• 2015-04-08 17:30:44
  • ប្រដាល់

ថៃ​ រិទ្ធី ​ប្រកាស​រក​ជើង​ខ្លាំង​វ៉ៃ​ក្នុង​ទ្រុង ​ទោះ​​ចាន់ រតនា​ ក៏​​ស្វាគមន៍​​

  • 2015-04-08 17:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែក្រវាត់​ក្នុង​ទ្រុង​​នៅ​ស៊ីធីអិន​ ថៃ រិទ្ធី​ ​​​ប្រកាស​រក​ជើង​ខ្លាំង​ប្រដាល់​ក្នុង​ទ្រុង​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ថៃ សូម្បី​តែ​ជើង​ខ្លាំង​យុទ្ធក្រម​​ខម​ ​ចាន់ រតនា ក៏​រូប​គេ​ហ៊ាន​ប្រកួត​ជា​មួយ​ដែរ។

 

ប្រាប់​ Sabay នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ ​អ្នក​ប្រដាល់​វ័យ​ក្មេង​ ថៃ​ រិទ្ធី​ ថា ក្រោយ​ពី​​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ រូប​គេ​មិន​ទាន់​បាន​ឡើង​សង្វៀន​ទៀត​ទេ​ ​ដោយសារ​មិន​មាន​ដៃ​គូ​ប្រកួត។ រហូត​ដល់​​ពេល​នេះ​​អត់​បាន​ប្រកួត​ជិត​២​ខែ​ហើយ​។

 

 

«សព្វ​ថ្ងៃ​ឲ្យ​តែ​ដាក់​ពាក្យ​​សុំ​ប្រកួត​នៅ​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​ តែង​តែ​ឮ​ពាក្យ​ថា​ គេ​​មិន​ហ៊ាន​​ប្រកួត​​ជាមួយ។ ថ្មី​ៗ​នេះ​ខ្ញុំ​បាន​​ដាក់​ពាក្យ​​សុំ​ប្រកួត​​នឹង​កីឡាករ​ចិន​​ តែ​ត្រូវ​រំសាយ​ចោល​វិញ​ ក្រោយ​​​ផ្ញើ​វីដេអូ​​​ប្រកួត​កន្លងមក​​​​​​ឲ្យ​មើល​​ ស្រាប់​តែ​គេ​អត់​ប្រកួត​វិញ»។ ថៃ រិទ្ធី​បាន​និយាយ។

 

ថៃ រិទ្ធី ដែល​បាន​ផ្តួល​កីឡាករ​ស៊ុយអែត​ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​មួយ​​បាន​លើក​ឡើង​ថា រូប​គេ​ចង់​ប្រកួត​នឹង​ជើង​ខ្លាំង​កម្ពុជា​​ ចាន់ រតនា​ ដែល​បាន​ផ្តួល​កីឡាករ​ហ្វីលីពីន​នៅ​ One Championship កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ទោះ​ជា​យ៉ាង​ណា​មិន​ដឹង​ថា អ្នក​ទាំង​ពីរ​អាច​មាន​ទម្ងន់​ត្រូវ​គ្នា​​ឬ​យ៉ាង​ណា។

 

កីឡាករ​រូប​នេះ​បាន​និយាយ​ថា ៖​​«ខ្ញុំ​ហ៊ាន​​វ៉ៃបង​ មិន​ខ្លាច​ទេ ​ចាន់​ រតនា ​ក៏​ដោយ។ គាត់​ខ្លាំង​ខ្ញុំ​ដឹង​ តែ​បើ​មិន​ប្រកួត​ ធ្វើ​ម៉េច​ដឹង​ថា​យើង​ខ្សោយ​ឬ​ខ្លាំង​ទៅ​។ ចាន់ រតនា​ ​មាន​បទ​ពិសោធន៍​ប្រដាល់​សេរី​ច្រើន​ ហើយ​យុទ្ធ​ក្រម​ខម​​ក៏​ចេះ​ច្រើន​ជាង​​ខ្ញុំ​ តែ​ខ្ញុំ​ចង់​ប្រកួត»។

​​​

ជើង​ខ្លាំង​ដែល​ធ្លាប់​ប្រកួត​ក្នុង​ទ្រុង​បាន​២៥​ដង​រូប​នេះ​​បាន​បញ្ជាក់​ថា ពេល​សមត្ថភាព​ប្រកួត​កំពុង​ឡើង​ កីឡាករ​ម្នាក់​ៗ​ត្រូវ​តែ​ប្រឹង​ប្រែង​ស្វែង​ការ​ប្រកួត​ដើម្បី​បង្កើន​សមត្ថភាព​ ប៉ុន្តែ​បើ​​អត់​​ប្រកួត​យូរ​ខែ​ សមត្ថភាព​ប្រាកដ​ជា​ថយ​ចុះ​ទាំង​បច្ចេកទេស​ និង​កម្លាំង។

 

រិទ្ធី​ថា ៖«បើ​​អត់​វ៉ៃ​យូរ​ពេក ​អាច​​គាំង ​ហើយ​ពេល​ប្រកួត​​មិន​រហ័ស​ដូច​​មុន​។ ឲ្យ​សិស្ស​ប្អូន​វ៉ៃ​មុខ​លេង​បួន​ប្រាំ​ដៃ​ទៅ​ បើ​ហាត់​ហើយ​អត់​គូ​វ៉ៃ​នោះ»។

 

ថៃ​​ រិទ្ធី ​ធ្លាប់​ប្រកួត​ក្នុង​ទ្រុង​សរុប​ចំនួន​ ២៥ ដង​ក្នុង​នោះ​ឈ្នះ​​១៨ និង​ចាញ់​​៧​ដង។ កាល​​ពី​​​​ថ្ងៃ​សៅរ៍​ ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ ​​ថៃ រិទ្ធី​បាន​​ផ្តួល​កីឡាករ​ស៊ុយអែត​ Fabian​ Pettersson​ ​​​ឲ្យ​គោះ​ដៃ​សុំ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​១​​ដែល​នេះ​ជា​ការ​ប្រកួត​ដំបូង​របស់​គេ​ជា​លក្ខណៈ​អន្តរជាតិ៕

 

អត្ថបត៖​ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​

មតិយោបល់