• 2021-05-06 03:03:08
  • បាល់ទះ

មិនស្គាល់ទើបចម្លែក! នេះហើយស្មាត់ ហ៊ុប ធ្លាប់​តឱ្យ​អ្នក​បុរី​កីឡា ៣ ទល់ ៧ នាក់

  • 2021-05-06 03:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សោម ភក្តី ហៅស្មាត់ ហ៊ុប ចាប់​ផ្ដើម​លេងបាល់ទះល្អក្នុង​ឆ្នាំ ២០១០ នៅអាយុ២២ឆ្នាំ ហើយ​លេងឡើងខ្លាំងបំផុតនៅអំឡុង​ឆ្នាំ​ ២០១៣ និង ២០១៤។

លោក សោម ភក្ដី ហៅ​ស្មាត់​ហ៊ុប

ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​ និង​មិន​អាច​បំភ្លេច​បាន

អំឡុងឆ្នាំ២០១២-២០១៣ស្មាត់ហ៊ុប លោក​គ្រូ សោម ចំណាប់ និង កែម រតនា ហៅកូនឳ ធ្លាប់តឱ្យ​ក្រុមបុរីកីឡា ៣ ទល់នឹង ៧ នាក់​ឯណោះ​នៅតារាងបាល់ទះវត្តភ្នំ។

អតីត​កីឡាករ​មានដើមកំណើតនៅខណ្ឌ​ឫស្សីកែវ បានប្រាប់​មកកាន់ Sabay ដូច្នេះថា ៖«កាលខ្ញុំចាប់ដៃគូលេង ខ្ញុំបីនាក់សោមចំណាប់ ខ្ញុំ និងរតនាហ្នឹង ខ្ញុំតឱ្យបុរីកីឡាបីដប់…នៅតារាងវត្តភ្នំ…បីដប់ហ្នឹងខ្ញុំចាញ់គេមួយសិត ហើយដកបីចេញសល់៧ខ្ញុំឈ្នះវិញ…»។

មិនតែប៉ុណ្ណោះបើក្រឡេកមើលឆ្នាំ២០១៥ លោកនិងទូចអង្គរក្ស ក៏ធ្លាប់តឱ្យ​អ្នកខេត្តសៀមរាបពីរប្រាំ និងឈ្នះពួកគេក្នុងលទ្ធផលពិន្ទុ ១៥ ទល់នឹង ៧។ ក្រោយឈ្នះការប្រកួតនេះ ស្មាត់វ័យ៣០ឆ្នាំត្រូវគេណាត់ឱ្យ​​ពីរ​ប្រាំ តទល់ជាមួយ​ក្រុម​ស្មាត់ឆាមកពីខេត្តបន្ទាយមានជ័យបន្តទៀត។ ចុង​ក្រោ​យ​ស្មាត់ហ៊ុបនៅ​តែ​ទទួលបានជ័យជម្នះ​ដដែល​។ ជំនួប​ពីរប្រាំនេះហើយជាការប្រកួត​ដ៏​ជក់ចិត្ត​ ដែលធ្វើឱ្យ​ស្មាត់រូបនេះចាំមិនភ្លេច។

បើគិតដល់ចំណុចពិសេសវិញ​ បុរស​កម្ពស់១,៨៦ម៉ែត្ររូប​នេះ មានជំនាញ​ល្អ​ក្នុង​ការ​ម៉ាត់ ធ្វើរនាំង ចាប់សេវារឹង និងវាយសេវា។ ជារួមល្អមួយចប់តែម្ដង។ ចំពោះការម៉ាត់ផ្ដាច់ ហ៊ុបមានបច្ចេកទេសវ៉ៃខុសគេ ពោលគឺវ៉ៃលិច៨ម៉ែត្រចុងលីង មិនពន្លិចនៅខាងមុខឡើយ។

ដៃគូដ៏សង់តង់របស់លោកគ្រូចំណាប់ កូនឪ និងចាន់ សារ៉ន បានពន្យល់ទៀត​ថា ៖«បាល់ខ្ញុំលេងដាច់ស្មាត់ល្អហ្នឹង គឺខ្ញុំវ៉ៃលិចតែ៨ៗម៉ែត្រទេ លីងក្រោយវាមាន៩ម៉ែត្រ តែខ្ញុំវ៉ៃហ្នឹងខ្ញុំយកតែលីង៨ៗម៉ែត្រទេបង ខ្ញុំខុសគេបង ខ្ញុំប្រើតែកដៃ ហើយភ្នែកខ្ញុំវ៉ៃខ្ញុំមើលឃើញ (ដីឬប្រឡោះស៊ី)»។

បើតាមអ្នកតាមដានបាល់ទះមួយរូប​បាន​​ឱ្យ​ដឹង​ថា ស្មាត់ហ៊ុបលេងល្អទាំងបាល់​ប្រកួតផ្លូវការ និងមិនអាជីព ហើយ​ថែម​ទាំង​ជួយក្រុមលើកពានផ្លូវការខ្លះ​ដែរ​ដូចជាពានរង្វាន់ខួប​កងទ័ព ពាន​រង្វាន់​ទូទាំងប្រទេស និងពាន​រង្វាន់​ស្រា​បៀរ​​លីអូ។

ក្លឹប​និង​ស្នាដៃ

ចូលមកដល់បាល់ទះអាជីព ស្មាត់ហុបដែលល្បីខ្លាំងកាលពី១០ឆ្នាំមុន ធ្លាប់លេងឱ្យ​ក្លឹបក្រសួងការពារជាតិ ក្លឹបឆ័ត្រយោង៩១១ ក្លឹបក្រសួងមហាផ្ទៃ និង​ក្លឹបស្នងការនគរបាលខេត្តបាត់ដំបង។

លោកជួយឱ្យ​ក្លឹបឆ័ត្រយោង៩១១ បានចំណាតថ្នាក់លេខ២ នៃពានរង្វាន់ខួបកងទ័ព (មិនចាំឆ្នាំ) ជួយក្រសួងមហាផ្ទៃបានលេខ១ នៃពានរង្វាន់ទូទាំងប្រទេស (មិនចាំឆ្នាំ) និងជួយស្នងការខេត្តបាត់ដំបងទទួលបានចំណាត់​ថ្នាក់​លេខ១ ពានរង្វាន់ស្រាបៀរលីអូក្នុងឆ្នាំ២០១៤ នៅពហុកីឡដ្ឋានជាតិ។

ប្រវត្តិ​ជាប់​ជម្រើស​ជាតិ

មានសមត្ថភាពក្នុងឆ្នាំ២០១១ លោក សោម ភក្ដី បាន​ជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងជម្រើស​ជាតិ​បាល់ទះក្នុងសាល ចេញ​ទៅ​លេង​​​ស៊ី​ហ្គេម​នៅ​ប្រទេសឥណ្ឌូណេស៊ី​ ក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលសហព័ន្ធបាល់ទះកម្ពុជា។

ស្មាត់​ហ៊ុប​បាន​បញ្ចប់​អាជីព​បាល់ទះ​របស់​ខ្លួន​​នៅ​ត្រឹម​ឆ្នាំ​ ២០១៧ ហើយ​បើ​តាម​ការ​សាកសួរ​ ព្រោះ​​លោក​អស់​និស្ស័យ​។ បច្ចុប្បន្ន​​សមត្ថភាព​របស់​លោក​​នៅ​សល់​ត្រឹម​តែ​២០%​ប៉ុណ្ណោះបើ​ធៀប​នឹង​ពីមុន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់