• 2022-03-25 02:35:42
  • បាល់ទះ

កក្រើក​ហើយ! ម៉ោង​២​រសៀល​ថ្ងៃ​នេះ កងពលធំ ប៉ះ រដ្ឋបាលរាជធានីភ្នំពេញ វិសាខា ប៉ះ ក្រសួង​មហាផ្ទៃ

  • 2022-03-25 02:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ មាន​ការ​ប្រកួត​​បាល់ទះដណ្ដើម​ពាន​រង្វាន់ Ganzberk Special Volleyball League ចំនួន​ពីរ​គូ​រគឺក្លឹប​បាល់ទះ​កងពលធំអន្តរាគមន៍​លេខ​៣ ប៉ះ រដ្ឋាបាល​ស្នងការ​រាជធានីភ្នំពេញនិងក្លឹប​បាល់ទះវិសាខា ប៉ះជាមួយ​​ក្រសួង​មហាផ្ទៃ ដែល​នឹង​ធ្វើ​ឱ្យ​កក្រើក​កីឡដ្ឋាន​ព្រីនស៍ហ្គ្រេនភ្នំពេញ។

សម្រាប់​ជំនួប​ក្លឹប​កងពលធំអន្តរាគមន៍​លេខ​៣ ជាមួយ​ក្លឹប​រដ្ឋាបាល​ស្នងការ​រាជធានីភ្នំពេញ នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ម៉ោង​២​រសៀល​។ ជំនួប​នេះ​នឹ​ងក្លាយ​ជាការ​ប្រយុទ្ធ​ដ៏​ជក់​ចិត្ត​ ដ្បិត​ក្រុម​ទាំង​ពីរ​សំបូរ​ដោយ​កីឡា​ករ​ល្អ​ៗតួយ៉ាង​កងពល​ធំមាន​ស្មាត់​ធំ​មក​ពីខេត្ត​​ព្រៃវែង ជុក សោភា ហៅ​ឥន្ទ្រី​ពិឃាដ​ឌូក និង​ សំ សាមីត។ កីឡាករ​ទាំង​ពីរ​រូប​នេះ​បាន​បាត់​មុខ​មួយ​រយៈ​ពី​សង្វៀន​បាល់​ទះ​ក្រៅ​ផ្លូវ​ការ ដោយ​ជាសារ​ប់​ភារៈកិច្ច​ហ្វឹកហាត់​បាល់ទះ​ជម្រើស​ជាតិ​ឆ្នេរ​ខ្សាច់ ត្រៀម​​ស៊ីហ្គេម​ឆ្នាំ​២០២២​នៅ​ប្រទេស​វៀតណាម។ ការ​វិល​ត្រឡប់​មក​កាន់​បាល់ទះ​ក្នុង​សាល​របស់​ពួកគេ គឺ​ជា​អ្វី​ដែល​ទស្សនិកជន​ចង់​ឃើញ​បំផុត។

ចំណែក​ក្លឹប​រដ្ឋាបាលស្នងការ​រាជធានីវិញ បើ​ទោះ​គ្មាន​វត្តមាន​ស្មាត់​ធំមក​ពី​ខេត្ត​កំពត ទុយ កុសល ហៅ​យុន​ស្រែស្រែ (របួស​ចង្កេះ​រើ​ឡើង​វិញ​) ក៏​គេ​នៅ​មាន​កីឡាករ​ឆ្នើមៗ​ជាច្រើន​ដូច​ជា​ស្មាត់​ធំ ឌី លីដា ហៅចាវ​កំពង់​ចាម កីឡាករ​ដេញ​បាល់​លឿន កែង សុធារិទ្ធ ស្មាត់​ឆ្វេង​មក​ពីខេត្ត​ព្រៃវែង វ៉ន មនោ លីប័ររ៉ូដៃស្អិត​ ជិត សារ៉ាត រួម​ទាំង​កីឡាករ​ល្បីៗ​ជាច្រើន​ទៀត។

ចំណែក​ការ​ប្រកួត​រវាង​ក្លឹប​បាល់ទះវិសាខាជាមួយ​​ក្រសួង​មហាផ្ទៃ នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ៣​ កន្លះ​រសៀល​តទៅ។ ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ​វិសាខា​ជា​ក្លឹប​សំបូរ​ដោយ​កីឡាករ​ល្អៗ កម្ពស់​ខ្ពស់ និង​មាន​សមត្ថភាព​មិន​ធម្មតា ហើយ​ពួកគេ​ភាគច្រើន​ជា​ជម្រើស​ជាតិ​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា​មាន​ គួន ម៉ុម, វឿន វាសនា, សួន ចាន់ណារ៉ូ និង​ សឿន ហេង​ ជា​ដើម​។ ការ​ប្រកួត​របស់​ពួកគេ​កន្លង​មក មិន​ដែល​បន្ធូរ​ដៃ​ឱ្យ​គូរ​ប្រកួត​ម្ដង​ណា​ឡើយ ពោល​គឺ​យក​ឈ្នះ​បីសិត​សូន្យ​តែ​ម្ដង។

ដោយឡែក​ក្លឹប​ក្រសួង​មហាផ្ទៃ​ក៏​មិន​ណយ​ដែរ ក្លឹប​មួយ​នេះ​មាន​កីឡា​ករ​ល្អ​ៗដូច​គ្នា និង​ជា​ក្លឹប​មួយ​ធ្វើ​បាន​ល្អ​ជាង​គេ​បន្ទាប់​ពី​វិសាខា។ ក្លឹប​ខ្លាំង​មួយ​នេះ​មាន​កីឡាករ​សំខាន់ៗ​ដូចជា មាស វាសនា ដែល​មាន​រនាំងនិង​ការ​ម៉ាត់​ផ្ដាច់​ល្អ អ្នកប៉ះសេ ប៊ន ណារិទ្ធ ស្មាត់​ឆ្វេង​វ័យ​ក្មេង​ ខុម ហុងទ្រី មឿន ម៉េងឡាយ និង​ ធី​ ម៉េង​ហួង​ជា​ដើម។ ជំនួប​រវាង​វិសាខា​និង​ក្រសួង​មហាផ្ទៃ​ ត្រូវ​បាន​គេ​ជឿជាក់​ថា​នឹង​ធ្វើ​ឱ្យ​កក្រើក​នៅ​កីឡដ្ឋាន​ព្រីនស៍៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់