• 2021-11-30 03:28:18
  • បាល់ទះ

កក្រើកហើយ! ការប្រកួតបាល់ទះដណ្ដើមមេដាយមាស ISI PIPE-ISI PALM ក្រុមជើងឯកបាន ២០ លានរៀល

  • 2021-11-30 03:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតបាល់ទះ៤ស្មើពាក់កណ្ដាលអាជីព ដណ្ដើមមេដាយមាសពានរង្វាន់ «អធិរាជបាល់ទះ ISI PIPE-ISI PALM 2021» នឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខ ដោយមានរយៈពេលមួយរដូវកាល (៥ខែ)។

លោក ស៊ ដាវុធ អ្នកសម្របសម្រួលកម្មវិធី បានឱ្យ​ដឹងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចម្សិលមិញថា មួយរដូវកាលមានរយៈពេល​៥ខែ ដោយមួយខែៗមាន៨ក្រុម។ ៨ក្រុម​នេះ​​ត្រូវប្រកួតជ្រើសរើសយក​លេខ​១និងលេខ២ ដើម្បី​ឡើង​ទៅ​​វគ្គផ្ដាច់ព្រ័ត្រនៅខែទី៥ ដែលខែប្រកួតបិទបញ្ចប់រដូវកាល​នៃ​កម្មវិធី​។

ការប្រេកួតប្រចាំខែទី១នឹងធ្វើឡើងនៅថ្ងៃទី០២ ដល់ ២៤ធ្នូ ឆ្នាំ២០២១ ហើយការប្រកួតទៀត​សោត ធ្វើតែថ្ងៃព្រហស្បត្តិ៍ និងសុក្រ​ ចាប់​ពី​វេលាម៉ោង ៦ល្ងាចតទៅ។

ការជ្រើសរើសតែថ្ងៃ ព្រហស្បតិ៍ និងសុក្រនេះដែរ លោក ស៊ ដាវុធ បានប្រាប់ថា ធ្វើឡើងដើម្បីសម្រួលដល់កីឡាករ ដ្បិតពួកគេមិនមានពេលគ្រប់គ្រាន់ ខណៈកីឡាករខ្លះរវល់ការងារ និង​ការប្រកបអាជីវកម្មផ្សេង​ជាដើម។

លោក ស៊ ដាវុធ អ្នកសម្របសម្រួលកម្មវិធី

- ប្រាក់រង្វាន់ប្រចាំ​ខែ​នីមួយៗ និង​វគ្គផ្ដាច់ព្រ័ត្រ​បិទ​រដូវ​កាល​

សម្រាប់ការប្រកួតប្រចាំខែនីមួយៗ លេខ១ទទួលបាន ៦ លានរៀល (១,៥០០ដុល្លារ) លេខ២បាន ៣ លានរៀល (៧៥០ដុល្លារ) ចំណែក​លេខ៣និងលេខ៤មានថវិកាលើកទឹកចិត្ត។

ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រនៅខែទី៥ (បិទរដូវកាល) លេខ១ទទួលបាន ២០លានរៀល ខណៈលេខ២ទទួលបាន ១០លានរៀល។

- ការគិតពិន្ទុ និង​លក្ខខណ្ឌ​នៃការប្រកួត

សម្រាប់លក្ខខណ្ឌនៃការប្រកួតគឺគិត១៥ពិន្ទុ ប្ដូរសេវាទៅមក ហើយ​កីឡាករអាចប្ដូរគ្នាវាយសេវាសេរី អ្នកណាក៏អាចប៉ះសេ និងធ្វើស្មាត់បាន។ និយាយ​រួមការ​ប្រកួតនេះ ដូចទៅនឹង​ការប្រកួត​តាមសហគមន៍ដែរ ប៉ុន្តែខុសត្រង់មិនមាន​លេងប៉ះសេ​ចាប់បោះ បោកជាប់ដៃ ពោលគឺលេងតាមលក្ខណៈស្តង់ដារ។ ​វា​គឺ​ជា​ការ​ប្រកួត​ចាញ់​ធ្លាក់ (Knock out)។

- ចំនួន​ក្រុម​ចូល​រួមប្រកួត

ចំពោះ៨ក្រុមដែល​ត្រូវ​ប្រកួត​ប្រចាំខែទី១​មានក្រុម ក្រសួងមហាផ្ទៃ A, Conserv Players, យុវជនជាយដែន, ហង្សពិឃាដ, យុវជនកីឡាបាល់ទះ, Club Golden9, វរសេនាតូចអន្តរាគមន៍លេខ ២៥១ និងក្រសួងមហាផ្ទៃ B។

- ចំនួន​កីឡាករ​ក្នុង​មួយ​ក្រុម

ក្នុង​មួយ​ក្រុម​កម្ម​វិធី​តម្រូវ​ឱ្យ​មាន​៧​នាក់ ពោល​គឺ​គ្រូ​បង្វឹក​ម្នាក់ អ្នក​ដឹក​នាំ​ការប្រកួត​ម្នាក់​ និង​កីឡាករ​ចំនួន​៥​នាក់។ ការ​ប្រកួត​មាន​ទម្រង់ 4x4 ដូច្នេះ​កីឡាករ​លេង​នៅ​ក្នុង​ទីលាន​​ត្រូវ​មាន​៤​នាក់​ ខណៈ​​ម្នាក់ទៀត​ទុក​​ផ្លាស់ប្ដូរ។

- ក្រុមនិងកាលវិភាគប្រកួតសម្រាប់​សប្ដាហ៍ទី១

ថ្ងៃ០២ ធ្នូ ២០២១ ម៉ោង៦ល្ងាច

  • ក្រសួងមហាផ្ទៃ A VS Conserv Players

ថ្ងៃ០៣ ធ្នូ ២០២១ ម៉ោង៦ល្ងាច

  • យុវជនជាយដែន VS ហង្សពិឃាដ

- ក្រុមនិងកាលវិភាគប្រកួតសម្រាប់​សប្ដាហ៍ទី២

ថ្ងៃ០៩ ធ្នូ ២០២១ ម៉ោង៦ល្ងាច

  • យុវជនកីឡាបាល់ទះ VS Club Golden9 (ស្នងការ)

ថ្ងៃ១០ ធ្នូ ២០២១ ម៉ោង៦ល្ងាច

  • សេនាតូចអន្តរាគមន៍លេខ ២៥១ VS ក្រសួងមហាផ្ទៃ B៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់