• 2014-11-26 16:46:42
  • បាល់ទាត់

វេស្ទើន​​​មិន​មាន​កីឡាករ​បរទេស​​ទៅ​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន

  • 2014-11-26 16:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​វេស្ទើន​មិន​មាន​កីឡាករ​បរទេស​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ក្រុម​ដើម្បី​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​សាកល​វិទ្យា​ល័យ​អាស៊ាន​ទេ​ដោយ​សារ​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​អ្នក​កំណត់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឡាយ សុធា អ្នក​ចាត់​ការ​ក្លិប​សាកល​វិទ្យាល័យ​មួយនេះ។

 

លោក ឡាយ សុធា បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ​បាន​កំណត់​មិន​ឲ្យ​បញ្ចូល​កីឡាករ​បរទេស​ក្នុង​ក្រុម​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​ឡើយ។ ការ​កំណត់​នេះ​គឺ​ដើម្បី​ប្រើ​ប្រាស់ និង​ពង្រឹង​សមត្ថភាព​កីឡាករ​ក្នុង​ស្រុក​​ពិតៗ។ ទោះ​ជា​យ៉ាង​ណា​​ខាង​ក្រសួង​មិន​បាន​បញ្ជាក់​ថា​តើ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​​មិន​មាន​កីឡាករ​បរទេស​ឬ​យ៉ាង​នោះ​ទេ។

 

លោក​បាន​និយាយ​ថា ៖«ខ្ញុំ​អត់​ដឹង​ច្បាស់​ដែរ មិន​ដឹង​ថា​ក្រុម​សាកល​វិទ្យាល័យ​ពី​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ាន​អត់​មាន​កីឡាករ​បរទេស​ឬ​យ៉ាង​ណា​នោះ​ទេ ពី​ព្រោះ​ខាង​ក្រសួង​អត់​មាន​បញ្ជាក់​ប្រាប់​ផងគឺ​គ្រាន់តែ​ប្រាប់​ថា មិន​ឲ្យបញ្ចូល​កីឡាករ​បរទេស​ពេល​ទៅ​ចូល​រួម​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​នៅ​ឥណ្ឌូណេស៊ី»។

វេស្ទើន ប្រកួត​មិត្តភាព​នឹង​ណាហ្គាខប

និយាយ​ពី​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​វេស្ទើន​យូនីអែហ្វស៊ី​ នៅ​ដើម​រដូវ​កាល​នេះ​វិញ​ ហាក់​ធ្វើ​បាន​ល្អ​ប្រសើរ​ច្រើន​ ហើយ​លទ្ធផល​ឈ្នះ​ និង​ស្មើ​​ មិន​ដែល​ចាញ់​កន្លង​មក​គឺ​ជា​ទុន​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជម្រុញ​ទឹក​ចិត្ត​ដល់​​កីឡាករ​​ដើម្បី​បោះ​ជំហាន​ទៅ​ប្រជែង​យក​ជើង​ឯក​កីឡា​បាល់​ទាត់​សាកល​វិទ្យាល័យ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នា​ខែ​ធ្នូ​ខាង​មុខ​នេះ។

 

ថ្នាក់​ដឹកនាំ​ក្លិប​មួយ​នេះ​​​បាន​ប្រាប់​ថា លទ្ធផល​ប្រកួត​មិត្តភាព​មិន​ដែល​ចាញ់កន្លង​មក​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ក្រុម​ទៅ​ប្រជែង​​យុទ្ធនាការ​ពាន​សាកល​វិទ្យាល័យ​អាស៊ាន។

 

បន្ទាប់​ពី​ត្រឡប់​មក​ពី​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​ក្រុម​សាកល​វិទ្យាល័យ​មួយ​នេះ​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សម្ដេច​ហ៊ុន​សែន​នៅ​ដើម​ខែ​មករា​ ឆ្នាំ​២០១៥​ ខាង​មុខ​ ហើយ​ក៏​ឈាន​ចូល​ដល់​លីក​រដូវ​កាល​២០១៥​​ផង​ដែរ។

 

លទ្ធផល​ប្រកួត​មិត្តភាព​បី​ប្រកួត​កន្លង​មក៖

វេស្ទើន ១-០ អគ្គស្នងការ​នគរ​បាលជាតិ (ប៉ូលិស)

វេស្ទើន ០-០ ណាហ្គាខប

វេស្ទើន ០-០ Albirex Niigata Phnom Penh

 

ដោយ​ឡែក​ ថ្ងៃ​ស្អែក​នេះ​ វេស្ទើន​ នឹង​ត្រូវ​សាក​ជើង​ជាមួយ​ក្រុម​​ត្រាយអាស៊ី​ វេលា​ម៉ោង​៤​រសៀល​ នៅ​កីឡដ្ឋាន​ស្តាត​ចាស់៕

 

អត្ថបទ៖ អៀង សូទ្រី

រូបថត៖ ក្លិបវេស្ទើនយូនីអែហ្វស៊ី

មតិយោបល់