• 2024-06-05 08:25:00
  • បាល់ទះ

ច្បាស់ៗរឿង វឿន វាសនា បាន១០ម៉ឺនដុល្លារក្នុង១ឆ្នាំនៅក្លឹបជប៉ុនពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ

  • 2024-06-05 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា វឿន វាសនា ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បង្ហើបកាលពីពេលថ្មីៗថា​មានក្លឹប​នៅ​ជប៉ុនមួយចង់បានរូបគេ ដោយក្លឹបមួយនោះហ៊ានផ្ដល់ប្រាក់ខែ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្របាល់ទះកម្ពុជាចាប់អារម្មណ៍ជាខ្លាំង និងបានសាកសួរថាតើវាសនាអាចទៅប្រកបអាជីពនៅជប៉ុនឬបន្តនៅតៃវ៉ាន់?

ពាក់ព័ន្ធនឹងសំណួរនេះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យអ្នកសារព័ត៌មានដឹងពេលត្រឡប់មកពីតៃវ៉ាន់វិញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ថាក្លឹបនៅជប៉ុនពិតជាបានទាក់ទង វឿន វាសនា មែនដោយពួកគេហ៊ានផ្ដល់តម្លៃខ្លួនវាសនា១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែអ្វីដែលជាភាព​ស្រពិចស្រពិលនោះគឺកុងត្រា។ បើក្លឹបជប៉ុនផ្ដល់កុងត្រាដល់តារាឆ្នើមកម្ពុជាពី ៣ ទៅ ៥ ឆ្នាំនោះលោក​នឹង​ពិចារណា ប៉ុន្តែបើផ្ដល់កុងត្រាតែ១ឆ្នាំច្បាស់ណាស់នឹងមិនកើតមានឡើយ។

វឿន វាសនា

អគ្គលេខាធិការឆ្នើមនៃសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ​ បានមានប្រសាសន៍ថា ៖«...គាត់ (វាសនា) បានពិភាក្សាជាមួយខ្ញុំតើយើងគួរទៅលេងនៅជប៉ុន ឬបន្តនៅតៃវ៉ាន់? ចឹងតែមួយគត់ទេ ទៅជប៉ុនបាន១ឆ្នាំ១០ម៉ឺនក៏ពិតមែន ប៉ុន្តែមានភាពស្រពិចស្រពិលចំពោះកុងត្រា បើសិនកុងត្រាគាត់ឲ្យពេលវែង៣ឆ្នាំឬ៥ឆ្នាំ យើងនឹងពិចារណា ប៉ុន្តែបើជប៉ុនឲ្យតែមួយឆ្នាំ យើងសុំធ្វើការពិចារណាឡើងវិញ យើងសុខចិត្តនៅតៃវ៉ាន់ដែលមានប្រាក់ខែ១ខែជាង១ម៉ឺនដុល្លារ ១ឆ្នាំជិត១៥ម៉ឺនដុល្លារ រឿងអីយើងមិននៅតៃវ៉ាន់ ព្រោះកម្រិតលីគនៅតៃវ៉ាន់ក៏មិនក្រោមប៉ុន្មានដែរ ព្រោះតៃវ៉ាន់ក៏ធ្លាប់ឈ្នះជើងឯក Asian Cup ដែរតើ មិនមែនជាកោះមួយដែលអន់ណា!»។

គួរបញ្ជាក់ថា បច្ចុប្បន្នកីឡាករ វឿន វាសនា កំពុងលេងនៅក្លឹបបាល់ទះ Win Streak លីគកំពូលតៃវ៉ាន់។ រូបគេ​មានក្ដីបំណងចង់ទៅលេងបាល់ទះនៅលីគប្រទេសឥណ្ឌូណេស៊ី ជាពិសេសគោលដៅធំរបស់គេគឺទៅលេងនៅលីគជប៉ុន៕

អត្ថបទ៖ Um Sopheak

មតិយោបល់