• 2021-05-04 08:45:44
  • បាល់ទះ

អ្នកណា​មិន​ស្គាល់ស្មាត់ ​សុន អតីតម្រើសជាតិពូកែ​ចាប់​បាំងល្បីខ្លាំងអំឡុងឆ្នាំ២០០០-២០០៣

  • 2021-05-04 08:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីគាស់កកាយកីឡាករល្បីៗជំនាន់មុនៗ មានប្រិយមិត្តជាច្រើនបានសំណូមពរឱ្យ​ Sabay លើកយកស្មាត់ ពេជ្រ សុន មកបង្ហាញ​។ ដើម្បី​ឆ្លើយ​តាមសំណូម យើងសូមលើកយក​ស្មាត់រូបនេះមកបង្ហាញដូចតទៅ។

បើតាមការឱ្យ​ដឹងពីលោកគ្រូ សោម ណារិទ្ធ គ្រូ​បង្វឹក​នៅ​ក្លឹប​ស្នងការនគរបាល​រាជធានី​ភ្នំពេញ លើ​ប្រកួតក្រៅផ្លុវការលោក ពេជ្រ សុន ចាប់ផ្ដើមមាន​កេរ្តិ៍​ឈ្មោះ​ល្បីខ្លាំង​ក្នុង​វិស័យ​បាល់ទះ នៅរវាងឆ្នាំ២០០០ ដល់ ២០០៣ ហើយលោកជំនាញក្នុងធ្វើរនាំង និង​​ផ្ដាច់​ក៏​បាន​ល្អ​។

លោកគ្រូបានបង្ហើបថា ៖«សុនហ្នឹងពីមុនបាំងល្អណាស់ បើសិនជាបោះកៀន​ៗដៃគាត់ គឺបោះអត់រួចដៃគាត់ទេ គឺគាត់ទះចូលទៅវិញ ឱ្យ​តែបោះកៀនដៃ ទាល់​តែបោះខ្ពស់ៗ បោះកៀនដៃដឹងតែទះចូលវិញ​ហើយ​»។

អំឡុងពេលលេងឡើងស្មាត់សុន ច្រើនតឱ្យ​គីឡូតាមខេត្ត ២ទល់៤ ឬ ២ទល់ ៥ លើកលែងតែខេត្តបន្ទាយមានជ័យប៉ុណ្ណោះ ដែលលេង ៣ទល់៤ ឬ ៣ទល់៥។ បើលេងពីរ​បីឬបី​បួន គឺ​លេងមិនទាន់ខាង​បន្ទាយមានជ័យឡើយ ដោយកាលនោះមានស្មាត់ខ្លាំង​មួយរូបឈ្មោះស្មាត់​ «សុង» របស់​ប៉េអឹមខេត្ត។

គីឡូតឱ្យ​គេខាងលើដែលលោក សោម ណារិទ្ធ បានលើកឡើងគឺស្មាត់សុន និងរូបលោកនេះឯង។ បន្ថែម​លើ​នេះ សូម្បីកីឡាករ​ហាត់បាល់អាជីពដូចគ្នា ក៏លោកនិងស្មាត់សុន តឱ្យ​បីបួនឬបីប្រាំដែរ បើលោកនៅជុំគ្នាជាមួយស្មាត់​សុន និងចក់អតីតលីប៊័រ៉ូរបស់ក្លឹបក្រសួងមហាផ្ទៃ។

បើការប្រកួតក្រៅផ្លូវការជាមួយវៀតណាម ឬប្រទេសផ្សេងទៀត នៅតាមបណ្ដោយព្រំដែនវិញ​ ក្រុមរបស់លោកភាគ​ច្រើនលេង ៣ស្មើ ៤ស្មើ និងចុងក្រោយតឱ្យ​គេ ២ទល់៤នាក់។

បើ​តាម​ប្រភព​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួ​យ​រូប​ទៀត ក៏​បាន​ឱ្យ​ដឹង​ដូច​គ្នា​ថា កាល​កំពុង​ពេញ​ឡើង​ដៃស្មាត់​សុនល្វាឯមឬសុន​អរីយក្សត្រមាន​រនាំង​​ល្អ។ ដោយ​ឡែកការ​​ម៉ាត់​វិញ​ អតីត​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល​កម្ពុជា និង​កីឡាករ​របស់​ក្លឹប​កង​ពលគឺ​ល្អ​មធ្យម​ ប៉ុន្តែ​អ្វី​ដែល​ល្អ​ងំ​គឺ​បាំង​នេះ​ឯង​។

សម្រាប់ព័ត៌មានអំពីប្រវត្តិបាល់ទះអាជីពរបស់លោក ពេជ្រ សុន Sabay នឹងលើកយកមកចុះផ្សាយ ចែក​ជូនប្រិយមិត្តអាននាពេល​ឆាប់​ៗ​ខាង​មុខ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់