• 2021-05-03 02:04:26
  • បាល់ទះ

ហេតុផលធំៗ២នេះហើយទើប សំ សាមីត ចូលរួមក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់

  • 2021-05-03 02:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើឃលញពីសមត្ថភាព និងការខំប្រឹងប្រែង សំ សាមីត ត្រូវបានសហព័ន្ធបាល់ទះកម្ពុជាកោះហៅឱ្យ​ចូល​រួម​ ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ ២០២១ នៅប្រទេស​វៀតណាម។

សំ សាមីត ស្មាត់​មក​ពី​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣

កីឡាកររបស់ក្លឹបកងពលធំអន្តាគមន៍លេខ៣ បានបង្ហើបអំពីការចូលរួមក្រុម​ជម្រើសជាតិនេះគឺ​ដោយសារ គេចង់ពង្រឹងសមត្ថភាពខ្លួនឯងឡើងវិញ ព្រោះបាល់ទះលើក្ដារ មិនសូវមានការហ្វឹកហាត់និងការប្រកួត គាប់ជួនជាងមួយឆ្នាំមកនេះ ពិភពលោករួមទាំងប្រទេសកម្ពុជា បាននឹងកំពុងជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ធ្វើឱ្យ​សកម្មភាពបាល់ទះលើក្ដារកាន់តែកាត់ផ្ដាច់។ ហេតុផល​ធំមួយទៀតគឺ​ស្មាត់​រូប​នេះ​ ចង់តំណាងកម្ពុជាប្រជែងប្រទេសផ្សេងៗលើឆាកអន្តរជាតិ។

កីឡាករ​វ័យ២៨ឆ្នាំកម្ពស់១,៧៨ម៉ែត្រ បានពន្យល់បែបនេះ ៖«ដោយសារខ្លួនឯងឥឡូវកំពុងតែធ្លាក់ បានជាប់ជម្រើសជាតិឆ្នេរខ្សាច់ យើងបានទៅហាត់លើឆ្នេរខ្សាច់ វាមានសំទុះឡើងវិញខ្លះៗ ណាមួយយើងអាចមានឱកាសចេញទៅលេងនៅក្រៅ ព្រោះឥឡូវបើអត់ជាប់លើឆ្នេរខ្សាច់ ក៏អត់សូវមានការហ្វឹកហាត់នៅលើក្ដារដែរ ដល់អ៊ីចឹងកីឡាករម្នាក់ៗចាប់ផ្ដើមធ្លាក់កម្លាំង បាត់បង់សមត្ថភាពច្រើន»។

ហេតុនេះហើយតាមរយៈ Sabay ថ្ងៃ​នេះ កីឡាករកងពលតាំងពីឆ្នាំ ២០១២ បាន​ស្នើសុំដល់សហព័ន្ធបាល់ទះ​កម្ពុជាក៏ដូចក្រសួងពាក់ព័ន្ធនានា ធ្វើយ៉ាងណាឱ្យ​មានការប្រកួតពីរទៅបីដងក្នុងមួយឆ្នាំ ដើម្បីសម្រួចសមត្ថភាព ដកស្រង់បច្ចេកទេសនិង​បទពិសោធ ដើម្បីត្រៀមការប្រកួតផ្សេងៗទាំងក្នុងនិងក្រៅប្រទេស​ ពិសេសពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣។

ក្រុម​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់ ត្រៀម​ជម្រុះ​យក​៤​នាក់​ទៅ​លេង​នៅ​វៀតណាម​

បច្ចុប្បន្នកីឡាករជម្រើសជាតិ​ ដែល​ត្រូវបានសហព័ន្ធកោះហៅហ្វឹកហាត់មាន៦នាក់គឺ អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ២០១៩ ជុក សោភា របស់កងពល និង ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ, អតីតកីឡាករបាល់ទះឆ្នេរខ្សាច់ឆ្នាំ ២០១៥-២០១៦ សំ សាមីត របស់កងពល, កីឡាករ អ៊ឹម ណារឹទ្ធ, ពេជ សុថុន របស់ស្នងការ និងកីឡាករ ថុន លាបហេង របស់កងពល។

យ៉ាងណាការប្រជែងដណ្ដើមយកកៅអី៤នាក់ទៅលេងស៊ីហ្គេលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម នាថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២១ សំ សាមីត មិនទាន់ហ៊ានថាជាប់ ១០០% ទេ ព្រោះកីឡាករទាំងអស់មានសមត្ថភាពល្អៗនិង​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែគេ​បានប្ដេជ្ញានឹងខិតខំឱ្យ​អស់ពីកម្លាំងកាយចិត្ត។

អ្នកភ្នំពេញរូបនេះបានបន្តថា ៖«អត់ហ៊ានថាដែរ ព្រោះគេសុទ្ធតែល្អៗចឹងដែរ ហើយណាមួយគេសុទ្ធតែខ្ពស់ៗជាងខ្ញុំ យើងរៀងស្ទើរកម្ពស់ជាងគេតិច ហើយគេល្អៗដែរ ម៉េងហួង ឌូកអីសុទ្ធល្អៗចឹងអត់ហ៊ានថា ដណ្ដើមបានឬមិនបានទេ មានតែជាក់ស្ដែងតាមហ្នឹង ខំប្រឹងហ្វឹកហាត់មើលតាមសមត្ថភាព គ្រូក៏គាត់មើលតាមសមត្ថភាពដែរ បើយើងកើតល្អគាត់ចុចឈ្មោះទៅ បើយើងនៅចំណុចដែលថាទៅអត់កើត គាត់អត់ឱ្យ​ទៅទេ ទាល់យើងត្រូវខំខ្លួនឯង»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី