• 2024-05-15 12:49:48
  • បាល់ទាត់

Mbappe សុខ​ចិត្ត​កាត់​ប្រាក់​ឈ្នួល​ដើម្បី​ចូល​រួម​ជាមួយ Real Madrid

  • 2024-05-15 12:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe ត្រូវ​បាន​រាយការណ៍​ថា​សុខ​ចិត្ត​កាត់​ប្រាក់​ឈ្នួល​ដើម្បី​ចូល​រួម​ជាមួយ Real Madrid។

Mbappe បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​សប្ដាហ៍​នេះ ថា​នឹង​មិន​ត​កុងត្រា​ទៀត​ទេ​ជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint Germain។ ដោយ​កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​នៅ​ជាមួយ​ក្លឹប​នឹង​អស់​សុពលភាព​នៅ​ខែ​មិថុនា ឆ្នាំ ២០២៤ នេះ​មាន​ន័យ​ថា កីឡាករ​នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​ពេល​ចប់​រដូវ​កាល ២០២៣/២០២៤។

បន្ទាប់​ពី​ Mbappe ប្រកាស​បែប​នេះ មាន​ការ​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​ជា​ច្រើន​អំពី​ក្លឹប​ថ្មី​របស់​ខ្សែ​ប្រយុទ្ធ​បារាំង​វ័យ ២៥ ឆ្នាំ​រូប​នេះ។ ខ្លះ​អះអាង​ថា កីឡាករ​នឹង​មក​លេង​នៅ​ក្លឹប​យក្ស​ៗ​នៅ​លីគ​កំពូល​អង់គ្លេស​។

ទោះ​ជា​យ៉ាង​ណា របាយការណ៍​ដែល​មាន​សភាព​ច្បាស់​លាស់​ជាង​គេ​ គឺ​បាន​លើក​ឡើង​ថា​ Mbappe នឹង​ទៅ​លេង​នៅ​ក្លឹប Real Madrid ដោយ​ការ​ចរចា​ទូទៅ និង​ការ​ឯកភាព​គ្នា​រវាង​ភាគី​កីឡាករ និង​ក្លឹប​យក្ស​អេស្ប៉ាញ ត្រូវ​បាន​រាយការណ៍​ថា បាន​ចប់​សព្វ​គ្រប់​ទៅ​ហើយ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​នេះ​មក​ម៉្លេះ។ សូម្បី​តែ​ប្រធាន​លីគ​កំពូល​អេស្ប៉ាញ La Liga លោក Javier Tebas ក៏​បាន​បញ្ជាក់​ថា​បាន​ទទួល​ព័ត៌មាន​ប្រហាក់ប្រហែល​នេះ​ផង​ដែរ។ ប្រសិន​ជា​មិន​មាន​អ្វី​ប្រែប្រួល​ធំ​ដុំ​នោះ​ទេ កីឡាករ Mbappe នឹង​មក​លេង​ឲ្យ Real Madrid នៅ​រដូវ​កាល​ថ្មី។

យោង​តាម​ព័ត៌មាន​ដែល BBC ទទួល​បាន​ឲ្យ​ដឹង​ថា កុងត្រា​របស់ Mbappe ជាមួយ Real Madrid គឺ​មាន​រយៈ​ពេល ៥ ឆ្នាំ ក្នុង​នោះ​មួយ​ឆ្នាំ​កីឡាករ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រមាណ ១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ។ កីឡាករ​ក៏​ទទួល​បាន​ផង​ដែរ ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ទៅ​ប្រមាណ ១៦០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្លឹប។ កីឡាករ​ទទួល​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​រូបថត​របស់​ខ្លួន ដល់​ទៅ ៨០ ភាគ​រយ ហើយ​សិទ្ធិ​នេះ​នឹង​រក​ចំណូល​ជា​ច្រើន​បន្ថែម​ទៀត​សម្រាប់​កីឡាករ​ផ្ទាល់។

បើ​និយាយ​ពី​ប្រាក់​ឈ្នួល បើ​ប្រៀប​ធៀប​ជាមួយ​កុងត្រា​ចុង​ក្រោយ​របស់ Mbappe នៅ​ពេល​លេង​ឲ្យ PSG គឺ​មាន​សភាព​តិច​ឆ្ងាយ​ណាស់។ ពេល​នៅ​ជាមួយ PSG កីឡាករ​ Mbappe មាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ជិត​ ៨០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ។ នេះ​មាន​ន័យ​ថា​ កីឡាករ​សុខ​ចិត្ត​កាត់​ប្រាក់​ឈ្នួល ដើម្បី​មក​ចូល​រួម​ជាមួយ Real Madrid។

គិត​មក​ទល់​ពេល​នេះ Mbappe មិន​ទាន់​និយាយ​យ៉ាង​ណា​ទេ​អំពី​ការ​ផ្ទេរ​មួយ​នេះ។ ក៏​ប៉ុន្តែ បើ​យោង​តាម​ការ​វិភាគ​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល Mbappe ចង់​មក​ចូល​រួម​ជាមួយ Real Madrid បែប​នេះ ក៏​ដោយ​សារ​កីឡាករ​បាន​ឈ្នះ​ពាន​ធំៗ​គ្រប់​បែប​យ៉ាង​ទៅ​ហើយ​នៅ PSG លើក​លែង​តែ​ពាន Champions League ក្រោយ​រួម​រស់​ជាមួយ​គ្នា​ជាង ៧ ឆ្នាំ​។ ដូច្នេះ​ការ​មក​ចូល​រួម​ជាមួយ Real Madrid គឺ​ជា​ឱកាស​ដ៏​ប្រសើរ​មួយ​ សម្រាប់​កីឡាករ​ក្នុង​ការ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​មួយ​នេះ។ ណា​មួយ​ ក្លឹប​ Real Madrid គឺ​ជា​ក្លឹប​ដែល Mbappe ស្រលាញ់​គាំទ្រ​តាំង​ពី​តូច​មក ដូច្នេះ​កត្តា​ផ្ទាល់​ខ្លួន​នេះ អាច​ជា​កត្តា​ជំរុញ​យ៉ាង​សំខាន់​មួយ​ក្នុង​ការ​ទាញ​ចិត្ត​កីឡាករ​បារាំង​រូប​នេះ​មក​ចូល​រួម​ជាមួយ Real Madrid៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម