- 2024-09-13 12:06:49
- បាល់ទាត់
គ្រូ Liverpool ឆ្លើយអំពីរឿងកុងត្រាកីឡាករសំខាន់ៗរបស់ហង្សក្រហម
- 2024-09-13 12:06:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Liverpool ឆ្លើយអំពីរឿងកុងត្រាកីឡាករសំខាន់ៗរបស់ហង្សក្រហម
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Arne Slot ឆ្លើយរឿងកុងត្រារបស់កីឡាករសំខាន់ៗរបស់ហង្សក្រហមដូចជា ខ្សែប្រយុទ្ធ Mohammad Salah ខ្សែការពារ Virgil Van Dijk និងកីឡាករ Trent Alexander Arnold។ ទោះជាយ៉ាងណា លោកហាក់មិនទាន់មានចម្លើយជាក់លាក់អំពីករណីទាំងនេះ។
កុងត្រារបស់កីឡាករអេហ្ស៊ីបវ័យ ៣២ ឆ្នាំ Salah ខ្សែការពារហុល្លង់វ័យ ៣៣ ឆ្នាំ Van Dijk និងកីឡាករអង់គ្លេសវ័យ ២៥ ឆ្នាំ Arnold សុទ្ធតែផុតសុពលភាពនៅពាក់កណ្ដាលឆ្នាំក្រោយ។ រហូតមកដល់ពេលនេះ មិនទាន់ប្រភពច្បាស់លាស់ណាមួយអាចអះអាងថា ក្លឹបបានបើកការចរចាជាមួយកីឡាករទាំងបីនៅឡើយទេ រឿងចរចាកុងត្រាថ្មី។ ប្រភពខ្លះថា ក្លឹបកំពុងចរចាហើយជាមួយភាគីកីឡាករ តែមិនទាន់ត្រូវគ្នា។ ឯប្រភពខ្លះទៀតលើកឡើងថា មិនមានការចរចាណាមួយកំពុងកើតឡើងរវាងភាគីកីឡាករ និងភាគីក្លឹប។ បើនៅតែដូច្នេះ នៅទីផ្សារដោះដូរខែមករាខាងមុខ កីឡាករសំខាន់ទាំងបីមានសិទ្ធិចរចា និងចុះកុងត្រាទៅចូលរួមជាមួយក្លឹបដទៃ នៅពេលកុងត្រានៅ Liverpool បានបញ្ចប់។
ពេលសួរដោយអ្នកសារព័ត៌មានថារឿងតកុងត្រារបស់កីឡាករទាំងបីខាងលើដល់ណាហើយ លោក Slot បានលើកឡើងថា លោកមិនមានចម្លើយនឹងសំណួរនេះទេ។ អាទិភាពរបស់លោកនាពេលនេះ គឺធ្វើយ៉ាងណាឲ្យក្រុមរបស់លោកលេងបានដ៏ល្អបំផុត។
ទាំង Salah ទាំង Van Dijk ទាំង Arnold សុទ្ធតែជាកីឡាករដែលរួមចំណែកយ៉ាងសំខាន់ដល់ទម្រង់លេងរបស់ក្លឹប Liverpool ហើយជួយក្លឹបឈ្នះពានធំៗជាច្រើន នាមួយរយៈពេលចុងក្រោយ ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការលោក Jurgen Klopp ពីឆ្នាំ ២០១៥ ដល់ពាក់កណ្ដាល ២០២៤។ តាំងពីមកចូលរួមជាមួយ Liverpool កាលពីឆ្នាំ ២០១៧ មក Salah លេងសរុប ៣៥២ ប្រកួត និងស៊ុតចូល ២១៤ គ្រាប់។ ឯ Van Dijk បានបំពេញតួនាទីក្នុងទម្រង់លេងការពារល្អ តាំងពីមកបម្រើការឲ្យក្លឹបពីឆ្នាំ ២០១៧។ ដោយឡែក ខ្សែការពារស្លាប Arnold បានលេងឈុតធំឲ្យក្លឹបតាំងពី ២០១៦ មក ហើយគិតមកទល់ពេលនេះ កីឡាករអង់គ្លេសលេងសរុប ៣១៣ ប្រកួត និងស៊ុតចូល ១៩ គ្រាប់។
កង្វះព័ត៌មានពីក្លឹបហង្សក្រហមរឿងចរចាកុងត្រាថ្មីជាមួយកីឡាករទាំងបីខាងលើ បង្កការរិះគន់ពីសំណាក់អ្នកគាំទ្រខ្លះរបស់ Liverpool រួមទាំងសាម៉ីខ្លួនកីឡាករផ្ទាល់ ជាពិសេស Salah និង Van Dijk។ ពួកគេចង់ឲ្យក្លឹបបង្ហាញភាពច្បាស់លាស់ទៅលើជំហររបស់ខ្លួន ថាត្រូវទុក ឬមិនត្រូវទុកកីឡាករ ដើម្បីធានាដល់ការគិតគូរយូរអង្វែងអំពីសមត្ថភាពប្រកួតប្រជែងរបស់ក្លឹប ក៏ដូចជាផ្ដល់ការគោរពដល់កីឡាករទាំងបីដែលសុទ្ធសឹងរួមចំណែកដល់ភាពជោគជ័យរបស់ក្លឹបនាពេលកន្លងមក។
ទោះមានបញ្ហានេះក្ដី ក្លឹប Liverpool កំពុងបង្ហាញទម្រង់លេងល្អនាដើមរដូវកាល Premier League នេះ។ ក្លឹបលេង ៣ ប្រកួត ហើយឈ្នះទាំង ៣ ប្រកួតគិតមកទល់ពេលនេះ៕