• 2020-10-19 09:49:04
  • បាល់ទាត់

Kagawa ពី​កីឡាករ​អាស៊ី​លំដាប់​លេខ​១ បច្ចុប្បន្ន​ធ្លាក់​ខ្លួន​គ្មាន​ក្លឹប​លេង

  • 2020-10-19 09:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២០១០-១១ ជា​រដូវ​កាល Shinji Kagawa ចាប់​ផ្ដើម​លេចកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ក៏​ដូច​ជា​ពិភពលោក ដោយ​កាល​នោះ​គេ​ជា​កីឡាករ​របស់​ក្លឹប Borussia Dortmund។

Dortmund បាន​ចំណាយ​ត្រឹម​តែ​៣៥​ម៉ឺន​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​ការ​នាំ Kagawa មក​កាន់​ទឹក​ដី​អាល្លឺម៉ង់ ពី​ក្លឹប​ក្នុង​លីគ​កំពូល​ជប៉ុន Cerezo Osaka ក្នុង​ឆ្នាំ​២០១០។ ក្នុង​រដូវ​កាល​ដំបូង​នៅ​​តំបន់​អឺរ៉ុប​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jurgen Klopp កីឡាករ​សញ្ជាតិ​ជប៉ុន​បាន​ជួយ​ Dortmund លើក​ពាន Bundesliga ហើយ​ថែម​ទាំង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​​១១​នាក់​ល្អ​ប្រចាំ​រដូវ​កាល​ទៀត​ផង។

រដូវ​កាល​២០១១-១២ ភាព​ល្បីល្បាញ​របស់ Kagawa កាន់​តែ​កើន​ឡើង​ៗ​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​ប្រកួត​ក្នុង​លីគ​និង បន្ត​ជួយ​ក្រុម​ឈ្នះ​ពាន​២​គឺ Bundesliga និង DFB-Pokal។ ភាព​ល្អ​ទាំង​នេះ​ហើយ​បាន​ទាក់​ចិត្ត​​លោក Sir Alex Ferguson សម្រេច​ទិញ Kagawa មក​កាន់ Manchester United ក្នុង​ឆ្នាំ​២០១២ នូវ​តម្លៃ​ខ្លួន​១២​លាន​ផោន។

ពេល​នោះ​គេ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ជប៉ុន​ទី​មួយ ដែល​បាន​ចូលរួម​ជាមួយ​ United។ រដូវ​កាល​​ដំបូង Kagawa បាន​បង្ហាញ​ខ្លួន​ច្រើន​គួរ​សម​ឲ្យ​បិសាច​ក្រហម ២០​ប្រកួត​ក្នុង​លីគ​​ ទាត់​បញ្ចូល​ទី​៦​គ្រាប់។ អនាគត​របស់​កីឡាករ​រូប​​នៅ​ទឹក​ដី​អង់គ្លេស​ចាប់​ផ្ដើម​ងងឹត បន្ទាប់​ពី​លោក David Moyes ចូល​មក​កាន់​តំណែង​ជំនួស​លោក Ferguson និង​ទិញ​យក​កូន​ចៅ​ចាស់ Morouane Fellaini។

រដូវ​កាល​២០១៣-១៤ ភាគ​ច្រើន​អង្គុយ​ជា​កីឡាករ​បម្រុង Kagawa លេង​បាន​តែ​១៨​ប្រកួត​គត់​ក្នុង​លីគ និង​​មិន​បាន​ទាត់​ចូល​សូម្បី​មួយ​គ្រាប់។ កត្តា​នេះ​បាន​ជម្រុញ​ឲ្យ​ Kagawa សម្រេច​ត្រឡប់​ទៅ​កាន់ Dortmund វិញ​ក្នុង​តម្លៃ​ខ្លួន៦,៥​លាន​ផោន។

ចំណាយ​ពេល​៥​រដូវ​កាល​​ជាមួយ Dortmund សមត្ថភាព​របស់ Kagawa មិន​ល្អ​ដូច​មុន​ឡើយ ពោល​លេង​មិន​សូវ​បាន​ពេញ​លេញ​ឡើយ។ ជាពិសេស​នៅ​រដូវ​កាល​ចុងក្រោយ​២០១៨-១៩ គេ​លេង​ទើប​​​បាន​តែ​៣​ប្រកួត​ តែ​​ក្លឹប​​សម្រេច​ឲ្យ​គេ​ខ្ចី​ជើង​ទៅ​ក្លឹប Besiktas ក្នុង​លីគ​កំពូល​ប្រទេស​ទួរគី។

ក្រោយ​បញ្ចប់​ការ​ខ្ចី​ជើង ​រដូវ​កាល​២០១៩-២០Kagawa បាន​សម្រេច​ចុះ​កុងត្រា​ជាមួយ​ក្លឹប Real Zaragoza ដែល​លេង​នៅ​លីគ​ទី​២​របស់​អេស្ប៉ាញ ក្នុង​កុងត្រា​រយៈពេល​២​ឆ្នាំ។ ប៉ុន្តែ​បន្ទាប់​ពី​ Zaragoza ប្រកួត​ចាញ់​ក្នុង​​វគ្គ​ជម្រុះ​ដើម្បី​ឡើង​មក​ La Liga ពួក​គេ​បាន​បញ្ចប់​កុងត្រា​ជាមួយ Kagawa នៅ​ថ្ងៃ​ទី ២ ខែ តុលា ឆ្នាំ ២០២០។ បច្ចុប្បន្ន Shinji Kagawa មិន​ទាន់​មាន​ក្លឹប​លេង​នៅ​ឡើយ​ទេ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់