• 2022-01-20 09:12:01
  • បាល់ទះ

លោក សោម ចំណាប់ នឹងធ្វើការបកស្រាយរឿងលាឈប់ពីគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ក្រោយ​មាន​ប្រតិកម្មពី​អ្នកគាំទ្រ​

  • 2022-01-20 09:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទទួល​ដំណឹង​លោកគ្រូ សោម ចំណាប់ និង​កីឡាករ​៥​រូប​ទៀតរួម​មាន ជុក សោភា, ធី ម៉េងហួង, សំ សាមីត, ពេជ សុផុន និង ថុន លាភហេង លាឈប់​ពី​គ្រូបង្វឹក​និង​កីឡាករ​​ជម្រើសជាតិ​បាល់ទះ​ឆ្នេរខ្សាច់​ថ្មីៗ​នេះ​ បាន​ធ្វើ​ឱ្យ​បណ្ដាអ្នកគាំទ្រ​​​ជាច្រើន​​បង្ហាញ​អាម្មណ៍​សោកស្ដាយ ដ្បិត​​ការ​ប្រកួតព្រឹត្តិការណ៍ SEA Games លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​នឹង​មក​ដល់​នៅ​ខែឧសភាឆ្នាំ​២០២២​ខាង​មុខ។

លោកគ្រូ សោម ចំណាប់

ពាក់​ព័ន្ធ​នឹង​ការ​លាឈប់​នេះ ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​​ប្រតិកម្មជា​ខ្លាំង​និង​ដាក់​ការ​សង្ស័យ​ ប្រហែល​ក្រុម​ជម្រើស​ជាតិ​ឆ្នេរ​ខ្សាច់​មាន​បញ្ហា​ផ្ទៃ​ក្នុង​​មិន​ប្រក្រតី​​​កើត​ឡើង។

ដោយ​មាន​ការ​ចង់​ដឹង​ចង់​ឭ​អំពី​ការ​ចាកចេញ​ក៏​ដូច​ជា​ឆ្លើយ​តប​នៅ​នឹង​ប្រតិកម្ម​របស់​អ្នកគាំទ្រលោកគ្រូ សោម ចំណាប់ អតីត​ជម្រើសជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា បាន​ប្រកាស​ថា​លោក​នឹង​ធ្វើ​ការ​បកស្រាយបំភ្លឺ​នៅ​តារាង​បាល់​ទះ​វត្ត​នាគវ័ន្ត នៅថ្ងៃ​ស្អែក​​​វេលា​ម៉ោង​ ២​រសៀល​ត​ទៅ​។

គួរ​បញ្ជាក់​ថា លោកគ្រូ សោម ចំណាប់ និងបងប្រុស​បង្កើត​លោកគ្រូ​ សោម ណារិទ្ធ ​ធ្លាប់ជម្រើសជាតិបាល់ទះលើក្ដារនិងឆ្នេរខ្សាច់កាល​នៅ​ជា​កីឡាករ​ល្អ​។ បច្ចុប្បន្នលោកទាំងពីរ ជាគ្រូជំនួយ​បាល់ទះលើក្ដារនៅក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយ​លោកគ្រូ សោម ចំណាប់ ក៏មានតួនាទី​ជាគ្រូបង្វឹកជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ដែល​ត្រូវបានតែងតាំងនៅឆ្នាំ២០២០ ដល់​ឆ្នាំ​២០២១ ដើម្បី​ដឹកនាំ​ត្រៀមការប្រកួត​ស៊ីហ្គេមឆ្នាំ​២០២១​នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។

លោកគ្រូ សោម ណារិទ្ធ និង​លោកគ្រូ​ សោម ចំណាប់

​រឿងមួយនឹកស្មានមិនដល់របស់​បងប្អូន​បង្កើត​ទាំង​ពីរ​នេះ គឺ​ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Game) ឆ្នាំ២០០៦ លោក សោម ចំណាប់ និង សោម ណារិទ្ធ ដែលតំណាងឱ្យកម្ពុជា បានទម្លាក់ប្រទេសម្ចាស់បផ្ទះកាតានៅវគ្គបើកឆាក ក្នុងលទ្ធផលឈ្នះ២សិតទល់នឹងសូន្យ លើវិញ្ញាសារកីឡាបាល់ទះឆ្នេរខ្សាច់ផ្នែក​បុរស បង្កឱ្យមានការភ្ញាក់ផ្អើលដល់បណ្ដាញសារព័ត៌មានល្បីៗ ដូចជាសារព័ត៌មានប្រទេសជប៉ុនជាដើម។

អំឡុងពេលនោះធន់ធានដ៏សំខាន់របស់កម្ពុជា បានជួយឱ្យកម្ពុជាឡើងដល់វគ្គ១២ក្រុម ក្នុងចំណោមប្រទេសចូលរួមជាង៤០ ប៉ុន្តែត្រូវធ្លាក់វិលមកកាន់ទឹកដីកំណើតវិញ ក្រោយចាញ់ប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី