• 2015-03-25 15:51:09
  • បាល់ទាត់

វេស្ទើន​សម្រេច​ប្រើ​ U-19 ស្វាយ​រៀង​សម្រាប់​លីក​កម្ពុជា​រដូវ​កាល​នេះ

  • 2015-03-25 15:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​វេស្ទើន​យូនីអេស្វស៊ី​នឹង​ប្រើ​ប្រាស់​កីឡាករ​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ក្លិប​ស្វាយរៀង​សម្រាប់​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លីក​បាល់ទាត់​កំពូល​កម្ពុជា​នា​រដូវ​កាល​ឆ្នាំ​២០១៥​នេះ​ដោយ​សារ​ពុំ​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​សម្រាប់​ប្រើ​ប្រាស់​កីឡាករ​​​ផ្ទាល់​ខ្លួន។

 

លោក ឡៃ សុធា អ្នក​ចាត់ការ​ទូទៅ​​របស់​ក្លិប​វេស្ទើន​បាន​ប្រាប់​ថា សម្រាប់​លីក​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៥​នេះ វេស្ទើន​មិន​មាន​ក្រុម​កីឡាករ​ផ្ទាល់​ខ្លួន​សម្រាប់​ចូល​រួម​ប្រកួត​ឡើយ​ ដូច្នេះ​ក្លិប​របស់​លោក​នឹង​ប្រើ​កីឡាករ​ឈុត​ក្រោម​១៩​ឆ្នាំ​របស់​ក្លិប​ស្វាយរៀង​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​លីក​រដូវ​កាល​នេះ។

 

 ក្រុម U-19 ស្វាយរៀងហាត់​លើ​​​កីឡដ្ឋាន​វេស្ទើន (រូបថត វេស្ទើន)

 

លោក​បាន​លើក​ឡើង​ថា ៖«វេស្ទើន​​នឹង​ប្រើ​កីឡាករ​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ស្វាយ​រៀង​សម្រាប់​លីក​ឆ្នាំ​នេះ ប៉ុន្តែ​ប្រាក់​ចំណូល​ ឬ​ប្រាក់​ខែ​របស់​កីឡាករ​ទាំង​នោះ​មិន​មែន​វេស្ទើន​ជា​អ្នក​ចំណាយ​ទេ គឺ​ខាង​ស្វាយរៀង​ជា​អ្នក​ចំណាយ​ឲ្យ​កីឡាករ។ លើក​លែង​តែ​កីឡាករ​ចាស់​របស់​វេស្ទើន​ពីរ​បី​នាក់​ដែល​វេស្ទើន​នឹង​ផ្តល់​ប្រាក់​ឲ្យ​ពួក​គេ។ ក្លិប​យើង​មិន​មាន​​ចំណូល​សម្រាប់​ជួល​កីឡាករ​ទេ អីចឹង​យើង​មាន​តែ​ប្រើ​ជម្រើស​នេះ​សិន»។

 

លោក​បាន​បញ្ជាក់​ថា ពេល​វេស្ទើន​យក​ឈុត​១៩​ឆ្នាំ​របស់​ស្វាយរៀង​មក​ប្រើ​ប្រាស់​គឺ​គ្មាន​អ្វី​ទាស់​​នឹង​ក្រុម​ឈុត​ធំ​របស់​​ស្វាយរៀង​ឡើយ​ ពី​ព្រោះ​ឈុត​១៩​ឆ្នាំ និង​ឈុត​ធំ​គឺ​ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ វេស្ទើន​មិន​ទាន់​ពិភាក្សា​គ្នា​ជា​មួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នៅ​ឡើយ​ទេ។

 

រហូត​ដល់​ពេល​នេះ​ Sabay នៅ​មិន​អាច​ទាក់​ទង​ទៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ដើម្បី​បំភ្លឺ​ជុំ​វិញ​ការ​ប្រើ​ប្រាស់​យុវជន​អាយុ​១៩​ឆ្នាំ​របស់​​វេស្ទើន​ឡើយ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ វេស្ទើន​បាន​បង្ហាញ​ក្រុម​កីឡាករ​របស់​ខ្លួន​ហ្វឹកហាត់​នៅ​កីឡដ្ឋាន​ថ្មី​ជា​លើក​ដំបូង​ បន្ទាប់​ពី​កសាង​ហើយ​ ប៉ុន្តែ​នៅ​ពេល​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុម​កីឡាករ​នោះ​ជា​ឈុត​១៩​ឆ្នាំ​របស់​ស្វាយរៀង។

 

ឆ្នាំ​២០១៥​នេះ វិស័យ​កីឡា​បាល់ទាត់​នៅ​ស្រុក​ខ្មែរ​មាន​ការ​ប្រែ​ប្រួល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​ផ្នែក​វិជ្ជមាន​ និង​អវិជ្ជមាន​ពោល​គឺ​ក្លិប​ខ្លះ​កំពុង​បង្កើន​ទាំង​សមាជិក​ក្រុម​ គ្រូ​បង្វឹក​ និង​កីឡដ្ឋាន​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ក្រៅ​ដី និង​ក្នុង​ដី ខណៈ​ក្រុម​ខ្លះ​ក៏​​ស្ងប់​ស្ងាត់​រហូត​ដក​ខ្លួន​ចេញ​ពី​លីក​កំពូល​កម្ពុជា​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​កត់​សំគាល់៕

 

 កីឡដ្ឋាន​វេស្ទើន (រូបថត វេស្ទើន)

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់
អត្ថបទថ្មី