• 2021-05-20 01:53:18
  • បាល់ទះ

ហេតុអ្វី ណារិទ្ធ ចង់​ចាប់​គូ​ជា​មួយ​ឥន្ទ្រី​ពិឃាដ ឌូក លេង​​ស៊ីហ្គេម​នៅ​វៀតណាម?

  • 2021-05-20 01:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើសិន​ជា​​​ជាប់​ជម្រើស​​៤នាក់​ បាន​ទៅ​លេង​​ស៊ីហ្គេម​នៅ​ប្រទេស​​វៀត​ណាម​ឆ្នាំ​នេះ អ៊ឹម ណារិទ្ធ ចង់​ចាប់​ដៃគូ​លេង​ជាមួយ​​រៀម​ច្បង​ ជុក សោភា ហៅ​ឥន្ទ្រី​ពិឃាដ​ឌូក ព្រោះតែ​កីឡាករ​របស់​ក្លឹប​​កងពលជា Idol របស់​គេយូរ​ឆ្នាំ​មក​ហើយ​។

អ៊ឹម ណារិទ្ធ ពេលកំពុងហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់

កីឡាករជាប់​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់​តាំង​ពី​ឆ្នាំ​២០២០ បាន​បង្ហើប​ថា ៖«ខ្ញុំចង់​ចាប់​ដៃគូ​ជា​មួយ​បងឌូក​ដោយសារ​ទី​មួយ គាត់​ជា​ Idol របស់​ខ្ញុំ ហើយ​ទី​ពីរខ្ញុំ​ស្រលាញ់​​គាត់​យូរ​ហើយ​ ដោយសារ​ឃើញ​ទម្រង់​គាត់​លេង​ស្អាត ហើយ​ខ្ញុំ​ក៏​ខំ​ហាត់​តាម​គាត់​ ដល់​ពេ​លឥឡូវ​ខ្ញុំ​មាន​ឱកាស​លេង​ជាមួយ​គាត់​ បើ​សិន​ជា​អាច​បើ​បាន​លេង​ជាមួយ​គាត់​ទៀត​ក៏​កាន់​តែ​សប្បាយ​ចិត្ដដែរ​»។

កីឡាករ​របស់​ក្លឹប​ស្នងការ មាន​ដើម​កំណើត​​ក្នុង​​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ដរ​មាន​ជ័យ បាន​យក​ឌូក​ធ្វើ​ជា​ Idol ប្រាំ​ឆ្នាំ​ហើយ ក្រោយ​ឃើញ​ស្មាត់​ធំ​រូប​នេះ លេង​បាល់​ប្រកួត​ល្អ​ឱ្យ​ក្លឹប​ពងពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​កាល​នោះ​ «​តាក់​អន្លង់​វែង» មាន​វ័យ​ប្រហែល​២០​ឆ្នាំ។

ទោះបីជា​យ៉ាងណា វា​គ្រាន់​ជា​ការ​យល់​ឃើញ​របស់​គេ​ប៉ុណ្ណោះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យល់​ឃើញ​របស់​ក្រុម​ទាំងមូល​ឡើយ ហើយ​​អ្វីៗ​​អាស្រ័យ​​​ទៅ​លើការ​រៀបចំ​របស់​ក្រុម​​គ្រូ​បង្វឹក​​តាម​ភាព​ជាក់​ស្ដែង។ យ៉ាងណា​ក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ អ៊ឹម ណារិទ្ធ មាន​ជំនឿ​ចិត្ត​ដល់​ ៦០% ក្នុង​ការ​ជាប់​ជម្រើស​បួន​នាក់​។

ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១​ នៅ​វៀតណាម សហព័ន្ធ​បាល់ទះ​កម្ពុជា​ នឹង​បញ្ជូនក្រុម​កីឡា​វិញ្ញាសារ​​បាល់​ទះ​ឆ្នេរ​ខ្សាច់​ផ្នែក​បុរស​ចំនួន​២​ក្រុម​ចូល​រួម។ ដូច្នេះ​ក្នុង​ចំណោម​៦នាក់ ដែល​បាន​នឹង​កំពុង​ហ្វឹកហាត់ ត្រូវ​ជម្រុះ​យក​៤​នាក់​ ដើម្បី​ត្រៀម​ការ​ប្រកួត​ដែល​នឹង​មក​ដល់​ថ្ងៃទី ២១ វិច្ឆិកា ដល់ ២ធ្នូ ឆ្នាំ​២០២១​ ក្នុង​ពេល​ខាង​មុខ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី