• 2020-12-07 02:59:38
  • កីឡា​ផ្សេង​ៗ

កែវ​ សំណាង៖​ ខ្ញុំ​ស្គាល់​អារម្មណ៍​ជា​គ្រូ​ហើយ​ គ្មាន​ចង់​បាន​អី​ពី​សិស្ស​ទេ​ ចង់​ឲ្យ​តែ​សិស្ស​ឈ្នះ​

  • 2020-12-07 02:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​តេក្វាន់ដូ​ ITF​ កែវ​ សំណាង​ ថា​នៅ​ពេល​នេះ​ខ្ញុំ​យល់​ពី​អារម្មណ៍​ជា​គ្រូ​ហើយ​ គឺ​គ្មាន​ចង់​បាន​អ្វី​ទាំង​អស់​ពី​សិស្ស​ ពោល​ចង់​ឲ្យ​តែ​សិស្ស​ទទួល​ជោគជ័យ​ទៅ​បាន​ហើយ។​

កែវ សំណាង កំពុងចងប្រដាប់ការពារជើងឲ្យ​សិស្ស

កែវ​ សំណាង​ គ្រូ​បង្វឹក​តេក្វាន់ដូ​ ITF​ ក្លឹប​ថ្ម​ស​ ខេត្ត​កោះកុង​ បាន​ឲ្យ​ដឹង​ថា​ ពី​មុន​ខ្លួន​ឯង​ត្រឹម​ជា​សិស្ស​មិន​បាន​ដឹង​អ្វី​ច្រើន​ ឬ​យល់​អារម្មណ៍​គ្រូ​នោះ​ទេ។​ ប៉ុន្តែ​ឥលូវ​ខុស​ពី​មុន​ នៅ​ពេល​ក្លាយ​ជា​គ្រូ​គេ​ទើប​ដឹង​ថា​ វា​រំភើប​ និង​ខំប្រឹង​ប៉ុណ្ណា​ដើម្បី​ឲ្យ​សិស្ស​ឈ្នះ​ការ​ប្រកួត​នានា។​

គ្រូ​មក​ពី​ខេត្ត​កោះកុង​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ពេល​ក្លាយ​ជា​គ្រូ​គេ​អារម្មណ៍​អន្ទះអន្ទែង​ពេល​សិស្ស​ប្រកួត។​ អារម្មណ៍​គ្រូ​គឺ​គ្មាន​ចង់​បាន​អ្វី​ពី​សិស្ស​ឡើយ​ ចង់​ឲ្យ​សិស្ស​ជោគជ័យ​ជាង​ ខ្លួន​ឯង​ជោគជ័យ​ទៅ​ទៀត។​

កែវ សំណាង កំពុង​ឲ្យ​ទឹក​សិស្ស

រំលឹក​ដែរ​ថា​ កែវ​ សំណាង​ ជា​អតីត​ម្ចាស់​មេដាយ​មាស​២គ្រឿង​ នៃ​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​តេក្វាន់ដូ​ ITF​ អាស៊ីអាគ្នេយ៍​ ឆ្នាំ​២០១៦​ នៅ​កម្ពុជា។​ បច្ចុប្បន្ន​លោក​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​តេក្វាន់ដូ ​ថ្ម​ស​ ខេត្ត​កោះកុង។​ ចូលរួម​ប្រកួត​លើក​ទី១​ កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ ទើប​បញ្ចប់​នៅ​ភ្នំពេញ​នេះ​ ក្លឹប​ថ្ម​ស​ ឈ្នះ​មេដាយ​សំរឹទ្ធ​ ២គ្រឿង៕​

ក្រុមក្លឹបថ្ម​ស និង​ឯកឧត្តម​ កែវ រ៉េមី

វីដេអូ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់