូរ​ចេញ​។​ ប៉ុន្តែ​ឆ្នាំ​នេះ​គេបាន​ត្រៀម​ខ្លួន​រួចជាស្រេច​និង​​មាន​ជំនឿ​ចិត្ត​១០០%ថា​បាន​លេង​ច្រើន​ និង​ប្ដេជ្ញា​ប្រឹងប្រែង​​ដើម្បី​​ដណ្ដើម​មេដាយ​ជូន​ជាតិ​​​។

សឿន ហេង (ឆ្វេង) និង ផុល រតនៈ

បន្ទាប់​ជា​ពី​របួស​គ្រេច​កជើងកីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ បាន​បញ្ជាក់​មក​កាន់​ Sabay ច្បាស់ៗ​ថា ៖«បាទ​បង! របួស​កជើង​​ខ្ញុំ​បាន​ជា​សះស្បើយ​ហើយ​ សម្រាប់​ការ​ប្រកួត​នៅ​វៀតណាម​ស៊ីហ្គេម​ឆ្នាំ​នេះ ខ្ញុំ​ជឿជាក់​គឺ​១០០%​តែ​ម្ដង កម្លាំង​កាយ​សប្បទា​ខ្ញុំ​ពេញ​លេញ​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​ហ្នឹង»។

ក្រុម​បាល់​ទះ​​ក្នុង​សាល​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជា​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីននៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២ វេលាម៉ោង​១២​ថ្ងៃ​ត្រង់ និង​ប៉ះថៃ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​វេលាម៉ោង​១២​ថ្ងៃ​ត្រង់។ ក្រុម​​ហ្វីលីន​និង​ក្រុម​ថៃ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង ហើយ​កាល​ពី​ស៊ីហ្គេម​ឆ្នាំ​២០១៩ ពួកគេ​មួយ​ក្រុម​ជា​ក្រុម​លេខ​២ និង​មួយ​ក្រុម​ជា​ក្រុម​លេខ​៣។

ទោះប្រទេស​ទាំង​ពីរ​ជា​ក្រុម​ខ្លាំង​ក្នុង​ពូល ប៉ុន្តែ​កីឡាករ​ សឿន ហេង​ បាន​ប្រាប់​ថា​រូប​គេ​​តែង​តែ​មើល​វីដេអូ​​​​អំឡុង​ពេល​នោះ​ឡើង​វិញ ដើម្បី​ចាប់​យក​តិចនិច​និង​បច្ចេកទេសរបស់​ពួកគេ​ និង​ត្រៀម​យុទ្ធ​សាស្ត្រ​ដើម្បី​យក​ឈ្នះ។

ស្មាត់​ល្អ​ទាំង​ការ​ម៉ាត់និង​វាយសេវា​ បាន​ប្រាប់​បែប​នេះ​ថា ៖«គេ​ខ្លាំង​មែន​សម្រាប់​ការ​ប្រកួត​មុនឬ​ស៊ីហ្គេម​ឆ្នាំ​មុនៗ​តែ​ឆ្នាំ​​នេះ​មិន​ប្រាកដ​​ថា​គេ​ខ្លាំង​ទៀត​ទេ ព្រោះ​​សមត្ថភាព​កីឡាករ​កម្ពុជា​យើងក៏​មិន​ចាញ់​សមត្ថភាព​ខាង​គេ​ប៉ុន្មាន​ដែរ...ចំពោះ​វីដេអូ​របស់​គេ​ខ្ញុំ​បាន​មើល មើល​សឹង​រាល់​យប់​ពី​សកម្មភាព​គេ​លេង​ជាមួយ​កម្ពុជា​យើង​​នៅ​ស៊ីហ្គេម​​ឆ្នាំ​២០១៩​ មើល​ពី​បច្ចេកទេស​មើល​ពី​របៀប​​ម៉ាត់​បាល់ និយាយ​រួម​មើល​គ្រប់​សកម្មភាព​របស់​គេក្នុង​ទីលាន​»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់