• 2015-05-18 17:52:50
  • ព័ត៌មាន

ហេតុ​ផល​៣​យ៉ាង​ដែល​​អ្នក​គាំទ្រ​​រាប់​ពាន់​នាក់​ សម្រុក​ទៅ​​មើល​បាល់ទាត់​យប់​មិញ​

  • 2015-05-18 17:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​ដ៏​គួរ​ភ្ញាក់​ផ្អើល​មួយ​ដែល​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​បាន​ទៅ​មើល​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ​ និង​ក្រុម​កីឡាករ​ជប៉ុន​ដែល​ប្រកប​អាជីព​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​កាល​ពី​យប់​មិញនៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

 

អ្នក​គាំទ្រ​កាល​ពី​យប់​មិញ

 

ជា​លទ្ធផល​ក្រុម​កម្ពុជា​បាន​លត់​ក្រុម​កីឡាករ​ជប៉ុន​ដោយ​លទ្ធផល​៤-១។ ទោះ​ជា​មុន​ការ​ប្រកួត​មិន​សូវ​មាន​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​​​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​កម្ពុជា​បាន​ទៅ​ទស្សនា​ផ្ទាល់​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក។ ហេតុ​ផល​៣​​យ៉ាង​​ខាង​ក្រោម​​អាច​ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​បាល់ទាត់​បាន​ទៅ​​​មើល​ច្រើន​យ៉ាង​នេះ​បែប។

 

១- ទី​លាន​បាល់ទាត់​ទើប​ជួសជុល​ថ្មី ទី​លាន​បាល់ទាត់​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ទើប​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល​​​​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ដោយ​គម្រោង​របស់​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA)។ ក្រៅ​ពី​ជួសជុល​ទី​លាន​ប្រកួត​ ក្រសួង​អប់រំ​ យុវជន និង​កីឡា​ក៏​បាន​ជួសជុល​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ក្នុង​ពហុកីឡដ្ឋាន​ដូច​ជា​​ដាក់​កៅ​អី​ជ័រ​សម្រាប់​អង្គុយ ដាក់​អំពូល​ភ្លើង​ថ្មី​ និង​ជួសជុល​បន្ទប់​ទឹក​ជា​ដើម។ ករ​ជួសជុល​ថ្មី​នេះ​មើល​ទៅ​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ចង់​ឃើញ​ផ្ទាល់​ភ្នែក​របស់​អ្នក​ស្នេហា​ កីឡា​ជាតិ។ បន្ទាប់​ពី​​ការ​ជួសជុល​រួច​រាល់​ទើប​តែ​បាន​២​ថ្ងៃ​ប៉ុណ្ណោះ​ ការ​ប្រកួត​មួយ​ក៏​បាន​ចាប់​ផ្តើម​ឡើង​ដើម្បី​ជា​ការ​សាក​ល្បង​ទី​លាន​ថ្មី​។

 

២- លីក​បាល់ទាត់​ខក​ខាន​យូរ សកម្មភាព​ប្រកួត​បាល់ទាត់​ផ្លូវ​ការ​មួយ​ចំនួន​​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​បាន​ខក​ខាន​ជា​ច្រើន​ខែ​មក​ហើយ​ បន្ទាប់​ពី​ទី​លាន​ត្រូវ​បាន​ជួសជុល​កាល​​ទី​១៥​ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លង​ទៅ។ ព្រឹត្តិការណ៍​បាល់ទាត់​ធំ​ពីរ​នៅ​កម្ពុជា​គឺ​លីក​បាល់​ទាត់​កំពូល​កម្ពុជា​ត្រូវ​បាន​ពន្យារ​មួយ​លើក​ជា​ពីរ​លើក​រហូត​ទៅ​ដល់​ខែ​កក្កដា​​ខាង​មុខ​ទើប​ចាប់​ផ្តើម​រហូត​កាល​ថ្មី​២០១៥​ ​ខណៈ​ពាន Hun Sen Cup ឆ្នាំ​២០១៥​រៀប​ចំ​​ការ​ប្រកួត​នៅ​ខេត្ត​ស្វាយរៀង​។ ចំណែក​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ដែល​កម្ពុជា​ទទួល​ម៉ាកាវ​រៀប​ចំ​នៅ​ស្តាត​ចាស់។ ការ​គ្មាន​សកម្មភាព​បាល់ទាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ជា​ច្រើន​ខែ​អាច​បណ្តាល​ឲ្យ​អ្នក​និយម​ចូល​ចិត្ត​ទស្សនា​បាល់ទាត់​ចង់​ឃើញ​មាន​ការ​ប្រកួត​នៅ​ទី​លាន​កណ្តាល​ក្រុង​ភ្នំពេញ​នេះ។

 

៣-​ក្រុម​បាល់ទាត់​ឈុត​ធំ​ត្រៀម​ជម្រុះ​បាល់ទាត់​ពិភព​លោក សកម្មភាព​មួយ​គួរ​ឲ្យ​កោត​សរសើរ​ចំពោះ​អ្នក​គាំទ្រ​បាល់ទាត់​ខ្មែរ​គឺ​នៅ​ពេល​ក្រុម​បាល់ទាត់​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ទទួល​ភ្ញៀវ​ម៉ាកាវ​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នៅ​ស្តាត​ចាស់​កាល​ពី​ប៉ុន្មាន​ខែ​មុន។ នៅ​ពេល​នោះ​អ្នក​គាំទ្រ​កម្ពុជា​យ៉ាង​ច្រើន​កុះករ​បាន​ទៅ​ទស្សនា​ដើម្បី​លើក​កម្លាំង​ចិត្ត​ដល់​ក្រុម​បាល់ទាត់​របស់​ខ្លួន​ពេញ​ស្តាត​ចាស់។ បន្ទាប់​ពី​ដឹង​ថា ក្រុម​បាល់ទាត់​កម្ពុជា​ឈុត​ធំ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ជុំ​ទី​ពីរ​ទៀត​ អ្នក​គាំទ្រ​ខ្មែរ​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ និង​ចំណាយ​ពេល​កាន់​តែ​ច្រើន​ដើម្បី​គាំទ្រ​ និង​កម្លាំង​ចិត្ត​ដល់​ក្រុម​បាល់ទាត់​ជាតិ​ ខណៈ​ពួក​គេ​កំពុង​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ពីរ​ប្រទេស​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​​គឺ​ថ្ងៃ​ទី​១១ ខែ​មិថុនា​ជួប​សិង្ហបុរី និង​ថ្ងៃ​ទី​១៦​ ​មិថុនា ជួប​អាហ្វហ្គានីស្ថាន​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

មតិយោបល់
អត្ថបទថ្មី