• 2022-05-04 03:07:22
  • បាល់ទះ

មឿន ម៉េងឡាយ ថា​ទោះ​គូ​ប្រជែង​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ​ នៅ​លើ​ទីលាន​មិន​មាន​ពាក្យ​ថា​ខ្លាច​ឡើយ

  • 2022-05-04 03:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​​មក​ពី​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ មឿន ម៉េង​ឡាយ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទះ​ភ្ញាក់​ផ្អើល តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​ល្អ​មិន​ធម្មតាក្នុង​​ព្រឹត្តិការណ៍ប្រកួត​បាល់ទះ​នានា​ ជាពិសេស​​ក្នុង​ការ​ប្រកួត​ដណ្ដើម​មេដាយ​មាស​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ ក្រុម​អធិរាជបាល់ទះ ISI PIPE-ISI PALM ជាមួយ​ក្រុម​ជើង​ខ្លាំង​បុរី​ ឃាម​ បញ្ញា ដែល​ទើប​តែ​បញ្ចប់​ថ្មីៗ​នេះ។

យុវជន​វ័យ​១៩​ឆ្នាំ​ មឿន ម៉េង​ឡាយ

ក្នុង​តួនាទី​ស្មាត់​ធំ​មួយ​រូប​ កីឡាករ​វ័យ​១៩​ឆ្នាំហាក់​លេចធ្លោរ​ជាង​គេ ហើយ​ថែម​ទាំង​ជួយ​ក្រុម​បាន​ច្រើន តាម​រយៈ​ការ​ធ្វើ​រនាំង​និង​ម៉ាត់​ផ្ដាច់។ ការ​បង្ហាញ​សមត្ថភាព​អស់​១០០%​ ម៉េង​ឡាយទទួល​បាន​ការកោត​សរសើរពី​មហាជន​ និង​លោក​ សំរឹទ្ធ សេរី ដែល​ជាអ្នកដឹកនាំ​ក្រុម​បាល់់ទះ​បុរី​ឃាម​បញ្ញា។

ក្រោយ​ចប់​ការ​ប្រកួត​លោក សំរឹទ្ធ សេរី បាន​ប្រាប់​ថា​ថ្វី​បើ​ក្រុម​របស់​លោក​ឈ្នះ​ជើងឯក​ក៏​ពិត​មែន ប៉ុន្តែ​លោក​នៅ​តែ​សរសើរ​សមត្ថភាព​ក្រុម​ក្រសួង​មហាផ្ទៃ A ជា​ពិសេស​យុវជន​វ័យ​មិន​ដល់​២០​ឆ្នាំ មឿន ម៉េងឡាយ និង​ ខុម ហុងទ្រី។ លោក​ថា​​រនាំង​ក្រុម​លោក​ធំ​ៗ​ប៉ុណ្ណឹង​ហើយ ​ម៉េង​ឡាយ​នៅ​តែអាច​វ៉ៃ​ផ្ដាច់​បាន​ល្អ​។ បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោកសេរី​ ស្មាត់​ឆ្វេង​ស្ដាំ​ទាំង​ពីរ​នេះនឹង​ក្លាយ​ជា​ទំពាំង​ស្នងឬស្សី​ដ៏​ល្អ​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា​នា​ថ្ងៃ​អនាគត។ ​

ជុំ​វិញ​ចំណុច​​លើក​ឡើង​ថា​​បាំង​ធំៗ​ហើយ​គេ​នៅ​តែ​វ៉ៃ​ចេញ​ល្អ យុវជន​កម្ពស់​​១,៩៥ម៉ែត្រ​ ទទួល​ស្គាល់​ថា​រនាំង​របស់​ក្រុម​បុរី​ឃាម​បញ្ញា​ពិតជា​ធំ ប៉ុន្តែ​ចូល​ទី​លាន​គ្មាន​ពាក្យ​ថាខ្លាំង​​តូចធំ​និង​ពាក្យ​ខ្លាច​រអា​ឡើយ ពោល​ត្រូវ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ជួយ​ក្រុម​ទទួល​បាន​ជ័យ​ជម្នះ។

កីឡាករ​មក​ពី​ខេត្ត​មណ្ឌលគិរី បាន​បញ្ជាប់​បែប​នេះ ៖«អ្នកគាំទ្រ​​អាច​​មើល​ឃើញ​បងឌូក​ក្ដូមាន​បាំង​ធំៗ ប៉ុន្តែ​បើ​សម្រាប់​ខ្ញុំ​ជា​កីឡាករ​ដូចគ្នា​​ចិត្ត​ខ្ញុំ​ផ្សេង​​ពី​គេ​ ខ្ញុំ​អត់​ឃើញ​គាត់​ធំ​ទេ​បង ឱ្យ​តែ​​ចូល​ដល់​ទី​លាន​ហើយ​បាំង​ប៉ុណ្ណា​ក៏​វ៉ៃ​ដែរ ចេញ​ឬ​មិន​ចេញ​ចាំ​គិត​តាម​ក្រោយ​​ទៀត»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី