• 2020-10-26 05:05:11
  • បាល់ទះ

ហេតុអ្វីស្មាត់ យុន និង សុធារិទ្ធ សុំឈប់ពីជម្រើសជាតិបាល់ទះឆ្នេរខ្សាច់?

  • 2020-10-26 05:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ យុន របស់បញ្ជាការដ្ឋានអង្គរក្ស និង កែវ សុធារិទ្ធ មកពីក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុទ្ធតែមានឈ្មោះជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ប៉ុន្តែអ្នកទាំងពីរបានសុំឈប់វិញ ដ្បិតកម្លាំងមិនគ្រប់គ្រាន់ និងខ្វះភាពព្យាយាម។ នេះបើតាមការឱ្យដឹងពីលោក សោម ចំណាប់ គ្រូបង្ហាត់ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា។

ស្មាត់ យុន និង កែវ សុធារិទ្ធ

លោកគ្រូ សោម ចំណាប់ បញ្ជាក់បែបនេះថា៖«ដំបូងយុន ក្រោយមកទៅធារិទ្ធ ២នាក់ហ្នឹង ជូនទៅជាប់ជម្រើសជាតិ ហើយគាត់អត់ស៊ូ ជូនយុនទៅ យុនសុំឈប់ ក្រោយដាក់ធារិទ្ធទៅ ធារិទ្ធសុំឈប់ដែរ»។

លោកគ្រូបង្ហាត់បាល់ទះក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ការហ្វឹកហាត់ត្រូវធ្វើឡើងនៅក្រោមកម្ដៅថ្ងៃក្ដៅ ព្រោះការប្រកួតតម្រូវឱ្យលេងហាលថ្ងៃ ដូច្នេះហើយកីឡាករបាល់ទះឆ្នេរខ្សាច់ ត្រូវខំប្រឹងប្រែងហ្វឹកហាត់ អត់ទ្រាំ និងតស៊ូ ទើបអាចប្រកួតប្រជែងជាមួយប្រទេសគេបាន។

បច្ចុប្បន្នកីឡាករជម្រើសជាតិបាល់ទះកម្ពុជាមាន៦នាក់ ៣នាក់មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង៣នាក់ទៀតមកពីក្លឹបកងពលធំអន្តរាគមន៍លេខ ៣។ ចំណែកគ្រូមាន២នាក់ មកពីកងពលធំអន្តរាគមន៍លេខ ៣ និងលោកគ្រូចំណាប់ម្នាក់។ កីឡាករលេចធ្លោរជាងគេ គឺ អឹម ណារិត របស់ស្នងការឬគេច្រើនស្គាល់ថា «តាក់អន្លង់វែង» ព្រោះគេមានកម្លាំងគ្រប់គ្រាន់ល្អ។

អឹម ណារិត ឬ តាក់អន្លង់វែង

ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា បានប្រព្រឹត្តទៅរយៈពេលជាងបីខែមកហើយ នៅសល់តែពីរខែទៀតប៉ុណ្ណោះ នឹងត្រូវដាច់អាណត្តិឆ្នាំ២០២០។ ការហ្វឹកហាត់ធ្វើឡើង ដើម្បីត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២១នៅប្រទេសវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣នៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថាស្មាត់យុន ត្រូវបានកោះហៅឱ្យចូលហ្វឹកហាត់ ក្នុងជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា នៅឆ្នាំ២០១៩ ហាត់បានមួយខែក៏សុំឈប់វិញ ចំណែក កែវ សុធារិទ្ធ ចូលហ្វឹកហាត់ឆ្នាំ២០២០ ក៏បានសុំឈប់ដូចគ្នា៕

សកម្មភាពហ្វឹកហាត់

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់