- 2023-11-14 04:55:54
- កីឡាផ្សេងៗ
អ៊ំៗនៅ កំពង់ស្ពឺ មើលប្រណាំង GO-KART៖ ស្រៀវចង់បះរោម និងកាច់ចង្កេះតាមគេអ្នកបើក
- 2023-11-14 04:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ំៗនៅ កំពង់ស្ពឺ មើលប្រណាំង GO-KART៖ ស្រៀវចង់បះរោម និងកាច់ចង្កេះតាមគេអ្នកបើក
ចន្លោះមិនឃើញ
អ៊ំៗនៅខេត្តកំពង់ស្ពឺ ដែលបានមកទស្សនាផ្ទាល់ការប្រណាំងឡាន GO-KART កាលពីថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ២០២៣ នេះថារំភើបណាស់ មើលម្ដងៗស្រៀវចង់បះរោមហើយ ពេលខ្លះមានទាំងកាច់ចង្កេះតាមទៅទៀត។
អ៊ំស្រី ប៉ែន អ៊ីម ដែលបានមកទស្សនាការប្រណាំង GO-KART នៅទីលានយ៉ាម៉ាម៉ូតូ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មកចូលរួមទស្សនាការប្រកួតនៅទីនោះច្រើនដងមកហើយ ពោលឲ្យតែមានការប្រកួត។ បើនិយាយពីអារម្មណ៍វិញគឺអរណាស់ពេលកីឡាករខ្មែរឈ្នះ និងមានអារម្មណ៍ស្រៀវចង់ប៉ះរោមម្ដងៗ ស្របពេលខ្លះទៀតស្រៀវជំនួសអ្នកបើកប្រណាំងទៅទៀត។
ចំណែកអ៊ំស្រី ចៀម ឡៃ ដែលជាអ្នកគាំទ្រការប្រកួតមួយរូបដែរនោះបានលើកឡើងថា ចូលចិត្តការប្រណាំងនេះខ្លាំងណាស់ ប្លែកភ្នែក ដែលតាំងពីក្មេងៗមកមិនដែលបានឃើញទិដ្ឋភាពបែបនេះទេ។
អ៊ំស្រីវ័យខ្ទង់ ៦០ឆ្នាំខាងលើបន្ថែមទៀតថា អារម្មណ៍គឺនៅជាមួយអ្នកបើកតែម្ដង ពិសេសពេលកីឡាករកាច់ចង្កេះពេលខ្លះភ្លេចខ្លួនក៏កាច់ជាមួយគេដែរ។ ពេលខ្លះទៀតកីឡាករបើកមកដល់នៅហ្នឹងមុខក៏ភ្លេចខ្លួនស្រែកប្រាប់បើកឲ្យលឿនព្រោះជិតទាន់គេហើយ។ ក្នុងនាមជាអ្នកស្រឡាញ់កីឡាប្រណាំងរថយន្តម្នាក់សំណូមពរឲ្យរៀបចំការប្រកួតឲ្យបានច្រើនទៀតដើម្បីបានទស្សនាកម្សាន្តអារម្មណ៍ពេលសម្រាកពីប្រកបរបររកស៊ី។ អ៊ំស្រី ក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលបានអភិវឌ្ឍន៍ក្នុងតំបន់កសិទេសចរណ៍ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នេះឲ្យមានភាពរីកចម្រើន អ៊ូអរ។
បញ្ជាក់ដែរថា បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រណាំង GO-KART IAME Series Asia ជាការប្រកួតអន្តរជាតិលើកទី១ ហើយនៅកម្ពុជា។ ការប្រកួតនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីលានប្រណាំងយានយន្ត យ៉ាម៉ាម៉ូតូ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍នេះរៀបចំដោយ SPEEDSTER KART CLUB CAMBODIA ក្រោមការចូលរួមចំណែកឧបត្ថម្ភរបស់ ប្រេងរំអិល ELF និង ប្រេងឥន្ធនៈ Excellium 95 Euro 4 នៃក្រុមហ៊ុន TotalEnergies រួមជាមួយបណ្ដាក្រុមហ៊ុនផ្សេងៗទៀត៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB