- 2021-03-09 03:56:53
- បាល់ទះ
អ្នកលេងផ្លែសេវាវ័យក្មេង រស់ វេត កាន់តែជិតឃ្លាតឆ្ងាយពីបាល់ទះហើយ
- 2021-03-09 03:56:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងផ្លែសេវាវ័យក្មេង រស់ វេត កាន់តែជិតឃ្លាតឆ្ងាយពីបាល់ទះហើយ
ចន្លោះមិនឃើញ
អ្នកលេងផ្លែសេវាវ័យក្មេង រស់ វេត ជិតឃ្លាតឆ្ងាយពីអ្នកសេ្នហាវិស័យកីឡាបាល់ទះហើយ ក្រោយរូបគេធ្លាក់ឈ្មោះទៅធ្វើពលករផ្នែកឧស្សាហកម្ម នៅប្រទេសកូរ៉េខាងត្បូង។
បើតាមការបញ្ជាក់ពីស្មាត់វេតនាព្រឹកនេះ រូបគេកំពុងធ្វើតេស្តឈាម។ បើធ្វើតេស្តឈាមជាប់ នោះគេនឹងតម្រូវឱ្យបង់ថ្លៃសំបុត្រយន្តហោះតែម្ដង។
ស្មាត់ល្អទាំងផ្ដាច់ និងគប់សេវារូបនេះបន្តថា «ឥឡូវកំពុងធ្វើតេស្តឈាម ធ្វើតេស្តឈាមហើយដឹងលទ្ធផល គេហៅទៅបង់សំបុត្រយន្តហោះ ទើបបានដឹងថ្ងៃឡើងបង»។
ចំពោះអ្នកគាំទ្រក្រោយដឹងដំណឹងនេះ ពួកគេក៏បានបង្ហាញអារម្មណ៍សាទរ ជូនពរវេតជួបសំណាងល្អ មានសុខភាពមាំមួន ហើយនឹងជួបតែថៅកែល្អៗ។
បើនិយាយពីអារម្មណ៍នាពេលកន្លងមក យុវជនបានបង្ហាញការសោកស្ដាយ ដែលខ្លួនទើបតែលេងឡើងពីរបីឆ្នាំចុងក្រោយនេះ បែរជាឈប់ទៅវិញ។ យ៉ាងណាគេក៏សប្បាយចិត្ត ដែលប្រឡងជាប់ និងមានឱកាសទៅធ្វើការផ្នែកឧស្សាហកម្ម នៅប្រទេសស៊ីវិល័យមួយនេះ។
វេត ជាអ្នកលេងបាល់ទះមិនផ្លូវការល្អមួយរូប កើតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ យុវជនវ័យ២២ឆ្នាំ ចាប់ផ្ដើមលេងល្អក្នុងឆ្នាំ២០១៨ និងអាចលេងជាមួយគីឡូធំៗបាននៅអំឡុងឆ្នាំ ២០១៩-២០២០។
គួរបញ្ជាក់ថា នាថ្ងៃទី១០ ឬ១១ខែមីនា ឆ្នាំ២០២១ ស្មាត់វេត នឹងចាប់ដៃជាមួយអធិរាជប្រអប់ ទុយ រាជ និងអ្នកប៉ះសេ នួន វិចិត្រ តតាំងជាមួយអេគីបប៉ោយប៉ែត ដែលជាក្រុមមួយខ្លាំងឈ្នះស្ទើរអស់ស្មាត់ធំៗស្រុកខ្មែរ។ ប៉ុន្តែដោយសារស្មាត់វេតធ្លាក់ឈ្មោះទៅកូរ៉េ ស្របពេលស្ថានភាពឆ្លងជំងឺកូវីដក្នុងប្រទេសកំពុងកើនឡើង ទើបការប្រកួត៣ទល់៤នេះ ត្រូវបានលុបចោល ដើម្បីទប់ស្កាត់ការរីករាលដាល៕