• 2021-11-04 03:08:55
  • បាល់ទះ

ស្មាត់ ប៉ា កំពុងទទួលបានការសរសើរពីអ្នកគាំទ្របាល់ទះ

  • 2021-11-04 03:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយយកឈ្នះលើអធិរាជប្រអប់ស្មាត់ រាជ វិចិត្រ និង​លោក​ហុង​ប៉ះសេ​រហូតដល់​២​សិត​ថ្មីៗ​នេះ​ ស្មាត់មានដើមកំណើតនៅខេត្តពោតិ៍ វ៉ាន់ ទូច ហៅ ប៉ា ទទួលបានការកោតសរសើរថា​ល្អ​មិ​ន​ដាច់​ពី​មាត់​ ពីអ្នកគាំទ្រនិង​ស្នេហា​វិស័យកីឡាបាល់ទះ​នៅ​កម្ពុជា​។

​ពេលចោទសួរ​ថា តើអ្នកយល់យ៉ាងណាចំពោះស្មាត់ប៉ា ហើយ​ស្មាត់រូប​នេះ​មានចំណុចល្អអ្វីខ្លះ?

ក្រុមអ្នកគាំទ្របាល់ទះបានលើកឡើងពីមតិយោបល់របស់ពួកគេរៀងៗខ្លួន។ អ្នកគាំទ្រម្នាក់ឈ្មោះ សំណព្វចិត្ត បានលើកឡើងថា ស្មាត់ប៉ាល្អណាស់ វ៉ៃលើបាំងរាជសុទ្ធ ប្រអប់ក៏ច្បាស់។ អ្នកគាំទ្រឈ្មោះ ផានណា ថាស្មាត់ប៉ាម៉ាត់ដាច់ល្អ សេវាធ្ងន់ វាយឆ្វេងស្ដាំបានយ៉ាងល្អ។ ចំណែកអ្នកគាំទ្រឈ្មោះ យឹង សុជាតិ ថាស្មាត់រូបនេះល្អមួយចប់ លេងបានគ្រប់រ៉ូល និងមានមតិសរសើរល្អៗជាច្រើនទៀត។

ទោះបីជាយ៉ាណា ក៏មានមតិខ្លះលើកឡើងដែរថា ស្មាត់ប៉ានៅខ្ចីត្រូវខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនកាន់តែល្អនៅថ្ងៃមុខ។

អ្នកគាំទ្រម្នាក់ឈ្មោះ ចារកិច្ចកីឡា បានបង្ហាញទស្សនៈថា សមត្ថភាពស្មាត់ប៉ាមិនជាខ្លាំងណាស់ណាទេ ព្រោះមិនទាន់បានតទល់៣ស្មើ ជាមួយ​អេគីប​ដាវញី​ឈ្មោល អេគីបអធិរាជប្រអប់ អេគីបឥន្ទ្រីពិឃាដ អេគីបយន់ស្រែៗ និង​អេគីប​កូននាគស្លាបហង្ស។

ចារកិច្ចកីឡា បានបញ្ជាក់បែបនេះ ៖«ក្នុងចំណោមអេគីបហ្ស៊ីនប្រាំក្រុមនេះ បើស្មាត់ប៉ាឆ្លងផុតបាន៣ក្រុម ខ្ញុំគិតថាសមត្ថភាពគាត់ឈានដល់កម្រិតAហើយ!»។

ចំណែកអ្នកលេងហ្វេសប៊ុកឈ្មោះ យមរាជ ឯកា បានឱ្យ​ដឹងថា លោកចង់ឃើញ​ក្រុមពេញសាច់ស្មាត់ប៉ា ប៉ះក្រុមពេញសាច់របស់រាជ មានយុន និងលោកហុងប៉ះសេ។

អ្នកលេងហ្វេសប៊ុកដដែល បានទម្លាយថា ៖«គាត់ល្អក្នុងលំដាប់គាត់ សម្រាប់តទល់នឹងស្មាត់ធំៗទល់តែគេតឱ្យគាត់ពេញសាច់ ខាងតនោះស្ទើរទៀតបានលេងកើត តែបើតហើយពេញសាច់ដូចគ្នានោះទើបល្អលេង ហើយអាចដឹងកាន់តែច្បាស់ថាគាត់ល្អប៉ុណ្ណា។ ចង់ឱ្យ៤គីបពេញសាច់គាត់ ប៉ះរាជយុនបងហុង ពេញសាច់ដូចគ្នា នោះដឹងតែកក្រើកម៉ង»។

បន្ទាប់ពីមានការបញ្ចេញមតិជាហូរហែ លោកហុងដែលជាអ្នកប៉ះសេរបស់ស្មាត់រាជ បានបង្ហោះលើហ្វេសប៊ុក​ខ្លួន​ថា ចង់ឱ្យ​បួនរបស់ស្មាត់ប៉ាជួបជាមួយក្រុមពេញសាច់របស់​លោកមាន យុនស្រែស្រែ អធិរាជប្រអប់ស្មាត់រាជ និងរូបលោកផ្ទាល់។ តែយ៉ាងណាមិនទាន់មានការឆ្លើយតបពីស្មាត់ប៉ានៅឡើយទេ។

គួរ​បញ្ជាក់​ថា វ៉ាន់ ទូច ហៅ​ស្មាត់​ប៉ា ក៏​បាន​ចូល​រួម​ប្រកួត​បាល់ទះ​ផ្លូវ​ការ​បួន​ស្មើ Special Volleyball Challenge 2021 ដែរ​ដោយ​គេ​លេង​ឱ្យ​ក្រុម​កោះដាច់ ប៉ុន្តែ​មិន​ទទួល​បានជ័យ​ជម្នះ​ឡើយ ខណៈ​លេខ​១​បាន​លើ​ក្រុម​បាល់ទះ​វិសាខា លេខ​២ PS Concrete និង​លេង​៣​ក្រសួង​មហាផ្ទៃ។ ដោយ​ឡែក​ក្រុម​ អធិរាជ​ប្រអប់ ឈ្នះ​ពាន​រង្វាន់​​ក្រុម​លេង​ដោយ​យុទ្ធិធម៌​ជាង​គេ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់