• 2020-03-20 08:46:47
  • បាល់ទាត់

Man Utd ត្រៀម៥០លាន​ផោន​ ប្រជែង​យក Aubameyang

  • 2020-03-20 08:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​​ថា បាន​ត្រៀម​កញ្ចប់​ទឹកប្រាក់៥០​លាន​ផោន ដើម្បី​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang។

កីឡាករ Aubameyang ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​ការ​ចាកចេញ ពី​ក្រុម​លោក Mikel Arteta ខណៈក្លឹប​ Arsenal របស់​ពួកគេ​ បាន​ធ្លាក់​ចេញ​ពី​ Europa League និង​ឈរ​នៅ​លេខ​រៀង​ទី​៩​​ក្នុង​តារាងចំណាត់ Premier League នា​ពេល​បច្ចុប្បន្ន។ ​

តាម​ពិត​ទៅ​កុង​ត្រា​របស់ Aubameyang ជាមួយ Arsenal បញ្ចប់​នៅ​ឆ្នាំ​២០២១​ឯណោះ​ទេ ប៉ុន្តែ​ប្រធាន​ក្លឹប​យល់​ថា កីឡាករ​រូប​នេះ ​បែប​នឹង​មិន​បន្ត​កុង​ត្រា​របស់​ខ្លួន​ទៀត​ទេ ដែល​ជា​ឱកាស​ល្អ​សម្រាប់​លោក Ole Gunnar Solskjaer ប្រជែង​យក​ទៅ Manchester United។

ក្រុម​កាំភ្លើង​ធំ បាន​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុងមក​ពី​ Borussia Dortmund ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​របស់​ក្លឹប គឺ ៥៦ លាន​ផោន កាល​ពី​ខែ​មករា ឆ្នាំ​២០១៨។

ក្រៅ​ពី​ក្រុម​បិសាចក្រហម ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង​ Paris Saint-Germain ក៏​ត្រូវ​បាន​គេ​គិត​ថា ចាប់​អារម្មណ៍​ចង់​ចុះ​កុងត្រា​ នាំ​យក​​កីឡាករ​រូប​នេះ​ដែរ។

ងាកមក Manchester United ជាថ្មី កាល​ពី​ខែ​មករា ក្លឹបបាន​​ខ្ចីជើង​កីឡាករ Odion Ighalo មក​ពី​ក្លឹប Shanghai Greenland Shenhua ប្រទេស​ចិន បន្ទាប់​បរាជ័យ​នាំ​យក​កីឡាករ Josh King របស់ Bournemouth។ Ighalo ពិត​ជា​ធ្វើ​បាន​ល្អ​នៅ Old Trafford ប៉ុន្តែ​​មិន​ច្បាស់​ថា រូប​គេ​អាចនៅ​បាន​យូរ​ប៉ុណ្ណា​ឡើយ។ ក្លឹប​មិន​ទាន់​រក​ឃើញ​​នរណា​ម្នាក់ ដែល​​អាច​ជំនួស​តំណែង Romelu Lukaku បាន​ទេ ខណៈ Marcus Rashford និង Anthony Martial កំពុង​មាន​របួស​ក្នុង​រដូវកាលនេះ។

ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ Aubameyang រក​បាន​២០​គ្រាប់​ គ្រប់​ការប្រកួត​ ក្រោយ​បង្ហាញ​ខ្លួន​ ៣១​លើក​ឱ្យ​ក្រុម​កាំភ្លើង​ធំ ក្នុង​រដូវកាល ២០១៩-២០២០។

មាន​កីឡាករ​ជាច្រើន​របស់ Arsenal ដែល​នឹង​ផុត​កុងត្រា​ឆ្នាំ​២០២១ ដែល​ពួកគេ​ទាំង​នោះ​រួម​មាន Mesut Ozil, Bukayo Saka, Shkodran Mustafi និង Reiss Nelson៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់