• 2021-09-13 03:49:51
  • បាល់ទះ

អ្នកគាំទ្រណែនៗ! ដាវញីឈ្មោលលេង​ធ្លាក់បន្តិចមែន ប៉ុន្តែប្រជាប្រិយភាពនៅតែខ្លាំងដដែល

  • 2021-09-13 03:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីជាបច្ចុប្បន្ន ក្រុមដាវញីឈ្មោល លេងមិន​សូវ​ឈ្នះ​ស្មាត់​ជំនាន់​ក្រោយតួយ៉ាង​​​ យុន រាជ ឌូក ក្ដូ ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេដូច​ជា​​មិនថមថយឡើយ ដ្បិត​មាន​អ្នក​ទស្សនា​គាំទ្រ​យ៉ាង​ច្រើនកុះករ​ ប្រៀបបី​ដូច​ការប្រគុំ​តន្ត្រី​អី​ចឹងដែរ។

ម៉ាប់​ឆ្វេង (ឆ្វេង) សុវណ្ណនាថ (ស្ដាំ)

គេសង្កេតឃើញថា អោយតែកន្លែងណាមានការប្រកួតរបស់ដាវញីឈ្មោល កន្លែងនោះតែងមានអ្នកទស្សានាច្រើនកកកុញ ជាពិសេសនៅតាមបណ្ដាខេត្ត។

លោក ហាក់ សម្រស់ អ្នកតាមដានការប្រកួតបាល់ទះ​ក្រៅផ្លូវការមួយរូបបានប្រាប់ Sabay ថាប្រជាប្រិយភាពរបស់ដាវញីឈ្មោល ឬ ម៉ាប់ឆ្វេង សុវណ្ណនាថ នៅមានសន្ទុះគាំទ្រខ្លាំងដដែល ព្រោះ​ពួកគេជា Legend ហើយ​សូម្បីក្មេងៗអាយុ៥ឆ្នាំក៏ស្គាល់ និង​ហៅ​ឈ្មោះ​ចាំ​មាត់​ដែរ។

លោកបានបញ្ជាក់បែបនេះ ៖«ប្រជាប្រិយភាពនៅដដែល តែការលេងទើបធ្លាក់ ក្មេងៗមកក្រោយៗគេល្អជាង។ អាចនិយាយបានថាគាត់ជា Legend ហើយកីឡាបាល់ទះស្រុកខ្មែររីកសាយទូលំទូលាយនៅសម័យគាត់ដែរ ដោយមានការជ្រោមជ្រែងពីប្រព័ន្ធផ្សព្វផ្សាយ រហូតគេដាក់រហស្សនាមដាវញីឈ្មោល សឹងតែក្មេងអាយុ៥ឆ្នាំ ក៏ស្គាល់ហៅរត់មាត់ដែរ»។

លោក ហាក់​ សម្រស់​

ដោយឡែកអេដមីនស្រួច អ្នកឡាយបាល់ទះមួយរូបប្រចាំផេក MS168 Sport យល់ឃើញដូចការលើកឡើងខាងលើដែរ គឺប្រជាប្រិយភាពរបស់ដាវញីឈ្មោលមិនធ្លាក់ទេ។ ផ្ទុយទៅវិញម៉ាប់ឆ្វេង សុវណ្ណនាថ កាន់តែល្បីជាងមុនដ្បិតថាសព្វថ្ងៃ ពួកគេមានតារាងបាល់ទះខ្លួនឯងនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

អ្នកឡាយសំឡេងស្រួយស្រេះរូបនេះ ពន្យល់ថា៖ «ប្រជាប្រិយភាពរបស់បងម៉ាប់និងសុវណ្ណនាថអត់ធ្លាក់ទេ ទៅលេងដល់ណាមនុស្សមើលច្រើនៗ...ឥឡូវគាត់បើកតារាងខ្លួនឯង អ៊ីចឹងកាន់តែធ្វើអោយគាត់មានចំណាប់អារម្មណ៍ពីអ្នកទស្សនា អ្នកគាំទ្រផ្សេងៗ...[ពួកគាត់​] ធ្លាប់នៅកាន់តារាងអោយគេ ដល់បើកតារាងខ្លួនឯងកាន់តែមានភាពល្បីល្បាញថែមមួយកម្រិតទៀត។ ម៉េចខ្ញុំថាប្រជាប្រិយភាពរបស់គាត់អត់ធ្លាក់ គឺរាល់ការប្រកួតរបស់គាត់គឺមនុស្សទៅមើលច្រើន ការប្រកួតផ្សេងៗអោយតែមានពួកគាត់លេង មនុស្សច្រើនៗណាស់ មិនថានៅព្រៃវែង កំពង់សោមទេ មនុស្ស​មើល​ច្រើនៗ​ណាស់!»។

អេដមីន ស្រួច

ចំណែកលោក រ៉ូ ចាន់ថន អ្នកឡាយបាល់ទះប្រចាំផេក SESR VOLLEYBALL TV នៅខេត្តសៀមរាប បានបង្ហាញការយល់ឃើញថា បើប្រៀបធៀបនឹងពីមុនប្រជាប្រិយភាពរបស់​ដាវញីឈ្មោលហាក់់ធ្លាក់បន្តិច ព្រោះអ្នកទាំងពីរពុំសូវ​បាន​ចេញ​លេង និង​គ្មានពេលគ្រប់គ្រាន់ដូចមុន។

លោក ចាន់ថន បានសង្កត់ធ្ងន់ថា ៖«បើនិយាយកាលពីមុនបើគាត់មកលេងនៅតាមខេត្ត មួយខេត្តហ្នឹងមកចង់អស់មួយចំហៀងហើយ អ្នកស្នេហាវិស័យកីឡាគឺថាមកខ្ទេចហើយ ឥឡូវក៏គាត់នៅតែមានដែរ គ្រាន់ថាយើងធៀបពេលដែលគាត់មានពេលវេលាគ្រប់គ្រាន់ អត់ទាន់កាន់តារាង តែបងប្អូនយើង​នៅតែគោរពស្រលាញ់គាត់ដដែលចឹង»។

អេដមីន រ៉ូ ចាន់ថន

អ្នកឡាយបាល់មានប្រភពមកពីខេត្តសៀមរាបដដែល​ បន្តថាបច្ចុប្បន្នកីឡាករដែលមានប្រជាប្រិយភាពខ្លាំងជាងគេនោះ​គឺក្រុម 2 Brothers, ទុយ កុសល ហៅយុនស្រែស្រែ ហើយនិង ទុយ រាជ ហៅអធិរាជប្រអប់ស្មាត់រាជ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់