• 2020-11-26 04:24:52
  • បាល់ទះ

លោកគ្រូ សាន សុក្រិត្យ ថាកូនក្រុមខ្លួនមានចំណុចខ្វះខាតធំ២ត្រូវកែតម្រូវ

  • 2020-11-26 04:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបញ្ចប់ការប្រកួតបាល់ទះ មិត្តភាពដកស្រង់បច្ចេកទេស ជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស កងអន្តរាគមន៍ទី៣ការពារ​៣១១ កាលពីម្សិលមិញ ​គ្រូបង្វឹកបាល់ទះក្លឹបវិសាខាលោក សាន សុក្រិត្យ បានមើលឃើញថា ថ្វីបើកូនក្រុមរបស់លោកឈ្នះបីសិតសូន្យពិតមែន ប៉ុន្តែពួកគេធ្វើមិនទាន់បានល្អទេ និងមានចំណុចខ្វះខាតច្រើន។

លោកគ្រូ សាន សុក្រិត្យ

លោកគ្រូ សាន សុក្រិត្យ បានបញ្ជាក់ថា ៖«កូនក្រុមរបស់ខ្ញុំ ធ្វើអត់ទាន់បានល្អ ទី១គឺគាត់នៅមានចន្លោះប្រហោងច្រើន ហើយណាមួយ ការលេងនៅទីលានវាខុសប្លែកពីទីលាន​យើងហ្វឹកហាត់ អីចឹងហើយធ្វើឱ្យគាត់មានការដូចថាញញើត...ធំណាស់ចំណុចខ្វះខាតពីរហ្នឹង​ ទី១គឺការធ្វើរនាំង កីឡាករយើងធ្វើរនាំងមានចន្លោះប្រហោងច្រើន...ទី១គាត់បាំងដៃគាត់លូកដែរតែបើកដៃរៀងធំ អ៊ីចឹងធ្វើឱ្យគូភាគីម្ខាងទៀតវៃចូលតាមតែប្រឡោះដៃ និងចេញមកប្រឡោះក្លៀក...ហើយមួយទៀតកត្តានៃការការពារ ការពារ លីប៊័ររ៉ូ និងស្មាត់មួយចំនួនគាត់អត់យល់ គាត់អត់យល់ពីចន្លោះកន្លែងដែលគាត់ការពារ គឺគាត់​ចោល អ៊ីចឹងហើយធ្វើឱ្យការពារខូចច្រើន»។

លោក​ សាន សុក្រិត្យ យល់ថាបើទោះទីលានមិន​ត្រូវតាមស្តង់់ដារ ប៉ុន្តែនេះជាការប្រកួតមិត្តភាព​លក្ខណៈស្តង់ដារដ៏ល្អមួយ ស្របតាមច្បាប់ការប្រកួត មានគណៈកម្មការ​ និងបច្ចេកទេសត្រឹមត្រូវ។ បើក្រឡេកមើលក្រុមបញ្ជាការដ្ឋានអង្គរក្ស កងអន្តរាគមន៍ទី៣ ការពារ​៣១១ លោកគ្រូបង្វឹកបាល់ទះរូបនេះ បានកោតសរសើរថា ពួកគេក៏ធ្វើបានល្អដែរទាំងបច្ចេកទេស និងការសហការណ៍។

គ្រូបង្វឹកសំបូរបទពិសោធន៍បាល់ទះយូរឆ្នាំ ពន្យល់បែបនេះ ៖«ខ្ញុំឃើញកត្តានៃការសាមគ្គីរបស់ពួកគាត់ ការជំរុញទឹកចិត្តពីកីឡាករម្នាក់ទៅម្នាក់ មានកត្តាសាមគ្គីខ្ពស់ខ្ញុំសុំសរសើរ អ៊ីចឹងខ្ញុំសុំសរសើរជាក្រុម ហើយនឹងលើកទឹកចិត្តដល់ក្រុម​គាត់មានការសហការគ្នា និយាយទៅកត្តានៃការសាមគ្គីគ្នាធំណាស់ ធំធេងណាស់ អ៊ីចឹងកត្តាសាមគ្គីរបស់គាត់ល្អ»។

ផុល រតនៈ និង ពិន សារុន លោតបាំង

ការប្រកួតបាល់ទះមិត្តភាពលក្ខណៈស្តង់ដារ នៅតារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ ក្រុមកងអន្តរាគមន៍ទី៣ការពារ​៣១១ មិនទាន់ចម្រាញ់​ចូលគ្នា ជាមួយក្រុមបញ្ញាការដ្ឋានអង្គរក្សនៅឡើយទេ ដូច្នេះលោកគ្រូ សាន សុក្រិត្យ ស្នើសុំឱ្យក្លឹបបាល់ទះដ៏ធំមួយនេះច្របាច់បញ្ចូលគ្នា ដើម្បីឱ្យការប្រកួតកាន់តែជក់ចិត្ត និងទទួលបានបទពិសោធន៍ល្អៗទៅវិញទៅមក និងអរគុណដល់ថ្នាក់ដឹងនាំទាំងអស់ ដែលបង្កើតឱ្យមានការប្រកួតនេះឡើង។

នេះជាការប្រកួតមិត្តភាពផ្លូវការជាលើកទីមួយ ក្នុងឆ្នាំ២០២០នេះរវាងក្លឹបទាំងពីរ ហើយជំនួបនេះដែរក្លឹបបាល់ទះសំបូរធន់ធានវិសាខា បានប្រើសុទ្ធតែកីឡាករលំដាប់ A ក្នុងគោលបំណងមើលសមត្ថភាពកីឡាករ ដើម្បីប្រៀបធៀប​ពេលហ្វឹកហាត់ និងការប្រកួតផ្លូវការ ក្រោយខកខានមានជំនួបបែបនេះអស់ពេលជាយូរ៕

លីប៊័ររ៉ូ កំពុងការពារបាល់

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់