- 2024-05-08 14:31:00
- បាល់ទាត់
ទោះខំជាច្រើនឆ្នាំ PSG មិនទាន់សម្រេចក្ដីស្រមៃ Champions League
- 2024-05-08 14:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះខំជាច្រើនឆ្នាំ PSG មិនទាន់សម្រេចក្ដីស្រមៃ Champions League
ចន្លោះមិនឃើញ
ក្លឹបយក្ស Paris Saint Germain នៅតែមិនទាន់ស្គាល់ជាតិឈ្នះពានលីគកំពូលអឺរ៉ុប។ នេះបើទោះបីជាក្លឹបបានខិតខំប្រឹងប្រែងចំណាយធនធានរាប់ពាន់លានដុល្លារក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយដើម្បីបង្កើនសមត្ថភាពរបស់ក្លឹបក្នុងការប្រជែងយកពានកំពូលអឺរ៉ុបមួយនេះ។
កាលពីពាក់កណ្ដាលសប្ដាហ៍នេះ PSG បានចាញ់ក្លឹបអាល្លឺម៉ង់ Borussia Dortmund ក្នុងលទ្ធផលសរុបទាំងពីរជើង ២ ទល់នឹង ០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី Champions League។ បរាជ័យនេះបញ្ចប់ក្ដីស្រមៃឈ្នះពាន UCL របស់ក្លឹបយក្សបារាំងក្នុងរដូវកាល ២០២៣/២០២៤។
ការឈ្នះពាន UCL គឺជាអាទិភាពដ៏ធំមួយរបស់ក្លឹប PSG ចាប់តាំងពីឆ្នាំ ២០១១ មក នៅពេលដែលក្លឹបបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Qatar Sports Investment ដែលជាផ្នែកមួយនៃអាជ្ញាធរទទួលបន្ទុកវិនិយោគទុនរបស់រដ្ឋាភិបាលរបស់ប្រទេសមហាសេដ្ឋីប្រេងកាតា។ PSG ក្លាយជាក្លឹបអ្នកមាន ហើយបានចំណាយធនធានរាប់ពាន់លានដុល្លារដើម្បីបង្កើនសមត្ថភាព និងការប្រកួតប្រជែងរបស់ខ្លួននៅអឺរ៉ុប តាមរយៈការនាំចូលកីឡាករ និងអ្នកចាត់ការថ្លៃៗឲ្យប្រាក់ឈ្នួលខ្ពស់ៗ ហើយនិងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតរបស់ក្លឹប។ យ៉ាងនេះក្ដី ក្លឹបនៅមិនទាន់ធ្វើបានជោគជ័យក្នុងការសម្រេចអាទិភាពឈ្នះពានដ៏កំពូលមួយរបស់ក្នុងកម្មវិធីបាល់ទាត់អឺរ៉ុប។
ជាង ១២ រដូវកាលចុងក្រោយគិតចាប់ពីរដូវកាល ២០១២/២០១៣ មក PSG ឡើងលេងវគ្គផ្ដាច់ព្រ័ត្រម្ដង (រដូវកាល ២០១៩/២០២០) វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួនពីរលើក (រដូវកាល ២០២៣/២០២៤ និង ២០២០/២០២១) វគ្គ ៨ ក្រុមចុងក្រោយចំនួនបួនដង ហើយធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយចំនួនបួនដង។ ក្លឹបមិនដែលធ្លាក់ត្រឹមវគ្គចែកពូលនោះទេក្នុងអំឡុងពេលនេះ។
មានការជជែកវែកញែកជាច្រើន ទាក់ទងហេតុអ្វីទើប PSG នៅតែមិនទាន់អាចធ្វើបានសម្រេចក្នុងការឈ្នះពាន UCL។ មតិមួយចំនួនលើកឡើងគឺដោយសារ PSG មានកីឡាករល្អៗច្រើនពេក ហើយក្លឹបមិនអាចរកវិធីក្នុងការធ្វើឲ្យពួកគេលេងជាមួយត្រូវទម្រង់លេងជាក្រុមបាន។ អ្នកខ្លះទៀតអះអាងថា គឺមកពីក្លឹបបានវិនិយោគលើកីឡាករមិនចំគោលដៅ ដោយចាយលុយលើកីឡាករដែលមានឈ្មោះល្បី ជាជាងលើកីឡាករបង្គោលៗដែលក្លឹបត្រូវការ។ ការលើកឡើងដទៃផ្សេងទៀត យល់ថា ដោយសារសេចក្ដីសម្រេចចិត្តសំខាន់ៗជាច្រើនទាក់ទងនឹងការផ្ទេរចេញ-ចូលកីឡាករ និងអ្នកចាត់ការរបស់ក្លឹបគឺផ្អែកលើម្ចាស់ក្លឹប ជាជាងថ្នាក់បច្ចេកទេសរបស់ក្លឹប ដែលនាំឲ្យការរៀបចំក្រុមបាល់ទាត់របស់ក្លឹបមិនមានភាពមុតស្រួច បើទោះជាចំណាយធនធានច្រើនសន្ធឹកសន្ធាប់។
យ៉ាងនេះក្ដី មជ្ឈដ្ឋានជាច្រើននៅតែបន្តយល់ថា PSG គឺជាក្លឹបយក្សមួយដ៏ធំនៅអឺរ៉ុបពោរពេញដោយសក្ដានុពល និងភាពប្រកួតប្រជែង។ យោងតាមការវិភាគមួយចំនួន ជាមួយនឹងធនធានដ៏សម្បូរបែប នាពេលណាមួយខាងមុខ ក្លឹបអាចនឹងសម្រេចក្ដីស្រមៃរបស់ខ្លួនជាមិនខានក្នុងការឈ្នះពាន Champions League ជាក់ជាមិនខាន៕