• 2015-09-02 17:30:20
  • ព័ត៌មាន

អាជ្ញាកណ្ដាល​កម្ពុជា លោក ទុយ វិច្ឆិកា នឹង​បង្ហាញ​មុខ​ក្នុង​ជំនួប​​ជម្រុះ World Cup រវាង​កូរ៉េខាងត្បូង​ប៉ះ​ឡាវ

  • 2015-09-02 17:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាកណ្ដាល​កម្រិត​​អន្តរជាតិ (FIFA) របស់​កម្ពុជា​មួយ​រូប​គឺ​លោក ទុយ វិច្ឆិកា នឹង​បង្ហាញ​មុខ​ក្នុង​ការ​ប្រកួត​ជម្រុះ​​ពូល G នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី​រវាង​ក្រុម​ម្ចាស់​ផ្ទះ​កូរ៉េខាងត្បូង និង ក្រុម​ភ្ញៀវ​ឡាវ នៅ​​​ថ្ងៃ​​ព្រហស្បតិ៍ ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ស្អែក​នេះ។

 

 

លោក ទុយ វិច្ឆិកា (ទី៣ រាប់​ពីឆ្វេង) ក្នុង​ជំនួប​រវាង Buriram United FC (​ថៃ) ជាមួយ Gamba Osaka (ជប៉ុន) ​ក្នុ​ង​ពាន AFC Champion League 2015 កន្លងទៅ

 

 

យោង​តាម​វិបសាយ​ផ្លូវការ​របស់ FIFA អាជ្ញាកណ្ដាល​​លើ​ទីលាន​​ក្នុង​ការ​ប្រកួត​នេះ​គឺ​លោក Jumpei IIDA មក​ពី​ប្រទេស​ជប៉ុន ហើយ​ជំនួយ​ការ​អាជ្ញាកណ្ដាល​គឺ​លោក Shinji OCHI និង​លោក Hiroshi YAMAUCHI មក​ពី​ប្រទេស​ជប៉ុន​ដូច​គ្នា ស្រប​ពេល​លោក ទុយ វិច្ឆិកា ជា​មន្រ្តី​ទី៤ ប្រចាំ​ការ​ប្រកួត។

 

ក្រុម​យក្ស​ប្រចាំ​តំបន់​អាស៊ី កូរ៉េខាងត្បូង ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ជុំ​ទី២ ប្រចាំ​ទ្វីប​ជាមួយ​ក្រុម​ឡាវ នៅ​វេលា​ម៉ោង ២០:០០ (ម៉ោង​១៨:០០ នៅ​កម្ពុជា) នៅ​កីឡដ្ឋានHwaseong Stadium ក្នុង​ទីក្រុង Hwaseong​ ដែល​អាច​ផ្ទុក​ទស្សនិកជន​ជិត ៤ ម៉ឺន​នាក់។

 

លោក ទុយ វិច្ឆិកា ជា​អាជ្ញាកណ្ដាល​ជនជាតិ​ខ្មែរ​តែ​ម្នាក់​ដែល​បង្ហាញ​មុខ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ក្នុង​វគ្គ​នេះ ហើយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​​ តាំង​ពី​ថ្ងៃ​ទី ៣១ ខែ សីហា មក​ម៉្លេះ ដើម្បី​ត្រៀម​ខ្លួន​បង្ហាញ​មុខ​ក្នុង​ការ​ប្រកួត​​បាល់ទាត់​ជម្រុះ​ពាន​រង្វាន់​ពិភពលោក​មួយ​នេះ ជាមួយ​នឹង​អាជ្ញាកណ្ដាល​​ដែល​ជា​ដៃ​គូ ៣ នាក់​ផ្សេង​ទៀត​មក​ពី​ជប៉ុន។

 

បុរស​វ័យ ៣៥ ឆ្នាំ​រូប​នេះ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អាជ្ញាកណ្ដាល​អន្តរជាតិ FIFA ប្រចាំ​នៅ​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​ ២០១១ មក​ម៉្លេះ ហើយ​​លោក​តែងតែ​បង្ហាញ​មុខ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ទាំង​​ប្រចាំ​តំបន់​អាស៊ាន និង ​ទ្វីប​អាស៊ី​ជាដើម៕

  អត្ថបទ៖ ម៉ឺន រស្មី រូបថត៖Buriram United FC
មតិយោបល់