• 2014-12-18 16:08:37
  • បាល់ទាត់

អ្នក​ចាត់​ការ​វេស្ទើន​ ឡៃ សុធា នឿយ​ណាយ​នឹង​បាល់ទាត់ ក្រោយ​ចាញ់​នៅ​ AUG

  • 2014-12-18 16:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​បាល់ទាត់​វេស្ទើន​យូនី​អេហ្វ​ស៊ី លោក ឡៃ សុធា​ បាន​បង្ហាញ​ពី​អារម្មណ៍​នឿយ​ណាយ​នឹង​បាល់ទាត់ បន្ទាប់​ពី​ក្រុម​របស់​លោក​មិន​ទទួល​បាន​ជ័យជម្នះ​ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ (Asean University Games 2014) នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

 

លោក ឡៃ សុធា បាន​ប្រាប់​ Facebook ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​លោក និង​កូន​ក្រុម​របស់​លោក​ស្ថិត​នៅ​ដោយ​គ្មាន​ធ្វើ​អ្វី​​ក្រៅ​ពី​ដេក​នៅ​ក្នុង​សណ្ឋាគារ និង​ញុំា​អាហារ បន្ទាប់​ពី​ក្រុម​របស់​លោក​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​ឈប់​ពី​ការងារ​បាល់ទាត់​ហើយ...ហើយ​បន្ទាប់​មក​ខ្ញុំ​គ្រាន់​តែ​តាម​ដាន​ពី​វិស័យ​បាល់ទាត់​នៅ​ស្រុក​ខ្មែរ និង​ប្រាប់​ទៅ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ឲ្យ​ដឹង​ពី​ក្លិប​បាល់ទាត់»។  

  លោក​បាន​បន្ថែម​ទៀត​ថា ៖«​ខ្ញុំ​ចង់​រស់​នៅ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ។ ប្រសិន​បើ​ខ្ញុំ​ចាក​ចេញ​ពី​បាល់ទាត់ ខ្ញុំ​អាច​នឹង​បើក​ហាង​លក់​សំលៀកបំពាក់​កីឡា​វិញ​ម្តង»។  

ពេល​សួរ​ពី​ហេតុ​ផល​ដែល​បណ្ដាល​ឲ្យ​​មាន​អារម្មណ៍​នឿយ​ណាយ និង​ចង់​​ចាក​ចេញ​ពី​ការងារ​ជា​អ្នក​ដឹក​នាំ​ក្លិប​វេស្ទើន​? អ្នក​ចាត់​ការ​ទូទៅ​រូប​​នេះ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​នោះ​ទេ​ដោយ​គ្រាន់​តែ​និយាយ​ថា ៖«​ខ្ញុំ​មាន​អារម្មណ៍​ធុញ​ថប់​នឹង​បាល់ទាត់»។  

ទោះ​ជា​យ៉ាង​ណា​ភាព​នឿយ​ណាយ​របស់​លោក​កើត​ឡើង បន្ទាប់​ពី​ក្រុម​របស់​លោក​បាន​ប្រកួត​ចាញ់​ទាំង​៣​ប្រកួត​គឺ​ចាញ់​ក្រុម​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ៤-១, ចាញ់​ក្រុម​ឥណ្ឌូណេស៊ី ៣-០ និង​ចាញ់​ក្រុម​ឡាវ ៣-១ នៅ​ក្នុង​ពូល B នៃ​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។  

​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៧​រៀប​ចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​២១ ខែ​ធ្នូ ឆ្នាំ​២០១៤​ដែល​រហូត​ដល់​ពេល​នេះ​ក្រុម​កីឡា​កម្ពុជា​មិន​ទាន់​ស្គាល់​មេដាយ​ណា​មួយ​នៅ​ឡើយ​ទេ៕  

អត្ថបទ៖ ជាន ចាន់រ៉ា

 

មតិយោបល់
អត្ថបទថ្មី