• 2021-09-30 02:57:13
  • បាល់ទះ

លោកគ្រូ ស៊ីន ចន្ថា៖ វ៉ន មនោ ជាកីឡាករមានសមត្ថភាពល្អណាស់!

  • 2021-09-30 02:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីទើបជួបគ្នាក្នុងរយៈពេលខ្លីក្ដី ប៉ុន្តែលោកគ្រូ ស៊ីន ចន្ថា អតីតស្មាត់​ឆ្វេងរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានសង្កេតឃើញស្មាត់មកពីខេត្តព្រៃវែង វ៉ន មនោ មានសមត្ថភាពល្អ​អាចនឹងក្លាយជាអាជីពដ៏ល្អម្នាក់នាថ្ងៃអនាគត។

គ្រូ​បង្វឹក​ក្រុម​ S&E លោក ស៊ីន ចន្ថា

ការសង្កេតឃើញនេះបានកើតឡើង ក្រោយលោកចូលដឹកនាំក្រុម S&E Cambodia ប្រកួតប្រជែងដណ្ដើមពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 ដែល​មាន​១១​ក្រុម​ចូល​រួម​។

គ្រូបង្វឹក​មានឈ្មោះអំឡុង​ឆ្នាំ២០០៧ ដល់ ២០១៣ បានរៀបរាប់ថា ៖«ក្នុងមួយអាទិត្យនេះខ្ញុំឃើញកីឡាករនោ គាត់មានសមត្ថភាពល្អ ការផ្ដាច់ការធ្វើរនាំងក៏គ្រាន់បើ គ្រាន់តែការផ្ដាច់របស់គាត់ គាត់ហ៊ាន!...គីឡាករនោគាត់នឹងអាចក្លាយជាកីឡាល្អនៅថ្ងៃក្រោយ ឱ្យ​តែគាត់យកចិត្តទុកដាក់ហាត់ អាចល្អទៅជាលក្ខណៈថា វាមិនបាន៦០ ៧០%ពីបរទេស ក៏គាត់អាចលេងបានដែរគឺគាត់ហ៊ានលេង កាយសម្បទាគាត់ក៏ល្អ។ នោជាកីឡាករមានសមត្ថភាពល្អណាស់!»។

ទោះបីជាយ៉ាងណា គ្រូបង្វឹកធ្លាប់ជាអតីតកីឡាករអាជីពមាន​ជំនាញគប់សេវា និងម៉ាត់ផ្ដាច់ដដែល​នេះ ក៏យល់ឃើញស្មាត់នោព្រៃវែងនៅមានចំណុចខ្វះខាតច្រើនដែលត្រូវពង្រឹងបន្ថែម។

លោក ពន្យល់​បែប​នេះ​​ ៖«សមត្ថភាពគាត់នៅមានកំណត់ អ៊ីចឹងហើយកីឡាករមួយរូបមិនអាចហាត់មួយឆ្នាំឬពីរ​ឆ្នាំថាល្អទេ តែងតែមានការខ្វះចន្លោះ ការចាប់សេវាខ្សោយ ធ្វើរនាំងខ្សោយ ឬមួយការពារខ្សោយ។ កីឡាករមួយរូបៗ បើល្អគ្រប់លក្ខណៈនោះគឺកាន់តែល្អ សំខាន់បំផុតទីមួយបាំង ទី២សេវា ទី៣ការពារ ទី៤គឺការផ្ដាច់។ សំខាន់បំផុតគឺការផ្ដាច់!»។

កីឡាករ​ វ៉ន មនោ

លោកបន្តថា​ បើសិនជាមនោ​ខំប្រឹង​ហ្វឹកហាត់ខ្លួនឯងបន្ថែម​បន្ទាប់​ពី​ក្លឹប ​គេ​នឹង​អភិវឌ្ឍ​ខ្លួន​កាន់តែល្អ​ ព្រោះនៅកម្ពុជាកម្ររមាន​ឆ្វេង ហើយក៏កម្រមាន​អ្នកមានសមត្ថភាពដូច​គេដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នស្មាត់កើត​នៅ​ភូមិប្រឹក្សាទី២ ឃុំស្មោងត្បូង ស្រុកកំចាយមារវ័យ២៦ឆ្នាំ ជាកីឡាកររបស់​ក្រុម​បាល់ទះ​អង្គរក្សការពារផ្ទាល់។ គេចូលហាត់នៅក្រុមមួយនេះនៅឆ្នាំ២០១៩ និងធ្លាប់ចូលរួមប្រកួតពានរង្វាន់មហាជនម្ដងនៅឆ្នាំ២០២០ ដោយកាល​នោះ​ក្រុមរបស់គេទទួលបានចំណាត់ថ្នាក់លេខ៣៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម