• 2021-10-11 03:00:59
  • បាល់ទះ

មិនធម្មតា! លោក ចាន់ សារ៉ន វ៉ៃមួយរ៉ូលស៊ី១០គ្រាប់​ជួយក្រុម​ឈ្នះ​៣​ពិន្ទុ

  • 2021-10-11 03:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ សារ៉ន បានធ្វើឱ្យ​អ្នកគាំទ្របាល់ទះមានការភ្ញាក់ផ្អើល ក្រោយលោកអាចរកបាន១០ពិន្ទុឱ្យ​ក្រុមកោះដាច់ និងជួយក្រុមដណ្ដើមបាន​៣ពិន្ទុពី​ក្រុម S&E Cambodia ក្នុងការប្រកួតសន្សំពិន្ទុដណ្ដើមពានរង្វាន់ Special Volleyball Challenge 2021 កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ។

លោក ចាន់ សារ៉ន ពាក់លេខ២

ការរកបាន១០ពិន្ទុឱ្យ​ក្រុមក្នុងមួយរ៉ូលបែននេះ អតីតកីឡាករបាល់ទះអាជីព ចាន់ សារ៉ន មិនធ្លាប់ធ្វើបានទេពីមុនមក ហើយ​ជាលើកដំបូងរបស់​លោកតាំង​ពី​ចេះ​លេង​បាល់​ទះ​មក​។

បើតាមការបញ្ជាក់បន្ថែម​របស់អតីតស្មាត់ធំដដែល ១០ ពិន្ទុនេះដែរ មិនមែនលោកវាយសេវាស៊ីទាំងអស់នោះទេ ពោលគឺស៊ីខ្លះនិងខាងក្រុម S&E ធ្វើមិនឆ្លងខ្លះ។

លោក បានបញ្ជាក់ថា ៖«សិតទី២! តាំងពីពិន្ទុ៧ស្មើ រហូតដល់ខាងខ្ញុំឡើង ១៧ ទល់នឹង ៧។ [ខ្ញុំ] មិនដែលនឹកស្មានថា ក្នុងមួយរ៉ូលខ្ញុំអាចរកបាន១០ពិន្ទុឱ្យ​ក្រុមទេតាំងពីខ្ញុំចេះលេងមក អត់ដែលដូចលើកហ្នឹងទេ វាដូចជាសំណាងម៉េចមិនដឹង»។

មិនតែប៉ុណ្ណោះ អ្នកប៉ះសេក្រុមកោះដាច់រូបនេះ ថែមទាំងបាំងស្មាត់ សែត តេង បានមួយគ្រាប់ទៀតផង ដែលធ្វើឱ្យ​អ្នកទស្សនាកាន់តែភ្ញាក់ផ្អើល និង​កោត​សរសើរ​មិន​ដាច់​ពី​មាត់​។

លទ្ធផល កាលពីថ្ងៃតិ៩ តុលា​ ២០២១

ឆ្លង​កាត់​៥​ប្រកួត​ក្នុង​វគ្គសន្សំពិន្ទុពូល A ក្រុម​កោះដាច់​ឈរ​ចំណាត់ថ្នាក់​លេខ​៥ មាន៥​ពិន្ទុ លើស​ក្រុម​បាត​តារាង S&E Cambodia ៣ពិន្ទុ ខណៈ​លេខ​១​បាន​លើ​វិសាខាមាន​១៥ ពិន្ទុ លេខ​២ PS Concrete មាន​៩ពិន្ទុ លេខ​៣​ កងពលធំអន្តរាគមន៍លេខ​៣មាន​៩​ពិន្ទុ លេខ៤ ស្នងការ​មាន​៥​ពិន្ទុ។

ចំណែក​ពូល A លេខ​១​បាន​លើ​ក្រុម​ក្រសួង​មហាផ្ទៃមាន១២ពិន្ទុ ឆ្លងកាត​់ ៤ប្រកួត លេខ​បាន​លើក្រុម​បាល់ទះ​អធិរាជប្រអប់​មាន​៨ពិន្ទុ លេខ​៣​បាន​លើ​ក្រុម​អភិវឌ្ឍយុវជន​ខេត្ត​បន្ទាយ​មាន​ជ័យមាន៦ពិន្ទុ លេខ​៤​បាន​លើ​ក្រុម​បាល់ទះគង់នៅ​វត្ត​ប្រាសាទមាន​៤ពិន្ទុ និង​លេខ​ចុង​ក្រោយក្រុម​បាល់ទះ​យុវជន​ស្រុក​ល្វាឯមមាន​ ០ពិន្ទុ។

គួរបញ្ជាក់ថា នៅ​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០២១ ក្រុម​លេខ​១​ពូល A នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​២​ពូល B លេខ​១ពូល B នឹងត្រូវប្រកួត​ជាមួយ​លេខ​២ពូល A។ ថ្ងៃ​ទី​១៧ តុលា ប្រកួត​រក​លេខ​៣ លេខ​៤ និង​​លេខ​១ លេខ​២ ប្រចាំ​ការ​ប្រកួតពានរង្វាន់ Special Volleyball Challenge 2021៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់