• 2015-01-13 23:22:02
  • ព័ត៌មាន

ថោង ខុន ស្រណោះ ហែម ថុន មិន​បាន​សម្រេច​បំណង​​​ដល់​ស៊ីហ្គេម ២០២៣

  • 2015-01-13 23:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សោកស្ដាយ​​អតីត​កីឡាករ​ហែល​ទឹក​ជើង​ចាស់​ គឺ លោក ហែម ថុន ជា​ខ្លាំង​ដែល​​​មិន​បាន​សម្រេច​បំណង​​បន្ត​ជីវិត​ដល់​​ពេល​​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម នៅ​ឆ្នាំ ២០២៣ ខាង​មុខ។

 

ឯកឧត្តម ថោង ខុន ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ព្រឹក​មិញ​នេះ

 

ថ្លែង​នៅ​មុខ​អ្នក​សារព័ត៌មាន​ក្នុង​​ឱកាស​ចូលរួម​ពិធី​បុណ្យ​សព​លោក ហែម ថុន ព្រឹក​មិញ​នេះ ឯកឧត្តម ថោង ខុន បាន​បន្ថែម​ថា លោក ហែម ថុន ធ្លាប់​ប្រាប់​ឯកឧត្ដម​ថា​​លោក​ចង់​​ឃើញ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ ៨ ឆ្នាំ​ខាង​​មុខ ព្រោះ​លោក​ធ្លាប់​ចូលរួម​កម្មវិធី​ 1st Asian GANEFO រួច​ហើយ​កាល​ពី​ឆ្នាំ ១៩៦៦។

  ឯកឧត្តម​ប្រធាន NOCC បាន​ចាត់​ទុក​លោក​ ហែម ថុន ជា​​ព្រឹទ្ធាចារ្យ​ក្នុង​វិស័យ​កីឡា​ដ៏​សំខាន់​មួយ​ព្រោះ​​លោក​ធ្លាប់​ផ្ដល់​គំនិត​​យោបល់ ក្នុង​ការ​អភិវឌ្ឍន៍ និង​កែ​ទម្រង់​វិស័យ​កីឡា​ជាតិ ជា​ពិសេស​លោក​គឺ​ជា​ក្បាល​ម៉ាស៊ីន​ដ៏​សំខាន់​ក្នុង​វិស័យ​កីឡា​ហែល​ទឹក។

 

រឿង ៣ សំខាន់​ដែល​លោក ហែម ថុន កំពុង​តែ​ធ្វើ​​តែ​​មិន​​ទាន់​បាន​សម្រេច​នោះ​​គឺ ទី១ លោក​បាន​ចំណាយ​ពេល​ចង​ក្រង​​សៀវភៅ​ឯកសារ​កីឡា​​ជាតិ​ពី​សង្គម​ចាស់។ ចំណែក​ទី២ លោក​​​បាន​សហការ​ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម កសាង​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​មួយ​នៅ​ខេត្ត​កំពង់ចាម និង ទី៣ លោក​​ដាក់​គម្រោង​ចង់​​ឱ្យ​កីឡា​ហែល​ទឹក​​​ឈ្នះ​មេដាយ​ថ្នាក់​តំបន់​អាស៊ាន។

 

សព្វ​ថ្ងៃ​លោក ហែម ថុន ជា​អគ្គលេខាធិការ​សហព័ន្ធ​​ខ្មែរ​​កីឡា​ហែល​ទឹក និង ជា​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ បើ​តាម​ថ្នាក់​ដឹកនាំ​កំពូល​​របស់​ស្ថាប័ន​កំពូល​លើ​ផ្នែក​កីឡា​ជាតិ ខាង​លើ សមាជិក​ប្រតិបត្តិ​របស់​ NOCC នឹង​ធ្វើការ​កោះ​ប្រជុំ​ដើម្បី​ស្វែង​រក​អ្នក​ធ្វើការ​ជំនួស​លោក ហែម ថុន ក្នុង​នាម​ជា​អគ្គលេខាធិការ​រង NOCC។ ចំណែក​តំណែង​​របស់​នៅ​ក្នុង​សហព័ន្ធ​​ខ្មែរ​កីឡា​ហែល​ទឹក នោះ​ទុក​​ឱ្យ​​សហព័ន្ធ​ដោះ​ស្រាយ​ខ្លួន​ឯង។

 

ក្នុង​ពិធី​បុណ្យ​សព​លោក ហែម ថុន ព្រឹក​នេះ​មាន​ការ​ចូលរួម​ពី​​ឯកឧត្តម ថោង ខុន ប្រធាន NOCC , ឯកឧត្តម​ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា, ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំយុវជន​និង​កីឡា, ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពានិជ្ជកម្ម និង ជា​​ប្រធាន​សហព័ន្ធ​​ខ្មែរ​កីឡា​ហែល​ទឹក ព្រម​ទាំង​មន្រ្តី​ក្រោម​​ឱវាទ​ជា​ច្រើន​រូប​ទៀត។

  លោក ហែម គីរី កូន​ប្រុស​​បង្កើត​​បាន​ប្រាប់​ថា​ឪពុក​​របស់​ខ្លួន​បាន​លាចាក​លោក​នៅ​ថ្ងៃ​ទី ១២ មករា ម្សិលមិញ​ដោយ​រោគាពាធ វេលា​ម៉ោង​៦:៤៥​នាទី​ល្ងាច ក្នុង​​អាយុ ៧៣ ឆ្នាំ។ ក្រុម​គ្រួសារ​នឹង​រៀបចំ​ពិធី​បុណ្យ ៧ ថ្ងៃ​នៅ​ថ្ងៃ​ទី ១៧ មករា ឆ្នាំ ២០១៥ នៅ​គេហដ្ឋាន​ អ៊ុក សាម៉ុច នៅ​ផ្ទះ​លេខ ១៨៩ ផ្លូវ​លំ ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិសែនជ័យ រាជធានី​ភ្នំពេញ៕  

 
 

 

  អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់
អត្ថបទថ្មី