• 2021-08-17 09:08:57
  • បាល់ទះ

ស្រីមុំ ​រាជ វិចិត្រ យល់យ៉ាងណាចំពោះការចង់ចាកចេញពីតួនាទី​ប៉ះសេ​របស់​លោក ស៊ ដាវុធ

  • 2021-08-17 09:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ ដាវុធ កាលពីពេលថ្មីៗនេះបានប្រកាសថា នឹកអាចចាកចេញពីតួនាទី​ប៉ះសេក្នុង​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​ ដ្បិតការលេង​របស់​លោកជាប់ស្អិត​ដៃ​ដែលជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ។

លោក ស៊ ដាវុធ ប្រគល់ពានជូនអ្នកខេត្ត​កណ្ដាលនៅ​តារាង​ព្រែកជ្រៃ

ក្នុងបទសម្ភាសន៍​ជាមួយ Sabay កាល​ពី​ម្សិលមិញ លោកដាវុធបានប្រាប់ថា ៖«ខ្ញុំរាល់ថ្ងៃនេះប្រឹងប្រែងកែប្រែណាស់រាល់ចំណុចជាប់ៗដៃហ្នឹង...ខ្ញុំគិតថាវាជាគំរូអាក្រក់មួយពេលលេងចឹងហើយផ្សព្វផ្សាយចេញទៅ។ ខ្ញុំឃើញរាល់ថ្ងៃមានក្មេងៗបានលេងដូចខ្ញុំដែរ មានក្មេងៗខ្លះបានចាប់ផ្ដើមលេងមកអាក្រក់មើលជាងខ្ញុំទៀត។ ខ្ញុំគិតថា បើសិនកែប្រែមិនបានទេ ខ្ញុំឈប់លេងតែម្ដង ដោយគ្រាន់តែចាប់គូឲ្យគេលេងវិញ។ និយាយទៅវាខ្មាស់ខ្លួនឯងដែរនៅពេលឃើញក្មេងៗលេងតាមចឹង ក្នុងនាមខ្ញុំជាអ្នកស្រលាញ់វិស័យមួយហ្នឹងខ្ញុំគិតថា ក្មេងៗគួរតែឈប់លេងជាប់ៗដៃចឹងទៅវាក្រក់មើលណាស់មិនថា បាល់បោក ឬប៉ះសេទេ...»។

កញ្ញា សែត ស្រីមុំ អ្នកស្នេហាវិស័យកីឡាបាល់ទះ និងតែងឃើញមុខនៅតាមតារានានានៅភ្នំពេញ បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះដំណឹង​ចាកចេញ​ ប៉ុន្តែកញ្ញា​ក៏គាំទ្រខ្លាំងណាស់ដែរបើលោកដាវុធឈប់លេងជាអ្នកប៉ះសេ ព្រោះការ​លេងរបស់លោកអាចជិះឥទ្ធិពលមិនល្អដល់ក្មេងៗជំនាន់ក្រោយ។

កញ្ញា ស្រីមុំ បានពន្យល់ថា ៖«បើសិនគាត់ឈប់លេងចឹងសោកស្ដាយដែរបង ព្រោះដោយសារ(ខ្ញុំ​)ធ្លាប់មើលលេង (យើង)ខំមិនបាញ់គាត់លេង បើគាត់ឈប់លេងសោកស្ដាយដែរ តែបើសិនគាត់កែអត់បានខ្ញុំគាំទ្របង ព្រោះវាជាទម្លាប់មិនល្អដល់ក្មេងជំនាន់គាត់ដែរ»។

ទោះលោកដាវុធឈប់លេង​ជា​អ្នកប៉ះសេ ស្រីមុំថានៅតែស្រលាញ់​គាំទ្រ ប៉ុន្តែដើម្បីអោយបាល់ទះក្រៅផ្លូវការកាន់តែមានភាពទំនើប និងល្អមើលអ្នកលេង​គួរតែហ៊ាន​លះ​បង់។

រាជ -ស្រីមុំ -វិចិត្រ

ចំណែកស្មាត់ ទុយ រាជ ដែលមានជំនាញទាំងបាល់ទះអាជីពនិងក្រៅផ្លូវការ និងជាកូនក្រុមដ៏ល្អរបស់លោកដាវុធ បានបង្ហាញទស្សនៈថា អ្នកលេងបាល់ទះជាប់ដៃមិនមែនមានតែលោកដាវុធម្នាក់ទេ តែបើលោកចង់ចាកចេញមែនឬអាច​កែ​ប្រែ​ទម្លាប់​នេះបាន​ អធិរាជប្រអប់ស្រុកខ្មែររូបនេះក៏​​គាំទ្រដូច​គ្នា​។

កីឡាកររបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស​បានបញ្ជាក់ថា ៖«ខ្ញុំគិតថាបើថាគាត់ចង់ឈប់លេង ឬចាកចេញពីអ្នកប៉ះសេចាប់បោះចឹងក៏ល្អម្យ៉ាងដែរ​ ព្រោះអីធម្មតាកុំអោយក្មេងៗរៀនលេងក្រោយៗមើលគំរូតាមអ្នកចាស់ៗ តែបើខ្ញុំគិតថាមិនមែនមានតែគាត់ម្នាក់ទេប៉ះសេចាប់បោះ ព្រោះអីមានអ្នកប៉ះសេច្រើន សូម្បីក្មេងៗជំនាន់ក្រោយឥឡូវក៏ប៉ះសេចាប់បោះ អ៊ីចឹងមិនមែនមានតែរូបគាត់មួយទេ»។

ដោយឡែក នួន វិចិត្រ អ្នកប៉ះសេដៃទីពីរប្រចាំក្លឹបបញ្ជាការដ្ឋានអង្គរក្ស និងជាកូនក្រុមរបស់លោកដាវុធដែរនោះក៏គាំទ្រពេញទំហឹងដូចគ្នា បើលោកឈប់លេងប៉ះសេជាប់ដៃ ឬអាច​កែ​ទម្លាប់​ជាប់​ដៃ​មក​បាញ់​ម្រាម​បាន​។ ទោះបី​ជា​យ៉ាងណាវិចិត្រថា វាអាស្រ័យទៅលើកាយ​សម្បទា និងវ័យរបស់ពួកគាត់​ដែរ​ ខណៈលោកដាវុធមិនអាចបាញ់ម្រាមដូចអ្នកប៉ះសេអាជីព​ឡើយ​។ ម្យ៉ាងលោក​ជាស្ពន់ស័រមានវ័យចំណាស់ និង​ចាស់​ទុំ​មួយ​រូប​ ក្នុង​ចំណោម​​ស្ពន់​ស័រវ័យ​ចំណាស់​ផ្សេង​ទៀត​​ តែ​បើគ្មាន​ក្រុម​ស្ពន់ស័រ​វ័យ​ចំណាស់​ទេ ក៏អាចនឹងពិបាកចាប់គូរលេងដែរ។

កីឡាករមកពីខេត្តស្វាយរៀងរៀបរាប់​ថា ៖«...តែអ្វីដែលបងវុធចង់និយាយគឺក្មេងៗ ក្មេងៗដែលទើបតែឡើងលេងជាប់ដៃជាប់អីច្រើន...លេងជាប់ដៃជាប់អីហ្នឹងសឹងតែទាំងអស់ហើយ គ្មានណាគេមួយដែលលេងស៊ីលុយអត់ចាប់បោះទេ ទាល់តែមានគូធំៗល្អៗតាមបណ្ដាក្លឹបមកលេងដូចជាណារិទ្ធ ណារ៉ូ អីចឹងទៅបានគេបាញ់ម្រាម ក្រៅពីហ្នឹងគឺចាប់បោះទាំងអស់ហ្នឹង»។

លោក អ៊ូ សុផល គ្រូ​ក្លឹប​ក្រសួង​មហាផ្ទៃ

មានបទពិសោធយូរឆ្នាំ និងជាគ្រូបង្វឹកនៃ​ក្លឹបបាល់ទះក្រសួងមហាផ្ទៃលោក អ៊ូ សុផល ក៏យល់ស្របតាមមតិរបស់អ្នកប៉ះសេ នួន វិចិត្រ ដែរ ព្រោះថាស្ពន់ស័រភាគច្រើនមានវ័យចំណាស់ កាយសម្បទាមិនសូវល្អ លេងដើម្បីកែអផ្សុកប៉ុណ្ណោះ។ ប៉ុន្តែបើសិនក្មេងៗមិនបានគិតដល់ចំណុចនេះ ពួកគេច្បាស់ជាមិនគិតបែបនោះឡើយ ហើយផ្ទុយទៅវិញបែរជាចាប់យកទម្លាក់អាក្រក់ទាំងនោះជា​មិន​ខាន​។

អតីតជម្រើសជាតិបាល់ទះលើក្ដារកម្ពុជារូបនេះ បាន​សង្កត់ធ្ងន់ថា ៖«បញ្ហាដែលស្ពន់ស័រគាត់លេងគាត់ជាប់ដៃហ្នឹងគឺថាគាត់របៀបមនុស្សចាស់ៗ គាត់ចង់លេងគាត់ចង់សប្បាយ អាហ្នឹងយើងហាមឃាត់គាត់អត់បានទេ ប៉ុន្តែអ្វីដែលជាទម្លាប់មិនល្អសម្រាប់ក្មេងៗគឺគាត់លេងតាមមនុស្សចាស់ ដែលគាត់កម្លាំងកាយកម្លាំងគាត់ខ្សោយ គាត់ចង់លេងធ្វើម៉េចអោយសប្បាយ តែក្មេងៗវាយកគំរូតាម ប៉ុន្តែក្មេងៗគាត់អត់គិតដល់ចំណុចហ្នឹងទេ ចំណុចល្អៗគាត់អត់រៀនតាម គាត់រៀនតាមតែចំណុចអាក្រក់ៗចឹង»។

គ្រូបង្វឹករូបនេះបាន​បន្តថា មានតែការផ្សព្វផ្សាយញឹកញាប់តាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា​ទេ ទើបអាចបញ្ជ្រាបព័ត៌មានទាំងអស់នេះបាន។ លោកក៏សំណូមពរដល់ក្មេងៗស្រលាញ់​វិស័យ​កីឡា​បាល់ទះ​ គួរ​កុំលេងជាប់ដៃតាមចាស់ៗដែល​មានកម្លាំងកំហែង​ និងរាងកាយមិនម៉ាំទាំ ដើម្បី​អភិវឌ្ឍ​វិស័យ​បាល់ទះ​អោយ​កាន់​តែ​រស់រវើក និង​ទាន់​សម័យ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់