• 2021-10-20 02:23:48
  • បាល់ទះ

អ៊ឹម ណារិទ្ធ ត្រេកអរពេលជម្រើសជាតិ​ឆ្នេរខ្សាច់កម្ពុជា ប្រមូលផ្ដុំហ្វឹកហាត់វិញ

  • 2021-10-20 02:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករជម្រើសជាតិឆ្នេរខ្សាច់​ អ៊ឹម ណារិទ្ធ បានសម្ដែងអារម្មណ៍រីករាយ ​ពេល​ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា នឹងបើក​ការ​ប្រមូលផ្ដុំហ្វឹកហាត់ឡើង​វិញនៅខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដើម្បី​ត្រៀម​ស៊ីហ្គេម​លើក​ទី​៣១​ នៅ​ប្រទេស​វៀត​ណាម និង​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

រូបតំណាង

កីឡាករត្រូវបានគេស្គាល់ថាតាក់អន្លង់វែង បានឱ្យ​ដឹងថា ៖«អ...! ចូលហាត់ឆ្នេរខ្សាច់ដាច់ខែហ្នឹងបង ព្រោះអីថ្ងៃ២៤ធ្វើតេស្ត [កូវីដ-១៩] លើកទី២បង រួចហើយមួយអាទិត្យក្រោយធ្វើតេស្តលើកទី៣ បើយើងអត់មានជំងឺទេ គេឱ្យ​ចូលហាត់ថ្ងៃដែលធ្វើតេស្តលើកទី៣តែម្ដងបង។ សប្បាយចិត្តបងសប្បាយចិត្ត ពេលឭថាប្រមូលផ្ដុំហាត់វិញបង»។

ក្រុមជម្រើសបាល់ទះឆ្នេរខ្សាច់កម្ពុជា បានផ្អាកប្រមូលផ្ដុំហ្វឹកហាត់តាំងពីខែមេសា ឆ្នាំ២០២១ ដោយពួកគេបានប្ដូរហ្វឹកហាត់តាមប្រព័ន្ធ Zoom ជំនួសវិញ ដើម្បី​ទប់​ស្ដាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩។

ពាក់ព័ន្ធ​នឹង​ស៊ីហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម បើ​តាម​ប្រសាសន៍របស់​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម​ បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​​​ដែល​បាន​លើក​ពី​ពេល​កន្លង​ទៅ​នេះ​ នឹង​ត្រូវ​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ២០២២ ប៉ុន្តែ​យ៉ាងណា​ភាគី​វៀតណាម​ ក៏​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ឲ្យ​ប្រាកដ​ដែរ​។​

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២១ ក្រុម​ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍​ បាន​ដាក់​ឱសានវាទ​ដល់​ប្រទេស​វៀតណាម​ឲ្យ​ឆ្លើយ​ថា​ រៀបចំ​ឬ​មិន​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣១​ នៅ​ខែ​តុលា​នេះ។​ នៅ​ថ្ងៃ​ទី១៨​ តុលា​ ២០២១​ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ វៀតណាមក៏​បាន​ឆ្លើយ​តប​និង​យល់ព្រម​ប្រារព្ធ​ពិធី​នេះ៕​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់