• 2022-03-03 02:36:22
  • បាល់ទះ

ស្មាត់​ប៉ា ប៉ះ បន្ទាយឈើ នឹង​ធ្វើ​ឱ្យ​កក្រើក​ក្រុង​បាត់​ដំបង​ថ្ងៃ​សុក្រ​ស្អែក​នេះ

  • 2022-03-03 02:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេង​ក្រៅ​ផ្លូវ​ការ​៣​ស្មើ​ចាញ់​ក្រុម​បន្ទាយ​ឈើ​នៅ​ខេត្ត​សៀមរាប​កាល​ពី​ពេល​កន្លង​ទៅ រ៉ាន់ ទូច ហៅ​ស្មាត់​ប៉ា​ បាន​បាត់​មុខ​មួយ​រយៈ​ពី​សង្វៀន​បាល់ទះ។ យ៉ាងណាបើ​​តាម​ព័ត៌មាន​ច្បាស់​ការ​ដែល​ Sabay ទទួល​បាន​ថ្មីៗ​នេះ ស្មាត់​កំពុង​ឡើង​​កូដ​​​មក​ពី​ខេត្ត​ពោធិ៍សាត់​នឹង​ចេញ​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​បន្ទាយ​ឈើ​នៅ​ថ្ងៃ​សុក្រ​ទី៤ ខែ​មីនា ឆ្នាំ​២០២២​ ស្អែក​នេះ​ហើយ។

បន្ទាយឈើ VS ប៉ា

ជំនួប​បីស្មើ​រវាង​ក្រុម​ស្មាត់​ប៉ា និង​បន្ទាយ​ឈើ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ជំនួប​ដ៏ធំ​មួយ​ដែល​នឹង​ក្រសោប​បាន​អ្នក​ទៅ​ទស្សនា​​ផ្ទាល់ និង​តាម​រយៈ​កញ្ចក់​ទូរសព្ទ​យ៉ាង​ច្រើន​កក្រើក​ក្រុង​បាត់​ដំបង​។

បើ​ផ្អែក​តាម​សម្ដី​របស់​អេតមីនស្រួច អ្នក​ឡាយ​បាល់​ទះ​ដ៏​ល្បី​មួយ​រូប​​បាន​ប្រាប់​មក​កាន់​ Sabay ថាគូនេះ​គឺ​ធំ​ណាស់​ ហើយ​បើ​ឡាយ​ផ្ទាល់​អាច​នឹង​ផ្ទុះ​ View ខ្លាំង​។ ​ថ្ងៃ​សុក្រ​​ស្អែក​នេះ អ្នកឡាយ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​​នឹង​ទៅ​ឡាយ​ផ្ទាល់​ ដើម្បី​ផ្ដិត​យក​រូប​ភាព​ចែក​ជូន​ប្រិយមិត្ត​ទស្សនា។

អេតមីនស្រួច

ដោយឡែក​អេតមីន ខេន អ្នកឡាយ​បាល់​ទះ​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​រូប​ដែរ​នោះ ក៏​បាន​លើក​ឡើង​ដែរ​ថាគូ​នេះ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ និង​ចង់​មើល​ខ្លាំង ព្រោះស្មាត់​ប៉ា​អាក់ខាន​លេង​ក្រៅ​ផ្លូវ​ការ​យូរ​ហើយ​ដែរ។ ម្យ៉ាង​ស្មាត់​ប៉ាបាន​នឹង​កំពុង​តែ​ហ្វឹកហាត់​នៅ​ក្រុមបាល់ទះកងអន្តរាគមន៍ចល័ត ៩៩៩ នៃ​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​គេ​អាច​នឹង​មាន​បច្ចេកទេស និង​សមត្ថភាព​រីកចម្រើន​ល្អ​ជាង​​មុន​ និង​ជា​អ្វី​អ្នកគាំទ្រ​ចង់​ឃើញ​។ លោក​ថា​គូ​បី​ស្មើ​នេះ​នឹង​ទាក់ទាញ​អ្នកទស្សនាបាន​​ច្រើន​កុះករ។

អេតមីនខេន

គួរ​បញ្ជាក់​ថា ក្រុម​របស់​ស្មាត់​ប៉ា​មាន​ ប៉ា​ សមុទ្រ និង​ក្ដឹបប៉ះសេ ចំណែក​ក្រុម​បន្ទាយ​ឈើមាន​បន្ទាយ​ឈើ ចាវ ជឺឡុង និង​ឆ្លាំង​ប៉ះសេ។ ការ​ប្រកួត​ដូរទឹក​ដី​គ្នា​នេះ​ធ្វើ​ឡើង​នៅ​តារាង​បាល់ទះ SL ក្រុង​បាត់​ដំបង​វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់។ ចុះ​អ្នក​យល់​ថា​ជំនួប​ខាង​លើ​នេះ នឹង​ក្រសោប​បាន​អ្នក​ទស្សនា​ច្រើន​ដែរ​ឬ​ទេ?

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម