- 2020-10-16 03:37:39
- បាល់ទះ
ស្នាលេខ២០វិសាខា មានស្ដេចបាល់ទះគុយបាជា Idol និងមានមហិច្ឆតាធំពីរ
- 2020-10-16 03:37:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាលេខ២០វិសាខា មានស្ដេចបាល់ទះគុយបាជា Idol និងមានមហិច្ឆតាធំពីរ
ចន្លោះមិនឃើញ
វឿន វាសនា ឬ ត្រូវបានគេស្គាល់ថា ស្នា លេខ ២០ របស់វិសាខា មានក្ដីស្រមៃពីរក្នុងអាជីពបាល់ទះរបស់ខ្លួនគឺទី១បានលេងឲ្យជម្រើសជាតិ និងទី២បានទៅលេងនៅលីគកំពូលជប៉ុន ហើយស្មាត់រូបនេះមានកីឡាករល្បីរបស់ពិភពលោក Wilfredo Leon ជា Idol ។
វឿន វាសនា ធ្លាប់បានចេញទៅលេងនៅលីគកំពូលថៃក្នុងរដូវកាល ២០១៩ ឲ្យក្លឹប Prince Finance ។ យុវជនរូបនេះបានទម្លាយថា មានក្ដីស្រមៃដ៏ធំគឺចង់ទៅលេងនៅលីគបាល់ទះរបស់ជប៉ុន និងលេងឲ្យជម្រើសជាតិកម្ពុជាជាក្ដីស្រមៃទី២ ។ ចំណែកក្ដីស្រមៃទី២ ដែលចង់លេងឲ្យជម្រើសជាតិ ពេលនេះគេបានសម្រេចហើយ។
យុវជនវ័យ ១៩ ឆ្នាំបាន នឹងកំពុង ស្រលាញ់ទម្រង់លេងរបស់ស្ដេចបាល់ទះ គុយបា Wilfredo Leon និងបានចាត់ទុកកីឡាកររូបនេះជានិមិត្តរូប (Idol ) ចាប់តាំងពីឆ្នាំ២០១៩ មក។ Wilfredo Leon ដើមឡើយលេងឲ្យជម្រើសជាតិ គុយបា និងបានចូលសញ្ជាតិលេងឲ្យជម្រើសជាតិ ប៉ូឡូញ វិញនាឆ្នាំ២០១៩ ។
ស្មាត់ឆ្នើមរបស់វិសាខារូបនេះបានបញ្ជាក់បន្ថែមជុំវិញការចង់ទៅលេងនៅជប៉ុនថា វាជាក្ដីស្រមៃតាំងពីតូច ពិសេសប្រទេសនេះសម្បូរទៅដោយកីឡាករល្បីៗនៅលើពិភពលោក លេងនៅទីនោះ ទាំងកីឡាករអឺរ៉ុប និងកីឡាកររបស់ទ្វីបអាស៊ី។ វាសនា មានកម្ពស់ ១,៩៤ ម៉ែត្រ កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០១ មានបងប្អូន ២ នាក់គេជាកូនពៅក្នុងគ្រួសារ បងប្រុសរបស់គេឈ្មោះ វឿន វណ្ណៈ ។
ឪពុករបស់ វឿន វាសនា មានឈ្មោះ ជឿម សាវឿន (ស្លាប់) ម្ដាយឈ្មោះ ពក វី មុខរបរលក់ដូរតិចតួចនៅផ្សារឯស្រុកកំណើតខេត្តបាត់ដំបង។ ស្មាត់កំពុងឡើងកូដរូបនេះ រៀនបឋមសិក្សា នៅសាលា រាមគង់ និងអនុវិទ្យាល័យរៀននៅ មោងឬស្សី ហើយក៏បានផ្លាស់មករៀននៅវិទ្យាល័យ ឥទ្រ្ទទេវី ពេលបានចូលហាត់បាល់ទះនៅក្លឹបវិសាខា ឆ្នាំ២០១៧ ខែសីហា ។ ស្មា ជាកីឡាករមួយរូបរបស់វិសាខា ដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាលនៅប្រទេសថៃមួយរយៈពេល និងបានចេញទៅលេងនៅក្លឹបបាល់ទះអាជីពរបស់ថៃ។
Wilfredo Leon ជាកីឡាករបាល់ទះមានសញ្ជាតិពីរ គឺ គុយបា និងប៉ូឡូញ គេបានលេងឲ្យជម្រើសជាតិ គុយបា ចន្លោះឆ្នាំ២០០៧ ដល់២០១២ និងបានផ្លាស់ទៅលេងឲ្យជម្រើសជាតិប៉ូឡូញ ឆ្នាំ២០១៩ ។ Leon កើតថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៣ ធ្លាប់លេងឲ្យក្លឹបបាល់ទះអាជីពចំនួន ៦ ដែលឆ្នាំ២០០៥ ដល់ ២០១០ លេងឲ្យក្លឹប Capitalinos របស់គុយបា ឆ្នាំ២០១០ ដល់ ២០១៣ លេងឲ្យក្លឹប Orientales de Santiago របស់គុយបា។ ឆ្នាំ២០១៤ និង ២០១៨ លេងឲ្យក្លឹប Zenit Kazan របស់រុស្ស៊ី ឆ្នាំ២០១៥ និង ២០១៦ លេងឲ្យក្លឹប Al Rayyan របស់ប្រទេសកាតា និងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន លេងឲ្យក្លឹប Sir Safety Perugia របស់អ៊ីតាលី៕