• 2021-12-13 06:02:56
  • បាល់ទះ

ម៉េងឡាយ ធ្វើបានល្អ​និងជួយក្រុមឈ្នះជើងឯកពានតារាង​បាល់ទះព្រែកជ្រៃ

  • 2021-12-13 06:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមយុវជនបាល់ទះ ឬត្រូវបានគេស្គាល់ជាក្រុមក្រសួងមហាផ្ទៃឈុត​ B ទទួលបានជើងឯកក្នុង​ការប្រកួតដណ្ដើម​ពានរង្វាន់តារាងបាល់ទះព្រែកជ្រៃ ក្រោយទម្លាក់ក្រុមបាល់ទះបងប្អូនល្អ (ក្រសួង​មហាផ្ទៃ A) ២ សិតទល់ ១ សិតកាលពីរសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១​។

យុវជន មឿន ម៉េងឡាយ

ការ​ដណ្ដើមបានជ័យជម្នះរបស់​ក្រុមយុវជនបាល់ទះ គឺមានការចូលរួមចំណែកយ៉ាង​សំខាន់ពីយុវជនវ័យ១៧ឆ្នាំ មឿន ម៉េងឡាយ។ ម៉េងឡាយ ធ្វើបានល្អទាំងការម៉ាត់ផ្ដាច់ធ្ងន់ៗ ការចាប់សេវា ការធ្វើរនាំង ជាពិសេសការលោតវាយសេវាដ៏មុតស្រួចរបស់គេទៅលើគូប្រកួតតែម្ដង។

បច្ចុប្បន្នយុវជនកម្ពស់ខ្ពស់១,៩៥ម៉ែត្រ កំពុងហ្វឹកហាត់​ចាប់យកជំនាញស្មាត់នៅក្លឹបបាល់ទះក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងសមត្ថភាពលោក​ អ៊ូ សុផល គ្រូបង្វឹក​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​ធ្លាប់បានលើកឡើងថា ម៉េង​ឡាយ​ជាកីឡាករមានគុណភាព និង​លោតបានខ្ពស់ ហើយ​ថ្ងៃអនាគតយុវជនរូបនេះអាចនឹងក្លាយជាកីឡាករដ៏​ល្អមួយរូបរបស់កម្ពុជា។

ក្នុងការប្រកួតបីស្មើដណ្ដើមប្រាក់លានតារាងបាល់ទះព្រែកជ្រៃ ក្រុមយុវជនបាល់ទះដែលមានសមាជិក​ មឿន ម៉េងឡាយ, ស្នា​លេខ​៥ និង ឈួន ប្រសិទ្ធ ទទួលបានចំណាត់​ថ្នាក់​លេខ១ បានប្រាក់៤លានរៀល ខណៈក្រុមបងប្អូនល្អដែលមាន​ស្មាត់ យក្ស, ប៊ន ណារិទ្ធ និងយុវជន​វ័យ​១៦​ឆ្នាំ​ ខុម ហុងទ្រី ទទួលបានចំណាត់ថ្នាក់លេខ២ បានប្រាក់រង្វាន់២លានរៀល។

គួរបញ្ជាក់ថា ការ​ប្រកួត​ពាន​រង្វាន់បី​ស្មើ​​មួយ​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​តែ​​២​ថ្ងៃ (សៅរ៍-អាទិត្យ) និង​​មាន​៨​ក្រុម​​ប៉ុណ្ណោះ។ ​ក្រុម​នីមួយៗ​ត្រូវ​​ប្រកួត​ជម្រុះ​មួយ​សិត​ចាញ់​ធ្លាក់ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រោយ​ឆ្លង​​កាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ ចុង​ក្រោយ​កម្មវិធី​បាន​រក​ឃើញ​ជើង​ខ្លាំង​២​ក្រុមគឺក្រុម​យុវជន​បាល់ទះ និង​ក្រុម​បងប្អូន​ល្អ។ ក្រុម​ទាំង​ពីរ​ត្រូវ​ប្រកួត​៣​សិត ក្រុមឈ្នះ​២​សិត​នឹងឈ្នះ​ជើង​​ឯក​ប្រចាំ​ការប្រកួត។ ក្រុម​យុវជន​បាល់ទះ​បាន​ចំណាាត់​ថ្នាក់​លេខ​១ ខណៈ​ក្រុម​បងប្អូន​ល្អ​បាន​ចំណាត់​ថ្នាក់​លេខ​២៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី