• 2020-10-14 04:41:40
  • បាល់ទះ

ពេលឡើងខ្លាំងអេគីប សុវណ្ណនាថ ម៉ាប់ឆ្វេង ខ្មៅលិកម៉ាទីអូ ទទួលបានទាំងអស់៣ស្មើពេញសាច់

  • 2020-10-14 04:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកពីខេត្តផ្សេងគ្នា ប៉ុន្តែសុវណ្ណនាថ ម៉ាប់ឆ្វេង និងខ្មៅ​លិក​ម៉ាទី​​អូ​ អាចចាប់ដៃគូលេងបាល់ទះជាមួយគ្នាបានយ៉ាងស៊ីចង្វាក់។​ ២០១៥ ជាឆ្នាំចាប់កំណើតរបស់ក្រុមដាវញីឈ្មោល និងខ្មៅ​លិក​ម៉ាទី​​អូ​ប៉ះ​សេ​​ ហើយអំឡុងឆ្នាំ ២០១៥ ដល់ ២០១៧ អេគីបដ៏ល្អបំផុតនេះ​ អាចទទួលបានគ្រប់បីស្មើពេញសាច់ នៅស្រុកខ្មែរ និងតាមបណ្ដោយព្រំដែនប្រទេសជិតខាងគឺប្រទេស​វៀតណាម​​។ នេះបើតាមការឱ្យដឹងពី ខ្មៅលិកម៉ាទីអូ។

ខ្មៅ​លិក​ម៉ាទី​​អូ

ខ្មៅលិកម៉ាទីអូប៉ះសេដែលមានឈ្មោះកំណើត អាង លិក បានរៀបរាប់ថាគេចាប់ផ្ដើមចូលរួមអេគីបបីស្មើ ជាមួយប្ដូរចង្កេះលើអាកាស វ៉េត សុវណ្ណនាថ និងសឺវីសឥតស្រមោល ម៉ាប់ឆ្វេង នៅអាយុ២០ឆ្នាំ ហើយដើមចមនៃការបង្កើតក្រុមនេះ​ ព្រោះពួកគេលេងស៊ីចង្វាក់ និងយល់ចិត្តគ្នា និងបន្តលេងរហូតមកដល់បច្ចុប្បន្ន។

ខ្មៅលិកម៉ាទីអូ បានបញ្ជាក់ថា ៖«យើងចាប់ដៃគូតាមរយៈយើងលេងជាមួយគ្នា យើងស្គាល់គ្នាយើង​យើងមើលទៅថាយើងទាំងបីនាក់លេងត្រូវគ្នា ទើបចាប់ដៃគូគ្នាលេងរហូតដល់បច្ចុប្បន្ន...​ចាប់ដៃគូកក្រើកបំផុតនៅឆ្នាំ ២០១៥ ២០១៦ ២០១៧...(លេង) បីស្មើភាគច្រើន...បាទ! បើទៅតាមខេត្តភាគច្រើនត (បីទល់បួន) នៅភ្នំពេញភាគច្រើនស្មើ ពួកខ្ញុំទទួលបានទាំងអស់ អត់ទាស់អត់រើស...បើនៅក្រៅប្រទេសបីស្មើ...ខ្ញុំធ្លាប់បានទៅលេងនៅប្រទេសវៀតណាម»។

តើអ្វីទៅជាចំណុចពិសេសរបស់ក្រុមដាវញឺឈ្មោល? អ្នកប៉ះសេវ័យ២៥ឆ្នាំ លិកម៉ាទីអូ បានទម្លាយថាចំណុចពិសេសរបស់ក្រុមខ្លួនគឺស្មាត់ស្ដាំសុវណ្ណនាថ មានជំនាញចាប់សេវ៉ារឹង ចាប់បាំងល្អ លោតខ្ពស់ម៉ាត់ល្អ ហើយចំណុចឆ្ងាញ់បំផុតនោះគឺ ប្ដូរចង្កេះពីឆ្វេងមកស្ដាំវៃផ្ដាច់ស្ដែងៗ ធ្វើឱ្យដៃគូតាមបាំង ដូច្នេះហើយទើបស្មាត់ធំលំដាប់ស្រុកខ្មែររូបនេះ មានរហស្សនាមថា «ប្ដូរចង្កេះលើអាកាស»។

សុវណ្ណនាថ

ចំណែកស្មាត់ឆ្វេងម៉ាប់ឆ្វេងវិញ គឺល្អជើងក្រោម ម៉ាត់ដាច់ល្អ ​ហើយអ្វីដែលគេខ្លាចរអាបំផុតនោះគឺ ម៉ាប់ឆ្វេងវាយសេវ៉ាល្អ ដូច្នេះទើបគេមានរហស្សនាមថា «សឺវីសឥតស្រមោល» និងចំណុចល្អមួយទៀតគឺ ខ្មៅលិកម៉ាទីអូខ្លួនឯងផ្ទាល់ ប៉ះសេដឹងចិត្តរបស់ស្មាត់ធំទាំងពីរនេះ។

អតីតសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែន អង្គស្នួលខេត្តកណ្ដាល បានបន្ថែមថា៖ «បងនាថគាត់រឹងសឺវីស គាត់លោតខ្ពស់បាំងធំ និងម៉ាត់ដាច់ល្អ ចំណុចឆ្ងាញ់បំផុតគឺប្ដូរចង្កេះលើអាកាសពីឆ្វេងទៅស្ដាំ ធ្វើឱ្យគេពិបាកបាំងគាត់។ ពេលខ្ញុំលើកខ្ពស់គាត់លោតខ្ពស់ដែរ ធ្វើឱ្យគេពិបាកបាំង។ បើ​បង​ម៉ាប់ សារ៉េបាល់ល្អ ច្បាស់ ដឹងកន្លែងណាត្រូវចេញ ពេលគាត់សារ៉េបាល់បានដឹងតែវៃដាច់...​បងប្អូនដឹងហើយ រហ្សនាមរបស់គាត់គឺសឺវីសឥតស្រមោល។ សឺវីសម៉ាប់ឆ្វេងអត់ធ្ងន់ទេ ស្រាលប៉ុន្តែចុះ ឆ្នាំ២០១៥ ២០១៦ សឺវីសល្អណាាស់​»។

តើការប្រកួតណាមួយដែលអ្នកប៉ះសេ​ខ្មៅលិកម៉ាទីអូចាំមិនភ្លេចតាំងពីមានអេគីបនេះ? តាំងពីចាប់ដៃគូជាមួយដាវញីឈ្មោលមក ខ្មៅលិកម៉ាទីអូ រៀនសូត្របានច្រើនពីសុវណ្ណនាថ និងម៉ាប់ឆ្វេង ដូចជារបៀបប៉ះសេ និងការសារ៉េជើងក្រុមជាដើម ហើយការប្រកួតដែលគេចាំមិនភ្លេច គឺលេងបីស្មើពេញសាច់ ជាមួយស្មាត់កំពុងឡើងកូដខ្លាំង យុន អធិរាជប្រអប់សុវណ្ណរាជ និងហុងប៉ះសេ នៅតារាងបាល់ទះម៉ាប់ប៊័ររី (ជម្ពូវ័ន្ត) អំឡុងឆ្នាំ ២០១៨។ កាលនោះខ្មៅឈ្នះពីរសិតទល់ ដោយមានគន្លាតពិន្ទុដាច់ឆ្ងាយខ្លាំង។

ម៉ាប់ឆ្វេង

ទោះបីជាយ៉ាងណាមួយរយៈចុងក្រោយនេះ ខ្មៅថា​អេគីបរបស់ខ្លួនហាក់ធ្លាក់ និងចាញ់ការប្រកួតមិត្តច្រើន ប៉ុន្តែបើនិយាយពីប្រជាប្រិយភាព គឺនៅដដែលដោយមានអ្នកទស្សនាច្រើនកុះករ ពេលមានការប្រកួតម្ដងៗជាពិសេសទៅលេងតាមបណ្ដាខេត្ត។

គួរបញ្ជាក់ថា ខ្មៅលិកម៉ាទីអូប៉ះសេ មកពីស្រុកអង្គស្នួលខេត្តកណ្ដាល វ៉េត សុវណ្ណនាថមកពីខេត្តកណ្ដាល ចំណែកម៉ាប់ឆ្វេងមកពីខេត្តកំពត។ ចច្ចុប្បន្នអ្នកទាំងបីលេងនៅប្រចាំតារាងបាល់ទះ ហេងហេងមានរិទ្ធ លើផ្លូវ៥៩៨ ចម្ងាយប្រហែល៥០០ម៉ែត្រ ពីអតីតរង្វង់មូលកាំកូស៊ីធីខាងស្ដាំដៃ បើធ្វើដំណើរពីទិសដៅកាំកូទៅស្ពានអាកាស ៧មករា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់