• 2020-11-27 08:55:56
  • បាល់ទះ

ដឺមីអង្គរក្ស ៣១១ លន ចាន់នឿន ចង់រៀនតាម ផុល រតនៈ របស់វិសាខា

  • 2020-11-27 08:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះ​បញ្ជាការដ្ឋានអង្គរក្ស កងអន្តរាគមន៍ទី៣ការពារ​៣១១ លន ចាន់នឿន បានទម្លាយឱ្យដឹងថា គេចង់រៀនសូត្រតាមកីឡាករ ផុល រតនៈ ដ្បិតដឺមីវ័យក្មេងរបស់ក្លឹបបាល់ទះវិសាខារូបនេះ មានទេពកោសល្យ សមត្ថភាពខ្ពស់ និងបច្ចេកទេសលេងល្អ។

លន ចាន់នឿន ក្រហម ផុល រតនៈ លឿង

លន ចាន់នឿន បានពន្យល់ថា ៖«​អត់ដែលស្គាល់គាត់ផង និយាយទៅមានចំណាប់អារម្មណ៍លើគាត់ គឺគាត់ដេញ​រ៉ាពីតល្អ ហើយណាមួយមុខងារ (ខ្ញុំ) រ៉ាពីតចឹង ចង់រៀនតាមគាត់។ ដោយសារគាត់ក្មេង ហើយគាត់លេចធ្លោរ បាល់រ៉ាពីតរបស់គាត់ល្អមែនទែន គឺគាត់វៃលឿន...ហើយបាល់រ៉ាពីតស្រុកខ្មែរ គ្មានអ្នកណាដេញលើគាត់ទេ ព្រោះខ្ញុំក៏ដេញបាល់រ៉ាពីតដែរ»។

បើគិតពីអាយុកីឡាករមកពីខេត្តតាកែវ កម្ពស់១,៨៥ម៉ែត្រ មានវ័យ២៤ឆ្នាំ អាយុបង ផុល រតន​ៈ រហូតដល់ទៅបីឆ្នាំឯណោះ ប៉ុន្តែទោះជារៀមច្បង គេនៅតែចង់រៀនសូត្រតាមសិស្សប្អូន។

កីឡាករចូលហ្វឹកហាត់នៅកងអន្តរាគមន៍ទី៣ការពារ​៣១១ តាំងពីឆ្នាំ២០១៨ បានលើកឡើងទៀតថា ការប្រកួតមិត្តភាពរវាងក្លឹបបាល់ទះវិសាខា​ និងកងអន្តរាគមន៍ទី៣ការពារ​​៣១១ កាលពីពេលថ្មីៗនេះ គឺ ​រតនៈ បានបង្ហាញសមត្ថភាពគួរឱ្យភ្ញាក់ផ្អើល។ រតនៈមិនត្រឹមតែវៃបាល់ដឺមី​ល្អប៉ុណ្ណោះទេ ថែមទាំងអាចធ្វើរនាំងល្អផងដែរ។

ទោះ​ចាញ់វិសាខាបីសិតទល់សូន្យ ក្នុងលទ្ធផលពិន្ទុ ២៥-១៨, ២៥-១៩ និង ២៥-១១ ក្ដី ​ចាន់នឿន យល់ឃើញថាក្រុមរបស់ខ្លួនក៏ធ្វើបានល្អ ហើយ​អ្វីដែលខ្វះខាតគឺការចាប់សេវ៉ា និងការធ្វើរនាំង ខណៈក្រុមក៏ទទួលបានបទពិសោធន៍ ថ្មីៗច្រើនគួរសមពីការប្រកួតមួយនេះ។

ផុល រតនៈ លោតវៃដឺមី
លន ចាន់នឿន លោតបាំង ផុល រតនៈ

គួរបញ្ជាក់ថា​កីឡាករ​មក​ពី​ខេត្ត​ព្រៃវែង ផុល រតនៈ ដែលចាន់នឿនកំពុងសរសើរនេះ បាន​ចូល​ហាត់​បាល់ទះ​​​នៅក្លឹបវិសាខាដំបូង​នៅ​ឆ្នាំ​២០១៧។ គេជា​ស្មាត់​ដេញ​កណ្ដាល​ (ដឺមី,រ៉ាពីត) ល្អ​បំផុត​របស់​វិសាខា​​ ដែល​ទទួល​បាន​ការ​សរសើរ​ពី​លោក សាន សុក្រិត​្យ ជា​គ្រូ​បង្វឹក​។ រតនៈ​ ធ្លាប់ជាប់​ជម្រើស​​​ជាតិ​បាល់ទះ​លើ​ក្ដារ​ចេញ​ទៅ​លេង​​ស៊ីហ្កេម​នៅ​ហ្វីលីពីន​ម្ដងអំឡុងឆ្នាំ២០១៩៕ ​​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់