• 2022-01-18 08:11:24
  • បាល់ទះ

មក​ដឹង​ច្បាស់​រឿង វ៉េត សុវណ្ណនាថ ចូល​ហាត់​ក្លឹបបាល់ទះមួយ​នៅ Connecticut សហរដ្ឋ​អាមេរិក​

  • 2022-01-18 08:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ដាវ​ឈ្មោល​ វ៉េត សុវណ្ណនាថ ត្រូវ​បាន​ក្លឹប​បាល់ទះ​មួយ​នៅ​រដ្ឋ Connecticut សហរដ្ឋ​អាមេរិក​អញ្ជើញ​ឱ្យ​ចូល​ធ្វើ​តេស្ត​សមត្ថភាព​ ត្រូវ​បាន​ផេក​កីឡាបាល់ទះ​នានាចុះផ្សាយ​ និង​ចែករំលែក​​យ៉ាង​ច្រើន​កាល​ពី​ម្សិល​មិញ​។ ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ដឹង​ព័ត៌មាន​លំអិត​​យ៉ាង​ណា​នោះ​ទេ។

អាវុធថ្មី​របស់ វ៉េត សុវណ្ណនាថ ក្រោយ​ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូល​ធ្វើ​តេស្តសមត្ថភាព

​​ដៃ​គូ​សឺវីស​ឥត​ស្រមោល​ម៉ាប់​ឆ្វេងពិត​ជា​ត្រូវ​បាន​អញ្ជើញ​ដោយ​ក្លឹបនោះ​មែន [ក្លឹប​​​មិន​ត្រូវ​បាន​បញ្ជាក់​ឈ្មោះ​]។ ចំពោះ​ដំណើរ​ដើម​ទងនៃ​ការ​ចូល​ធ្វើ​តេស្ត​សមត្ថភាព ស្មាត់​ធំ​របស់​កម្ពុជា​រូប​នេះប្រាប់​ថា គេ​បាន​ស្គាល់​បងប្រុស​មួយ​រូប​រស់​​នៅ​សហរដ្ឋអាមេរិក​ ហើយ​បងប្រុស​រូប​នោះ​ស្គាល់​មិត្តភ័ត្តិ​ជនជាតិ​អាមេរិក ដែល​ជា​គ្រូបង្្វឹក​បាល់ទះ​នៅ​ក្លឹប​នោះ​។ ដូច្នេះក្រោយ​មើល​ឃើញ​ពី​​​ទេពកោសល្យ និង​ល្បី​ល្បាញ​របស់​សុវណ្ណនាថ​​នៅ​កម្ពុជា បុរស​រូប​នោះ​ក៏​បាន​សុំ​ឱ្យ​សុវណ្ណនាថ​ចូល​ធ្វើ​តេស្ត​សាក​ល្បង​​។ ​

បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​គ្រូ​បង្វឹក​នៅ​ក្លឹប​បាល់ទះ​មួយ​នោះ​ហើយ វ៉េត សុវណ្ណនាថ​ ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ចូល​តេស្ត​សាក​ល្បង​សមត្ថភាពចំនួន​មួ​យខែ ដោយ​​ក្នុង​មួយ​សប្ដាហ៍ត្រូវ​ហ្វឹកហាត់​​ម្ដង និ​ង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ ចាប់​ពី​វេលា​ម៉ោង​៥​ត​ទៅ​។

វ៉េត សុវណ្ណនាថ បាន​បញ្ជាក់​ថា ៖«នៅ​ទេ​បង​មិន​ទាន់​ពេញ​សិទ្ធ​ទេ​បង ​គ្រាន់​តែ​គេ​អញ្ជើញ​យើង​ទៅ​សាក​​សមត្ថភាព​​​បង បើ​យើង​ល្អ​គេ​ឱ្យ​ចូល​ក្លឹប​នៅ​រដ្ឋ Connecticut ហ្នឹង​បង ភាគច្រើន​មើល​ទៅ​សង្ឃឹម​ច្រើន​បង»។

ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​ក្លឹបក៏ដូចជា​ឈ្មោះ សុវណ្ណនាថមិន​ទាន់​បាន​បញ្ជាក់​ថានៅ​​ឡើយទេ ប៉ុន្តែ​យ៉ាងណា​ Sabay នឹង​ធ្វើ​បច្ចុប្ប​ន្ន​ភាព​​​ជូន​ប្រិយមិត្ត​អ្នក​អាន​នៅ​ពេល​ក្រោយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម