• 2024-08-28 12:55:38
  • បាល់ទាត់

Chiesa សម្រេច​ចិត្ត​មក​លេង​នៅ​អង់គ្លេស

  • 2024-08-28 12:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Federico Chiesa ចូល​រួម​ជាមួយ​ក្លឹប​ហង្សក្រហម​ Liverpool។

ក្លឹប Liverpool និង​ក្លឹប Juventus បាន​ឯកភាព​គ្នា​រឿង​តម្លៃ​ផ្ទេរ​រួច​ហើយ ដែល​ស្ថិត​ក្នុង​រង្វង់ ១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ខាង​សាម៉ី​ខ្លួន Chiesa ក៏​យល់​ព្រម​ទាំង​ពេញ​ចិត្ត​ក្នុង​ការ​ចូល​រួម​ជាមួយ​ហង្ស​ក្រហម។ កីឡាករ​សញ្ជាតិ​អ៊ីតាលី​វ័យ ២៦ ឆ្នាំ គ្រោង​ហោះ​ទៅ​អង់គ្លេស​នា​ថ្ងៃ​នេះ ដើម្បី​ពិនិត្យ​សុខភាព និង​បំពេញ​ក្រដាស​ស្នាម​មួយ​ចំនួន មុន​ក្លាយ​ខ្លួន​ជា​កីឡាករ Liverpool ជា​ផ្លូវ​ការ។ បើមិន​មានអ្វីប្រែប្រួល​ទេ កីឡាកររូប​នេះ នឹង​ចុះ​កុងត្រារយៈ​ពេល ៤ ឆ្នាំ​ជាមួយហង្សក្រហម។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​លេច​លឺ​ដំណឺង​នេះ Chiesa បាន​និយាយ​ថា រូប​គេ​សប្បាយ​ចិត្ត​នឹង​ចូល​រួម​ជាមួយ​ហង្ស​ក្រហម និង​សូម​អរគុណ​ Juventus ចំពោះ​ពេល​វេលា​ល្អ​ៗ​កន្លង​មក។

តាម​ពិត​ទៅ បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​ជា​ច្រើន​ក្នុង​ដើម​សប្ដាហ៍​នេះ ខ្សែ​ប្រយុទ្ធ Chiesa មាន​ចេតនា​ចង់​ចូល​រួម​ជាមួយ​ក្លឹប​អេស្ប៉ាញ Barcelona។ ទោះ​ជា​យ៉ាង​ណា ដោយ​ក្លឹប​អ្នក​មាន​បុណ្យ កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ការ​ដេញ​ថ្លៃ​ផ្លូវ​ការ​ណា​មួយ​មិន​បាន​កើត​ឡើង។ ជាមួយ​គ្នា​នេះ​ដែរ ស្រាប់​តែ Liverpool ត្រូវ​បាន​រាយការណ៍​ថា​បាន​ក្លាយ​ជា​ក្លឹប​នាំ​មុខ ក្នុង​ការ​ប្រជែង​យក​កីឡាករ Chiesa។ ការ​ចរចា​មាន​សភាព​រហ័ស ពោល​គឺ​ប្រមាណ ៣ ថៃ្ង​ប៉ុណ្ណោះ គឺ​បិទ​បញ្ចប់​ការ​ផ្ទេរ​មួយ​នេះ។

Chiesa លេង​ឲ្យ Juventus ជាង ៥ ឆ្នាំ ហើយ​ជា​កីឡាករ​មាន​ទម្រង់​លេង​ដ៏​ល្អ​មួយ​រូប​ប្រចាំ​ក្លឹប។ កីឡាករ​លេង​សរុប ១៣១ លើក និង​ស៊ុត​ចូល ៣២ គ្រាប់។

ការ​ផ្ទេរ​ចូល Chiesa គឺ​ជា​ការ​ផ្ទេរ​ធំ​មួយ​របស់​ក្លឹប Liverpool ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ថ្មី Arna Slot។ ក្រៅ​ពី Chiesa ក្លឹប​ហង្សក្រហម​ទើប​នាំ​ចូល​បាន​សម្រេច​អ្នក​ចាំ​ទី​វ័យ ២៣ ឆ្នាំ Giorgi Mamardashvili ពី​ក្លឹប​អេស្ប៉ាញ Valencia។ កីឡាករ​រូប​នេះ​នឹង​មក​ចូល​រួម​ជាមួយ Liverpool នៅ​រដូវ​កាល​ក្រោយ។

Liverpool បាន​បើក​ឆាក​រដូវ​កាល​ Premier League ថ្មី ក្នុង​ទម្រង់​លេង​ល្អ។ គិត​មក​ទល់​ពេល​នេះ ក្លឹប​លេង ២ ប្រកួត និង​ឈ្នះ​ទាំង ២ លើក៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី